ផ្លែមៀន៣០តោន ដែលឯកឧត្តម ឃួង ស្រេង កម្មង់ទិញបានមកដល់សាលារាជធានីភ្នំពេញហើយ ក្រុមការងារបានកំពុងធ្វើការបែងចែកជូនបន្ដដល់គ្រប់ខណ្ឌនិងស្ថាប័ននានាវត្តអារាម

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវ ជា ស៊ីណា ឃួងស្រេង បានកម្មង់ទិញផ្លែមាន៣០តោន តាមការប្រកាសរបស់សម្ដេចតេជោហ៊ុន សែន ដើម្បីចែករំលែកការលំបាករបស់ប្រជាកសិករ នៅតាមខេត្តជាប់ព្រំដែនដែលគ្មានទីផ្សារ ដោយសារការរាតត្បាតជម្ងឺកូវីដ-១៩នោះ បានមកដល់សាលារាជធានីភ្នំពេញហើយ ហើយខណៈនេះ ក្រុមកាេងាររបស់រដ្ឋបាលរាជធានីភ្នំពេញ បានកំពុងធ្វើការបែងចែកបន្តទៅអោយអាជ្ញាធរខណ្ឌ មន្ទីរ កងកម្លាំងប្រដាប់អាវុធ មណ្ឌលកែប្រែ និងប្រគេនព្រះសង្ឃនៅតាមវត្តទូទាំងរាជធានីភ្នំពេញផងដែរ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ផ្លែមៀនទាំង៣០តោន នេះត្រូវបានបែងចែកទៅឱ្យសាលាខណ្ឌទាំង ១៤ មន្ទីរទាំង២៦ វត្តចំនួន១៥១វត្ត មជ្ឈមណ្ឌលកែប្រែឱកាសខ្ញុំ មណ្ឌលកែប្រែព្រៃស្ពឺ និងបែងចែកទៅឲ្យសមត្ថកិច្ចប៉ូលិសនិងកងរាជអាវុធហត្ថរាជធានីភ្នំពេញផងដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ម្សិលម៉ិញ ឯកឧត្តម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកស្រីជា ស៊ីណា ឃួងស្រេង បានកម្មង់ទិញ ផ្លែមៀនចំនួន៣០តោនពីប្រជាកសិករ ទៅតាមការប្រកាសរបស់សម្ដេចតេជោហ៊ុន សែន ដើម្បីចែករំលែកការលំបាករបស់ប្រជាកសិករ ខណៈដែលពួកគាត់កំពុងជួបបញ្ហាទីផ្សារ។ ក្នុងនោះ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងខេមរភូមិន្ទ និងជានាយករងខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន ជាអ្នកចាត់ចែងក្រុមការងារដើម្បីរៀបចំដឹកផ្លែមៀន (តាង៉ែន) មកជូនសាលារាជធានីភ្នំពេញ។
គួររំលឹកដែរថា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រមូលទិញផ្លែមៀន និងតាង៉ែន របស់កសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហា ក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលជំងឺកូវី-១៩។
សម្តេចតេជោ បានហៅការប្រមូលទិញមៀនថា ជាវិធីដោះទាល់ក្នុងកាលៈទេសៈដ៏លំបាក កុំឲ្យកសិករក្រីក្រខាតបង់ធ្ងន់ធ្ងរពេក ហើយការទិញនេះ ក៏មិនបានប្រើថវិកាជាតិនោះដែរ។
សម្តេចតេជោ ក៏បានរំលឹកដល់នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង, អភិបាលខេត្តបាត់ដំបង និងអភិបាលខេត្តប៉ៃលិន ត្រូវទិញពីកសិករ គឺសំដៅដល់កសិករ ក្រីក្រ ដែលដាំមៀនដោយផ្ទាល់។ សម្រាប់ចំការមៀនរបស់មន្ត្រី ទាំងស៊ីវិល ទាំងកងកម្លាំងប្រដាប់អាវុធ ឬរបស់ឧកញ៉ា អ្នកឧកញ៉ា ឬអ្នកជំនួញត្រូវរកទីផ្សារ ដោយខ្លួនឯង៕ សម្បត្តិ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner