អគ្គលេខាធិការ សហព័ន្ធកីឡាលើកទម្ងន់ អះអាងថា ពហុកីឡដ្ឋានមរតកតេជោ គឺជាជំរុំហ្វឹកហាត់ដ៏ល្អសម្រាប់អត្តពលិកបង្កើនកម្រិតបច្ចេកទេស
លោក សំ សុខយី អគ្គលេខាធិការ សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានបញ្ជាក់ថា ពហុកីឡាដ្ឋានមរតកតេជោ គឺជាជំរុំហ្វឹកហាត់ដ៏ល្អដល់អត្តពលិកបង្កើនកម្រិតបច្ចេកទេស សម្រាប់ការប្រមូលផ្តុំ នាអំឡុងខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ ដើម្បីត្រៀមចូលរួមប្រជែងមេដាយ ស៊ីហ្គេម នៅវៀតណាម នាឆ្នាំ២០២២ ។

អគ្គលេខាធិការរូបនេះ បានគូសបញ្ជាក់ថា កន្លែងហ្វឹកហាត់ថ្មី មានលក្ខណៈធំទូលាយ ត្រូវស្តង់ដារ អាចដាក់ឧបករណ៍ហ្វឹកហាត់គ្រប់កម្រិត បង្កភាពងាយស្រួលសម្រាប់ជម្រើសជាតិបង្កើនសមត្ថភាព ។

លោក សំ សុខយី អះអាងថា ទីលានត្រូវស្តង់ដារ នឹងត្រឹមត្រូវតាមក្បួនបច្ចេកទេស វាកាន់តែជម្រុញឲ្យអត្តពលិកជម្រើសជាតិលើកទម្ងន់កម្ពុជា មានសង្ឈឹមខ្ពស់ ក្នុងការប្រជែងដណ្តើមបានមេដាយពីការប្រកួតស៊ីហ្គេម នៅវៀតណាម សម្រាប់វត្តមានលើកដំបូងរបស់សហព័ន្ធកីឡាលើកទម្ងន់ ពិសេសការពង្រឹងសមត្ថភាពឲ្យកាន់តែមានសក្តានុពល ក្នុងដំណើរទោធ្វើជាម្ចាស់ផ្ទះព្រឹត្តការណ៍ កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅកម្ពុជា ។

សូមជម្រាបថា ព្រឹត្តការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម ឆ្នាំ២០២២ខាងមុខនេះ សម្រាប់សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា គឺជាការបង្ហាញវត្តមានលើកដំបូង ។ ប៉ុន្តែសហព័ន្ធបានដាក់ទិសដៅប្រជែងមេដាយឲ្យបាន១គ្រឿង រីឯស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សហព័ន្ធមានផែនការជាក់លាក់ដណ្តើមអោយបានមេដាយមាស១គ្រឿងជូនកម្ពុជា ។

សូមបញ្ជាក់ថា សម្រាប់សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា មានជម្រើសជាតិ៧នាក់ ក្នុងនោះកីឡាការិនី៣នាក់ កំពុងហ្វឹកហាត់ត្រៀមចូលរួមប្រកួតជាលក្ខណៈអន្តរជាតិ ដណ្តើមមេដាយជូនកម្ពុជា ។ ក្នុងនោះ សហព័ន្ធបានត្រៀមបញ្ជូនអត្តពលិក២រូប ទៅហ្វឹកហាត់បង្កើនសមត្ថភាពបន្ថែម នៅសាធារណរដ្ឋប្រជាមាណិតចិន នាចុងឆ្នាំ២០២១ខាងមុខនេះ ៕
