កម្ពុជាស្នើភាគីថៃជួយព្យាបាលពលករកម្ពុជាដែលឆ្លងជំងឺកូវីដ-១៩ ក្នុងរយៈពេលកំពុងស្វែងរកការងារធ្វើនៅថៃ
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃប្រទេសកម្ពុជា បានស្នើដល់ភាគីថៃឱ្យជួយព្យាបាលពលករកម្ពុជាដែលឆ្លងជំងឺកូវីដ-១៩ ក្នុងរយៈពេលកំពុងស្វែងរកការងារធ្វើនៅប្រទេសថៃ។ ការស្នើនេះបានធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាការងាររាជការ និងអភិវឌ្ឍន៍សម្ព័ន្ធមេត្រីភាពកម្ពុជា-ថៃ តាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេងនៅទីបញ្ជាការយោធ ភូមិភាគទី៥ កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។
ភាគីកម្ពុជា ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការយោធភូមិភាគទី៥ ប្រធានក្រុមការងារលេខា និងមន្ត្រីរាជការខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ជួបប្រជុំពិភាក្សាជាមួយ ភាគីថៃ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ក្រៃភព ឆៃយ៉ាក់ផាន់ នាយសេនាធិការកងទ័ពភូមិភាគទី១ ក្រុមលេខា និងមន្ត្រីរាជការ ខេត្តស្រះកែវ ប្រជុំពិភាក្សាការងាររាជការ និងអភិវឌ្ឍន៍សម្ព័ន្ធមេត្រីភាពកម្ពុជា-ថៃ រវាងយោធភូមិភាគទី៥ ជាមួយកងទ័ពភូមិភាគទី១ តាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង។
ក្នុងកិច្ចប្រជុំអភិវឌ្ឍន៍សម្ព័ន្ធមេត្រីភាព និងពិភាក្សាការងាររាជការ រវាងកងទ័ពភូមិភាគទី១ជាមួយយោធភូមិ ភាគទី៥ បានលើកបញ្ហាចំនួនបួន យកមកពិភាក្សា។ក្នុងនោះមាន៖ ១.ការការពារ និងទប់ស្កាត់ពលករ ឆ្លងដែន និងការរៀបចំការងារសំរាប់ពលករ, ២.បញ្ហាគ្រឿងញៀន៣.បញ្ហាផ្ទុះជំងឺក្នុងស្ថានការណ៍បច្ចុប្បន្ន និងទី៤.បញ្ហាល្បែងភ្នាល់តាមអនឡាញ។
លោកឧត្តមសេនីយ៍ទោ សេង ធារិន បានស្នើដល់ភាគីថៃជួយព្យាបាលពលករកម្ពុជាដែលមានជំងឺកូវីដ-១៩ ជាពិសេសពលករដែលកំពុងស្វែងរកការងារធ្វើក្នុងប្រទេសថៃ និងស្នើជួយសម្របសម្រួលករណីពលករខ្មែរឆ្លងដែនខុសច្បាប់ មិនទាន់បានប្រព្រឹត្តទោសធ្ងន់ធ្ងរ សូមបញ្ជូនខ្លួនពលករទាំងនោះត្រឡប់មកកម្ពុជាវិញ និងជួយទប់ស្កាត់មិនឱ្យមានមេខ្យល់រង់ចាំទទួលពលករខុសច្បាប់ពីកម្ពុជា។
ភាគីទាំងពីរបានស្នើសុំឱ្យកម្លាំងសមត្ថកិច្ចកងកម្លាំងប្រដាប់អាវុធនៅជួរមុខ និងស្ថាប័នជំនាញដែលមានការពាក់ព័ន្ធទាំងពីរភាគីរួមគ្នាពិចារណា ដើម្បីកំណត់ជាគោលការណ៍សម្រាប់ធ្វើការដោះស្រាយបញ្ហាផ្សេងៗតាមព្រំដែនឱ្យសមស្របជាប្រទេសមានភូមិផងរបងជាមួយគ្នា។
ក្នុងកិច្ចប្រជុំនាព្រឹកនេះ ភាគីទាំងពីរបានពិភាក្សាគ្នាដោយយកចិត្តទុកដាក់ និងផ្អែកលើទស្សនៈផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ ពិសេសប្រជាពលរដ្ឋយើងដែលរស់នៅតាមបរិវេណព្រំដែន៕
ដោយៈពលជ័យ

