សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរជូនជំពោះឯកឧត្តម ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីនយ៉ាកុប ដែលត្រូវបានតែងតាំង ជានាយករដ្ឋមន្រ្តីថ្មី នៃប្រទេសម៉ាឡេស៊ី

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតអបអរសាទរជូនជំពោះឯកឧត្តម ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប ក្នុងឱកាសត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីទី៩ នៃប្រទេសម៉ាឡេស៊ី ។

យោងតាមសារលិខិតនៅថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា តាងនាមរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា សម្ដេចសូមអបអរសាទរយ៉ាងកក់ក្តៅចំពោះឯកឧត្តម ក្នុងឱកាសត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីទី៩ នៃប្រទេសម៉ាឡេស៊ី។ ឯកឧត្តមពិតជាទទួលបាននូវជំនឿទុកចិត្តយ៉ាងធំធេង ក្នុងការដឹកនាំប្រទេសជាតិ ខណៈដែលម៉ាឡេស៊ី ដូចជាពិភពលោកទាំងមូលដែរ កំពុងខិតខំប្រឹងប្រែងគ្រប់គ្រងការផ្ទុះឡើងវិញនូវជំងឺរាតត្បាតកូវីដ១៩ និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើជីវភាពប្រជាជន និងសេដ្ឋកិច្ច។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បង្ហាញការជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយសមត្ថភាពរបស់ឯកឧត្តម ប្រទេសម៉ាឡេស៊ី នឹងងើបឡើងវិញប្រកបដោយឋាមពលកាន់តែខ្លាំងក្លាពីការលំបាក និងបញ្ហាប្រឈមក្នុងពេលបច្ចុប្បន្ននេះ ហើយនឹងសម្រេចបាននូវកំណើនកាន់តែខ្ពស់ និងវឌ្ឍនភាពសេដ្ឋកិច្ច-សង្គមលើគ្រប់ទិដ្ឋភាព។

សម្ដេចតេជោ បានបន្តថា កម្ពុជា និងម៉ាឡេស៊ី មានទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាលើវិស័យជាច្រើន។ ការផ្លាស់ប្តូរពាណិជ្ជកម្ម, វិនិយោគ ទេសចរណ៍ ព្រមទាំងការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជននៃប្រទេសរបស់យើងមានកំណើនគួរឲ្យកត់សម្គាល់ ហើយក៏កំពុងបន្តកើនឡើងថែមទៀត។

សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ថា សម្ដេច ត្រៀមខ្លួនធ្វើការយ៉ាងជិតស្និទជាមួយឯកឧត្តម ដើម្បីពង្រឹង និងពង្រីកចំណង ទាក់ទង និងកិច្ចសហប្រតិបតិ្តការដ៏ល្អប្រពៃនេះ ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនយើង ក៏ដូចជាដើម្បីសន្តិភាព សិ្ថរភាព សន្តិសុខ និងការ កសាងសហគមន៍អាស៊ានដ៏រឹងមាំ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរឯកឧត្តម មានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ដើម្បីវិបុលភាពកាន់តែប្រសើររបស់ប្រជាជនម៉ាឡេស៊ី ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner