ប្រជាពលរដ្ឋជាង ៩លាន ៧សែននាក់ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២២សីហាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៩លាន៧សែន១ម៉ឺន៧ពាន់២៥៨នាក់ហើយ។ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន៧លាន៨សែន៧ម៉ឺន៤ពាន់៩៣៨នាក់។ ចំណែកការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យចន្លោះពី១២ទៅ១៨ឆ្នាំ ក្នុងរយៈពេល២២ថ្ងៃចាក់បាន៩៩ម៉ឺន១ពាន់២១៥នាក់ ស្មើនឹង៥០,៣៩%នៃអ្នកដែលត្រូវចាក់ជិត២លាននាក់។
ដោយឡែក របាយការណ៍ក្រសួងការពារជាតិបានឲ្យដឹងថា ការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៨គឺសៀមរាប, បន្ទាយមានជ័យ,ខេត្តតាកែវ, កំពង់ស្ពឺ, ខេត្តព្រះសីហនុ, ខេត្តកោះកុង, កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស១លាន៣សែន៧ម៉ឺន១ពាន់៣៩៩នាក់ ក្នុងនោះបានចាក់លើកទី២រួច មានចំនួន១លាន៣សែន១ម៉ឺន៥៩នាក់។ យោងតាមក្រសួងសុខាភិបាល គិតមកដល់បច្ចុប្បន្ននេះ ក្នុងចំណោមប្រជាជនសរុបជាង១៦លាននាក់នៅទូទាំងប្រទេស មានប្រជាពលរដ្ឋប្រមាណ៦០,៧៣%ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ ។ រីឯការចាក់ដូសទី៣ ឬដូសជម្រុញវិញ គិតមកដល់ថ្ងៃទី២២សីហាឆ្នាំ២០២១ ចាក់បានចំនួន៤៨ម៉ឺន៦ពាន់៨៣៤នាក់។