អគារនៃមន្ទីរពិសោធន៍វេជ្ជសាស្ត្រ រកជំងឺកូវីដ-19ក្នុងមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង គ្រោងបញ្ចប់ការសាងសង់និងដាក់ឲ្យដំណើរការ នៅខែកញ្ញាឆ្នាំ២០២១នេះ
នៅរសៀលថ្ងៃទី២២ខែសីហាឆ្នាំ២០២១នេះឯកឧត្តមបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជា ប្រធានគណៈកម្មការដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-19 បានដឹកនាំក្រុមការងារ អញ្ជើញចុះមកមន្ទីរពេទ្យខេត្តបាត់ដំបង ដើម្បីពិនិត្យពីវឌ្ឍនភាព នៃ សំណង់អាគារមន្ទីរពិសោធន៍ កូវីត-19និងបានសាកសួរសុខទុក្ខ ដល់ក្រុមគ្រូពេទ្យ ក្រុមធ្វើតេស្ត នឹងបុគ្គលិក នៃ មន្ទីរពេទ្យខេត្តបាត់ដំបង ដែលបានសហការគ្នាបានយ៉ាងល្អ ក្នុងការត្រួតពិនិត្យក្នុងការយកវត្ថុសំណាក នឹងលទ្ធផលមន្ទីរពិសោធន៍ ដើម្បីអោយមានសុក្រឹតភាព និងភាពជឿទុកចិត្តនឹងទាន់ពេលវេលា សំរាប់មន្ទីរពិសោធន៍ថ្នាក់តំបន់។ ដោយក្នុងនោះឯកឧត្តមបានផ្តល់និងចែករំលែកនូវគន្លឹះសំខាន់ៗនិងបទពិសោធន៏ល្អៗទៅដល់ក្រុមគ្រូពេទ្យនិងបុគ្កលិកនៅទីនោះធ្វើយ៉ាងណា ត្រូវខិតខំព្យាបាលអោយបានមុឹងម៉ាត់ នឹងមានប្រសិទ្ធភាពខ្ពស់។
ក្នុងការអញ្ជើញចុះពិនិត្យមើលមន្ទីរពិសោធន៍ផ្នែកវេជ្ជសាស្ត្រវិនិច្ឆ័យរកជំងឺកូវីដ19ដែលក្រសួងសុខាភិបាលបានបង្កើតបន្ថែម នូវ មន្ទីរពិសោធន៍នេះឡើងក្នុងគោលបំណងដើម្បីកាត់បន្ថយពីការកកស្ទះក្នុងការពិនិត្យនិងវិច្ឆ័យរក មេរោគកូវីដ-19នៅក្នុងខេត្តបាត់ដំបង ដែលកន្លងមកខេត្តមានតែម៉ាស៊ីនខ្នាតតូចគ្មានសមត្ថភាពពេញលេញក្នុងការពិនិត្យវិនិច្ឆ័យរកមេរោគខាងលើ។
នេះគឺជាការគូសបញ្ជាក់លើកឡើងរបស់ឯកឧត្តមបណ្ឌិត ម៉ម ប៊ុនហេង ក្នុងឱកាសចុះពិនិត្យមើលឧបករណ៍ផ្នែកវេជ្ជសាស្ត្រដែលបានបំពាក់ និងតម្លើងរួចរាល់អស់ហើយ នៅក្នុង អគារថ្មីមួយខ្នង ដែលជាមន្ទីរពិសោធន៍(LABO)ទើបសាងសង់រួចរាល់និងត្រៀមបើកឲ្យដំណើរការប្រើប្រាស់នៅក្នុងខែកញ្ញាឆ្នាំ២០២១នេះ។
ឯកឧត្តមបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងទៀតថា៖ ការបង្កើតមន្ទីរពិសោធបន្ថែមនៅក្នុងខេត្តបាត់ដំបង គឺដោយសារនៅខេត្តនេះ មានការប្រជុំមនុស្សចូលមកពីក្រៅប្រទេសជាច្រើន។ ពិសេសបងប្អូនមកពីថៃ ហើយក៏អាចយកវត្ថុសំណាកអ្នកសង្ស័យមានជំងឺកូវីដ-19នៅក្នុងខេត្តខ្លួនផង និង បណ្តាខេត្តជិតៗនេះ បានមកពិនិត្យក្នុងខេត្តបាត់ដំបងផងដែរ ដូចជាខេត្តប៉ៃលិន និងខេត្តពោធិសាត់ ជាដើម។
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ក៏បានបញ្ជាក់យ៉ាងច្បាស់ផងដែរថា៖ម៉ាស៊ីនឧបករណ៍វេជ្ជសាស្ត្រសំរាប់វិនិច្ឆ័យរកនូវមេរោគកូវីដ19ដែលទើបតម្លើងនេះមានសមត្ថភាពក្នុងការពិនិត្យវិនិច្ឆ័យមេរោគកូវីដ-19 បាន ពី៩០០ទៅ ១.០០០នាក់ក្នុង១ថ្ងៃ។និងអាចជួយពន្លឿនក្នុងការពិនិត្យវិនិច្ឆ័យមេរោគខាងលើ នៅក្មុងខេត្ត។និងជួយកាត់បន្ថយការចំណាយសោហ៊ុយយកទៅរាជធានីភ្នំពេញ។
នៅក្នុងការចុះពិន្យមើលពីវឌ្ឍនភាពក្នុងការសាងសង់និងបំពាក់នូវឧបករណ៍វេជ្ជសាស្ត្រនូវគ្រឿងម៉ាស៊ីនសម្រាប់មន្ទីរពិសោធន៍នេះ ក្នុងនោះក៏មានវត្តមាន លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង និងថ្នាក់ដឹកនាំនិងមន្ត្រីសំខាន់ៗ ក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងមួយចំនួនផងដែរ។
ឯកឧត្តមបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បាបញ្ជាក់ឲ្យដឹងផងដែរថា៖រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល បានបង្កើតមន្ទីរពិសោធរកជំងឺកូវីដ-19 (ឡាបូ) នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដែលបើកដំណើរ ការឆាប់ខាងមុខ។ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា៖បច្ចុប្បន្ននៅកម្ពុជា មានមន្ទីរពិសោធន៍នៅរាជធានីភ្នំពេញចំនួន០៣កន្លែង,ខេត្តព្រះសីហនុ,ខេត្តបន្ទាយមានជ័យ និងសៀមរាប ហើយខេត្តទាំងនេះ បានចាប់ដំណើការប្រើប្រាស់មន្ទីរពិសោធន៍ទាំងនេះដើម្បីធ្វើការពិនិត្យវិនិច្ឆ័យរកមេរោគកូវីដ19ក្នុងឡាបូ(LABO)ទាំងនោះផងដែរ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បាអំពាវនាវ សូមឲ្យប្រជាពលរដ្ឋទាំងអស់ ខិតខំយកចិត្តទុកដាក់នឹងត្រូវរួមគ្នាបន្តចូលរួមអនុវត្ត និងត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុការទប់ស្កាត់ ការរីករាលដាលក្នុងសហគមន៍នៃការចម្លងវីរុសកូវីដ-19 នៅកម្ពុជា តាមរយៈ ការអនុវត្តនូវវិធានការ ជាបន្តបន្ទាប់ របស់ក្រសួងសុខាភិបាល។ ជាពិសេស គឺ៖ ការរក្សាអនាម័យ ដៃស្អាត ពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាព ទៅតាមវិធានការ ការពារការឆ្លងជំងឺកូវីដ-19 ដោយអនុវត្តម៉ឺងម៉ាត់ ៣.ការពារ ៣.កុំ និង២ ត្រូវចូលរួម៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )


















