អង្គការសុខភាពពិភពលោកព្រមានថា ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មីនៅប្រទេសផ្សេងក្រៅពីចិននឹងកើនឡើងថែមទៀត

ស្វីស៖ ការឆ្លងវីរុសកូរ៉ូណាថ្មី 2019-nCoV នៅក្រៅប្រទេសចិនអាចនឹងមានចំនួនច្រើនលើសតួលេខផ្លូវការ ព្រោះតែការមិនទាន់រកឃើញ នេះបើតាមការព្រមានរបស់ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស ។

តាមរយៈបណ្តាញសង្គម ធ្វីតធើ លោក ហ្គេប្រេយែសឹស ចង់មានន័យថា តួលេខដែលយើងកំពុងមើលឃើញ ប្រហែលគ្រាន់តែមួយចំណែកតូច នៃការឆ្លងរាលដាលពិតប្រាកដនៅក្នុងប្រទេសទាំងអស់នោះប៉ុណ្ណោះ ហេតុដូច្នេះការពិនិត្យ និងប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណាថ្មី គួរតែត្រូវបានបង្កើនឲ្យខ្លាំងក្លាជាងនេះទៅទៀត ។

ការព្រមានរបស់ប្រធានអង្គការសុខភាពពិភពលោក WHO រូបនេះ ត្រូវបានធ្វើឡើងស្របពេលដែលនៅក្រៅប្រទេសចិន ករណីឆ្លងវីរុសកូរ៉ូណាថ្មីជាង៣៥០ករណីត្រូវបានរាយការណ៍នៅតាមប្រទេសជិត៣០ទៀតជុំវិញពិភពលោក ។ ករណីវីរុសនៅតាមប្រទេសទាំងនោះ ភាគច្រើនគឺជាករណីប្រជាជនចិន ឬអ្នកធ្វើដំណើរពីចិន ជាពិសេសពីទីក្រុង វូហាន និងខេត្តហ៊ូប៉ី ប៉ុន្តែក៏មានករណីឆ្លងគ្នា នៅក្នុងប្រទេសទាំងនោះផ្ទាល់ផងដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner