សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបញ្ជាក់ថា ចិន បានក្លាយជាប្រទេសឈានមុខគេ ក្នុងការផ្តល់វ៉ាក់សាំងដោយមិនប្រកាន់និន្នាការ ទាំងក្នុងក្រប ខ័ណ្ឌមនុស្សធម៌ នឹងការបញ្ជាទិញដោយផ្ទាល់ បង្ហាញពីទឹកចិត្តឈឺឆ្អាល ជួយគ្នាក្នុងគ្រាលំបាក
ភ្នំពេញ៖ ក្នុងពិធីប្រគល់-ទទួល វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូហ្វាម )ដែលជាជំនួយរបស់សមាគមជាតិកាកបាទក្រហមចិន ផ្តល់ជូនកាកបាទ ក្រហមកម្ពុជាចំនួន១០ម៉ឺនដូស ដែលធ្វើនៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ដោយមានការចូលរួមពីឯកឧត្តម វ៉ាង វិនទៀង ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សាធារណរដ្ឋប្រជាមានិតចិន បានក្លាយជាប្រទេសឈានមុខគេ នៅក្នុងការផ្តល់ វ៉ាក់សាំងដោយមិនប្រកាន់និន្នាការ ទាំងក្នុងក្របខ័ណ្ឌមនុស្សធម៌ នឹងការបញ្ជាទិញដោយផ្ទាល់ក្នុងក្របខ័ណ្ឌសកល ជាពិសេស បាននឹងកំពុងចូលរួមជួយជ្រោមជ្រែងប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការទទួលបានវ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដ៏កាច សាហាវនេះ ។
ជាមួយគ្នានេះដែរ សម្តេចប្រធានបានមានប្រសាសន៍វាយតម្លៃខ្ពស់អំពីកិច្ចសហប្រតិបត្រិការដ៏រឹងមាំរវាងប្រទេសទាំងពីរ និងថា ក្នុងបរិការណ៍បច្ចុប្បន្ន ជំនួយវ៉ាក់សាំងដ៏ថ្លៃថ្លា ដែលមិនអាចកាត់ថ្លៃបានពីមិត្តចិន បង្ហាញពីទឹកចិត្តឈឺឆ្អាលប្រកបដោយ មនសិការក្នុងការជួយគ្នាក្នុងគ្រាលំបាក ហើយកាយវិការនេះ បានឆ្លុះបញ្ចាំងពីចំណងមិត្តភាពដែកថែប និងឥតប្រែប្រួលជាយូរ អង្វែង រវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការរវាងកាកបាទក្រហមកម្ពុជា និងសមាគមជាតិកាកបាទក្រហមចិន។
សម្តេចមានប្រសាសន៍បានជំរាបជូនដែរថា អំណោយមនុស្សធម៌នេះ នឹងត្រូវប្រគល់ជូនក្រសួងសុខាភិបាល ដើម្បីបំរើការក្នុង យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ។
សូមរំលឹកថា៖ កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងនូវគ្រប់សកម្មភាពសង្គមក្នុងវិស័យមនុស្សធម៌ ជួយដល់ជនរងគ្រោះដោយគ្រោះ មហន្តរាយផ្សេងៗ ជាពិសេសក្នុងស្ថានភាពដែលសកលលោក និងប្រទេសកម្ពុជា បានជួបប្រទះនឹងការឆ្លងរីករាលដាលជម្ងឺ កូវីដ-១៩។ ជាក់ស្តែង វ៉ាក់សាំងកូវីដ-១៩ ដែលជាជំនួយរបស់កាកបាទក្រហមចិន ផ្តល់ជូនដល់កាកបាទក្រហមកម្ពុជា នៅថ្ងៃ នេះ នឹងកាន់តែចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា នូវមធ្យោបាយដ៏មានអានុភាពបន្ថែមទៀត ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែង ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ទោះជាយ៉ាងនេះក្តី វ៉ាក់សាំងតែមួយមុខ នឹងមិនអាចបញ្ចប់ការឆ្លងរាតត្បាតជាសកលនៃជំងឺ នេះឡើយ។ ការបន្តអនុវត្តវិធានការសុខភាពសាធារណៈ ដើម្បីទប់ស្កាត់ការចម្លងជំងឺនេះ នៅតែចាំបាច់ ដូចជាការធ្វើតេស្ត ការ គោរពវិធានការចត្តាឡីស័ក ព្រមទាំងការបន្តអនុវត្ត ៣ការពារ និង៣កុំ ដែលជាអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍បន្តថា ក្នុងស្ថានភាពបច្ចុប្បន្ន ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទាមទារឱ្យមានការចូលរួម និងសហការយ៉ាងស្អិតរមួតពីភាគីពាក់ព័ន្ធទាំងអស់។ ក្នុងន័យនេះ កាកបាទក្រហមកម្ពុជា ប្តេជ្ញាបន្ត ខិតខំចូលរួម និងសហការជាមួយនឹងរាជរដ្ឋាភិបាល ឱ្យកាន់តែខ្លាំងក្លាមួយកម្រិតទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការចូលរួមចំណែកអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋតាមសហគមន៍ ឱ្យអនុវត្តវិធានការសុខាភិបាល និងវិធាន ការរដ្ឋបាល ដើម្បីសុខភាពល្អរបស់គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ៕ ដោយ / គ្រី សម្បត្តិ









