លោក ចូ បៃដិន៖ សហរដ្ឋអាមេរិកនឹងបញ្ចប់ការដកកងទ័ពចេញពីអាហ្វហ្គានីស្ថានអោយបានត្រឹមថ្ងៃទី៣១ ខែសីហាខាងមុខនេះ (Video Inside)
អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់មេដឹកនាំក្រុមប្រទេស G7 ថា ប្រទេសរបស់លោកកំពុងឈានដល់ការបញ្ចប់ការដកកងទ័ពអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថាននៅត្រឹមថ្ងៃទី៣១ ខែសីហាខាងមុខនេះ ដោយអាស្រ័យលើកិច្ចសហប្រតិបត្តិការពីក្រុមតាលីបង់។ នេះបើតាមការបញ្ជាក់របស់សេតវិមាន។
លោក ចូ បៃដិន បានបញ្ជូនកងទ័ពអាមេរិករាប់ពាន់នាក់ទៅកាន់អាកាសយានដ្ឋានក្រុងកាប៊ុល បន្ទាប់ពីពួកតាលីបង់បានគ្រប់គ្រងរដ្ឋធានីរបស់ប្រទេសអាហ្វហ្គានីស្ថានក្នុងរយៈពេលជាង២សប្តាហ៍មកនេះ។ កងទ័ពអាមេរិកជិត៦ពាន់នាក់បាននិងកំពុងជួយដល់ប្រតិបត្តិការជម្លៀសប្រជាជនអាមេរិក និងដៃគូរអាហ្វហ្គានីស្ថាន ព្រមទាំងការពារអាកាសយានដ្ឋានរដ្ឋធានីកាប៊ុល ដូច្នេះបណ្តាប្រទេសដទៃទៀតក៏អាចជម្លៀសពលរដ្ឋខ្លួនចេញពីអាហ្វហ្គានីស្ថានបានផងដែរ។
លោក ចូ បៃដិន បាននិយាយថា បច្ចុប្បន្នយើងកំពុងស្ថិតនៅលើល្បឿនមួយ ក្នុងការបញ្ចប់ប្រតិបត្តិការជម្លៀសអោយបានមុនថ្ងៃទី៣១ ខែសីហា ហើយយើងនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ខណៈពីមួយថ្ងៃទៅមួយថ្ងៃប្រតិបត្តិការនេះកំពុងបង្កហានិភ័យដល់កងទ័ពរបស់យើង។ ការលើកឡើងបែបនេះរបស់លោក ចូ បៃដិន ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកបានជួបពិភាក្សាការងារតាមវីដេអូជាមួយមេដឹកនាំក្រុមប្រទេស G7 ដែលបានដាក់សម្ពាធឱ្យសហរដ្ឋអាមេរិក បន្តរក្សាកងទ័ពនៅឯអាកាសយានដ្ឋានរដ្ឋធានីកាប៊ុល លើសកាលបរិច្ឆេទ៕ ប្រភព៖ CGTN


