ឡាវនឹងបើកសាលារៀនឡើងវិញ ខែក្រោយ
ប្រទេសឡាវបានសម្រេចបើកសាលារៀនឡើងវិញ ចាប់ពីដើមខែក្រោយ ហើយបានអំពាវនាវឲ្យមាតាបិតានិងអាណាព្យាបាលបញ្ជូនកូនមកសាលារៀនតាមកាលវិភាគកំណត់ នេះបើតាមការផ្សាយរបស់ សារព័ត៌មានឡាវ The Laotian Times នាថ្ងៃទី២០ សីហានេះ។
ក្រសួងអប់រំឡាវបានបញ្ជាក់ដែរថា មុនសាលាត្រូវបើកឡើងវិញ ទាំងស្រុង គ្រូបង្រៀន និងបុគ្គលិកទាំងអស់ក្នុងវិស័យអប់រំជារួមត្រូវអនុវត្តតាមលក្ខខណ្ឌទទួល វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ជាមុនសិន។ យ៉ាងណាក៏ដោយ សាលាមួយចំនួនមិនអាចចាប់ផ្តើមដំណើរការឡើងវិញត្រឹមដើមខែក្រោយឡើយ ដោយសារទីតាំងទាំងនោះត្រូវបានប្រើប្រាស់ជាកន្លែងចត្តាឡីស័កសម្រាប់ពលករមកពីប្រទេសថៃ។
ឡាវបន្តរកឃើញករណីឆ្លងថ្មីច្រើន ប៉ុន្មានថ្ងៃចុងក្រោយនេះ។ សម្រាប់របាយការណ៍ថ្ងៃនេះ ឡាវប្រកាសរកឃើញ៤៤០នាក់ទៀត ស្លាប់មនុស្ស២នាក់៕