សវនាការបណ្ដឹងសាទុក្ខលើសំណុំរឿង០០២/០២
សវនាការបណ្ដឹងសាទុក្ខរបស់អតីតមេដឹកនាំខ្មែរក្រហម លោក ខៀវ សំផន ជាសវនាការសាធារណចុងក្រោយរបស់មេដឹកនាំខ្មែរក្រហម ធ្វើឡើងដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬ សាលាក្តីខ្មែរក្រហម។ បណ្តឹងសារទុក្ខនេះធ្វើឡើង បន្ទាប់ពីសាលាដំបូងបានកាត់ទោស ឱ្យ ខៀវ សំផន ជាប់ពន្ធនាគារអស់មួយជីវិត កាលពីឆ្នាំ២០១៨ ក្រោមបទចោទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងបទល្មើសធ្ងន់ធ្ងរផ្សេងៗទៀត។
នៅក្នុងបណ្ដឹងសាទុក្ខរបស់ខ្លួន ជនជាប់ចោទ ខៀវ សំផន បានដាក់សំណើចំនួន ៣ ចំណុច ទៅកាន់តុលាការ រួមមាន៖ ទី១ ជាចម្បង ធ្វើមោឃភាពសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូងដែលបានប្រកាសនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយសំអាងហេតុពីការរំលោភលើវិធានផ្ទៃក្នុង, ទី២ ជាបន្ទាប់បន្សំ ធ្វើមោឃភាពសាលក្រមពីការគ្មានពិរុទ្ធភាពចំពោះបទចោទនីមួយៗ និងទី៣ ជាបន្ទាប់បន្សំបំផុត កែប្រែការផ្ដន្ទាទោស និងប្រកាសដាក់ទោសឱ្យជាប់ពន្ធនាគារក្នុងរយៈពេលកំណត់មួយ៕