ក្រុមហ៊ុនចំនួន ៧គ្រោងនឹងបោះទុនជាង ៦៣លានដុល្លារដើម្បីវិនិយោគនៅកម្ពុជា ដែលអាចបង្កើតការងារបានជាង ៨០០នាក់
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៣សីហាឆ្នាំ២០២១ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៧ ក្នុងទុនវិនិយោគ៦៣លាន៥សែនដុល្លារអាមេរិក ដែលអាចបង្កើតការងារបានចំនួន៨៦៧កន្លែង។ ក្រុមហ៊ុនទាំង៧រួមមាន ១.ក្រុមហ៊ុន ETHAN METAL MANUFACTURE CO., LTD. គម្រោងបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម ដែក និងទង់ដែង ដែលប្រមូលពីវត្ថុធាតុដើមចាស់ៗប្រមូលទិញក្នុងស្រុក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។
គម្រោងនោះ មានទុនវិនិយោគប្រមាណ ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៥នាក់។ ២. ក្រុមហ៊ុន SOMA ENERGY CO., LTD. គម្រោងបង្កើតស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអានុភាព ៥មេហ្កាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសំបួរ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ។ គម្រោងនោះ មានទុនវិនិយោគប្រមាណ ៤លាន៧សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៥៤នាក់។ ៣. ក្រុមហ៊ុន SCHNEITEC ALTERNATIVE CO., LTD. គម្រោងបង្កើតរោងចក្រផលិតថាមពលអគ្គិសនីដើរដោយប្រេងខ្មៅ អានុភាព២៣មេហ្កាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ គម្រោងនោះ មានទុនវិនិយោគប្រមាណ ៨លាន៥សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៦នាក់។៤. ក្រុមហ៊ុន XIN CHENHUI (CAMBODIA) CHEMICAL INDUSTRY CO., LTD. គម្រោងបង្កើតរោងចក្រផលិតជីគីមី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ គម្រោងនោះ មានទុនវិនិយោគប្រមាណ ៩លាន១សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧២នាក់។ ៥. ក្រុមហ៊ុន SOMA FARM (CAMBODIA) CO., LTD. គម្រោងបង្កើតកសិដ្ឋានចិញ្ចឹមសត្វ ដូចជាមាន់, ទា, ជ្រូក…ជាដើម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិខ្នារ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។
គម្រោងនោះ មានទុនវិនិយោគប្រមាណ ១១លាន១សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩២នាក់។ ៦. ក្រុមហ៊ុនCAMBODIAN XING CAN SHI PIN CO., LTD. គម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើ ដូចជាដំណាប់ស្វាយ, ម្នាស់, មៀន, ខ្នុរ និងស្វាយចន្ទី) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ គម្រោងនោះ មានទុនវិនិយោគប្រមាណ ១១លាន២សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥៤នាក់ និង ទី៧. ក្រុមហ៊ុន CAMBODIAN A1 STEEL INDUSTRY CO., LTD. គម្រោងបង្កើតរោងចក្រកែច្នៃដែកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្ដុកល្ពៅ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ គម្រោងនោះ មានទុនវិនិយោគប្រមាណ ១៥លាន៩សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៧៤នាក់។




