សម្ដេចតេជោ៖ កម្ពុជា បានប្រគល់ជំនួយជាគ្រឿងបរិក្ខារពេទ្យជូនប្រទេសមីយ៉ាន់ម៉ារួចហើយ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តំណាងរបស់សម្តេច បានប្រគល់គ្រឿងបរិក្ខារពេទ្យដែលជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា ជូនដល់ប្រទេសមីយ៉ាន់ម៉ារួចហើយ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩។
គ្រឿងបរិក្ខារដែលរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា ឧបត្ថម្ភទៅមីយ៉ាន់ម៉ានេះ រួមមាន៖ ម៉ាស់ចំនួន ៣លាន, ឧបករណ៍តេស្ដរហ័ស ចំនួន ៥០០,០០០, សំលៀកបំពាក់សុវត្ថិភាព PPE ចំនួន ២,០០០, ឈុតម៉ាស៊ីនផលិតអុកស៊ីហ្សែនស្វ័យប្រវត្តិចំនួន១០០គ្រឿង, ម៉ាស៊ីនជំនួយដកដង្ហើមចំនួន ២០គ្រឿង និងម៉ាស៊ីនតាមដានសញ្ញា ជីវិតចំនួន ២០គ្រឿង។ ក្រៅតែពីការផ្តល់ជាជំនួយបរិក្ខារពេទ្យនេះទៅ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានឧបត្ថម្ភថវិកាប្រមាណ ២០ម៉ឺនដុល្លារ ជូនប្រទេសមីយ៉ាន់ម៉ាផងដែរ។ កម្ពុជា ក៏បានផ្តល់ថវិកាប្រមាណ ១០ម៉ឺនដុល្លារ តាមរយៈសហគមន៍អាស៊ាន ជូនមីយ៉ាន់ម៉ាផងដែរ។
សម្ដេចតេជោ បន្តថា ជាមួយគ្នានោះ ដើម្បីរួមចំណែកជួយដោះស្រាយការលំបាករបស់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ាពីវិបត្តិជំងឺកូវីដ១៩នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារជូនដល់កាកបាទក្រហមមីយ៉ាន់ម៉ាផងដែរ។ សម្ដេចបញ្ជាក់ថា កម្ពុជា ដ្បិតតែជាប្រទេសតូច ហើយស្ថានភាពសេដ្ឋកិច្ចនៅមានកម្រិតយ៉ាងណាក្តី តែស្មារតីនៃការចូលរួមក្នុងសហគមន៍ ធម៌មេត្តា និងមនោសញ្ចេតនាក្នុងការជួយរំលែកការលំបាកនានា មានលំហរធំទូលាយ ដែលជាវប្បធម៌ដ៏មហស្ចារ្យនៃជាតិសាសន៍នៅអាស៊ីមួយនេះ។
សូមជម្រាបថា កាលពីខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តល់ម៉ាស់ប្រមាណ ២លានម៉ាស់ និងបរិក្ខារពេទ្យមួយចំនួនទៅកាន់ប្រទេសមីយ៉ាន់ម៉ាផងដែរ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩។ ក្រៅតែពីប្រទេសមីយ៉ាន់ម៉ា កម្ពុជា ក៏បានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាមួយប្រទេសសមាជិកអាស៊ាន និងមិនមែនសមាជិកអាស៊ានមួយចំនួនទៀតផងដែរ។ ក្នុងនោះកាលពីខែកក្កដា ឆ្នាំ២០២១ សម្តេចតេជោ បានឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ និងម៉ាសចំនួន ១លាន ១សែនម៉ាស់ ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន ១០០គ្រឿង ជូនទៅរដ្ឋាភិបាលវៀតណាម។ កាលពីឆ្នាំ២០២០ សម្តេចតេជោ ក៏បានឧបត្ថម្ភម៉ាស់ និងបរិក្ខារពេទ្យទៅកាន់ប្រទេសឡាវ នេប៉ាល់ និងទីម័រផងដែរ៕






