សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភមី ១ម៉ឺន៣ពាន់កេសដល់កងកម្លាំង ឈរជើងនៅតាមបន្ទាត់ព្រំដែន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានឧបត្ថម្ភមីចំនួន ១ម៉ឺន៣ពាន់កេស ក្នុងនោះបែងចែកដល់កងទ័ព និងកងរាជអាវុធហត្ថ ចំនួន ៨ពាន់កេស និងកងនគរបាលជាតិ ចំនួន ៥ពាន់កេស សម្រាប់បែងចែកបន្តដល់កងកម្លាំងឈរជើងនៅតាមបន្ទាត់ព្រំដែន ។

ពិធីប្រគល់ និងទទួលមី ត្រូវបានធ្វើឡើងនា ថ្ងៃទី២២សីហា ឆ្នាំ២០២១ ក្រោមវត្តមាន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្ដិ និងចូលរួមទទួលពីសំណាក់ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅរោងចក្រម្សៅមី ម៉ែន សារុន ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ នៅក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មក៏បានឧបត្ថម្ភបន្ថែម ម៉ាស់ចំនួន២០ ម៉ឺនម៉ាស់, ផ្លែមៀនចំនួន១០តោន និងក្រុមហ៊ុនឧកញ៉ា ម៉ែន សារុន ឧបត្ថម្ភថវិកាចំនួន២ម៉ឺនដុល្លារអាមេរិកផងដែរ។

លោករដ្ឋមន្រ្តី បានគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលតែងតែ យកចិត្តទុកដាក់អំពីសុខទុក្ខកងទ័ព ជាពិសេស ក្នុងស្ថានការណ៍បច្ចុប្បន្នដែលកងកម្លាំងប្រដាប់អាវុធទាំងមូល និងអាជ្ញាធរដែនដីបាននិងកំពុងចូលរួមនៅក្នុងការទប់ស្កាត់បង្ការនៃការរីករាលដាលជំងឺកូវីដ១៩ នៅតាមបន្ទាប់ព្រំដែនមិនឲ្យផ្ទុះឡើងនៅក្នុងសហគមន៍ ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងត្រៀមដាក់ចេញកញ្ចប់ថវិកាអន្តរាគមន៍ ក្នុងទំហំទឹកប្រាក់ប្រមាណជិត ១ពាន់លានដុល្លារអាមេរិក សំដៅបន្តប្រយុទ្ធការពារអាយុជីវិតប្រជាពលរដ្ឋ និងរក្សាលំនឹងសង្គម-សេដ្ឋកិច្ច ព្រមទាំងបានដាក់ចេញនូវវិធានការគន្លឺះ ៤ យ៉ាងគឺ៖ (១)-ការបន្តជំរុញចាក់វ៉ាក់សាំងដើម្បីបង្កើតបាននូវភាពស៊ាំសង្គម-សេដ្ឋកិច្ចរឹងមាំ (២)-បន្តជំរុញការប្រើនូវឧបករណ៍តេស្តរហ័សក្នុងការរុករកអ្នកផ្ទុកមេរោគកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា (៣)-ពង្រឹងសមត្ថភាពព្យាបាល និងការប្រើប្រាស់ថ្នាំ ព្រមទាំងមធ្យោបាយព្យាបាល ប្រកបដោយស័ក្តិសិទ្ធភាព និង(៤)-បន្តជំរុញអនុវត្តដោយម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាព នូវវិធានការចាំបាច់នានា ទាំងផ្នែករដ្ឋបាល ទាំងផ្នែកសុខាភិបាល ទាំងវិធានការច្បាប់ ក៏ដូចជាវិធានការផ្សព្វផ្សាយ និងអប់រំ ដើម្បីគ្រប់គ្រងការឆ្លងរីករាលដាល និងទាក់ទាញការចូលរួមឲ្យបានទូលំទូលាយ និងយ៉ាងសកម្មពីសំណាក់សាធារណជនគ្រប់មជ្ឈដ្ឋាន និងគ្រប់ៗរូប៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner