កម្ពុជាគ្រោងនឹងដាក់ឲ្យដំណើរការប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២ ចាប់ពីថ្ងៃទី១ កញ្ញា ឆ្នាំ២០២១ តទៅ

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនៅថ្ងៃទី២៥សីហាឆ្នាំ២០២១ បានឲ្យដឹងថា ប្រពន្ធ័ចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី២ គ្រោងនឹងត្រូវដាក់ឲ្យដំណើរការជាផ្លូវការនៅព្រឹកថ្ងៃទី១កញ្ញាឆ្នាំ២០២១ ក្រោមអធិបតីភាពលោកអគ្គបណ្ឌិតសភាចារ្យ អូន ពន្ធ័មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្នុងពិធីនោះ គ្រោងនឹងមានការចូលរួមពីក្រសួង ស្ថាប័ន ចូលរួមក្នុងការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី១ និងដំណាក់កាលទី២ តំណាងសមាគម អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ ស្ថានទូត និងគ្រឹះស្ថានសិក្សាមួយចំនួនផងដែរ។ គួរបញ្ជាក់ថា ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺជាការកែទម្រង់មុតស្រួចជាកញ្ចប់របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល ផ្នែកឯកជនលើកទី១៨ កាលពីថ្ងៃទី២៩មីនាឆ្នាំ២០១៩កន្លងទៅ។

ក្នុងដំណាក់កាលទី១ ប្រព័ន្ធបានគ្របដណ្ដប់លើការចុះបញ្ជីពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម, ការចុះបញ្ជីពន្ធដាររបស់អគ្គនាយកដ្ឋានពន្ធដារ និងការផ្ដល់សេចក្ដីប្រកាសជូនដំណឹងបើកសហគ្រាសរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបានដាក់ឲ្យដំណើរការជាផ្លូវការនាថ្ងៃទី១៥មិថុនាឆ្នាំ២០២០។ ដោយឡែក ក្នុងដំណាក់កាលទី២នេះ ប្រពន្ធ័នឹងពង្រីកវិសាលភាពដល់ការស្នើសុំអាជ្ញាបណ្ន ឬលិខិតអនុញ្ញាតផ្សេងៗតាមអនឡាញ ទៅតាមសកម្មភាពអាជីវកម្ម ពីក្រសួង-ស្ថាប័នជំនាញដែលមានតួនាទីត្រួតពិនិត្យផ្នែកបច្ចេកទេសតាមវិស័យ។

ក្នុងនោះ ក្រសួង-ស្ថាប័នចំនួន៤ បានចូលរួមក្នុងដំណាក់កាលទី២នេះរួមមាន ក្រសួងឧស្សាហកម្ម, ក្រសួងទេសចរណ៍, ក្រសួងប្រៃសណីយ៍, និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនសអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner