ឯកឧត្ដម អភិបាលខេត្តកណ្ដាល ឧបត្ថម្ភជាថវិកាចំនួន ៤០លានរៀល ដល់សកលវិទ្យាល័យកម្ពុជា សម្រាប់ផ្ដល់អាហារូកណ៍ ដល់សិស្សានុសិស្ស
ខេត្តកណ្ដាល ៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានសម្ដែងនូវការស្វាគមន៍ ចំពោះ លោកបណ្ឌិត ញ សាញ អនុប្រធានសកលវិទ្យាល័យកម្ពុជា ព្រមទាំងសហការី និងបានផ្ដល់ជាថវិកាដល់សកលវិទ្យាល័យកម្ពុជា ដើម្បីអោយនិសិត្សទទួលបាននូវអាហារូបករណ៍ បន្តការសិក្សាទៀត នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា យុវជននាពេលបច្ចុប្បន្ន ពិតជាមានសំណាងណាស់ ដែលមានឱកាសពេញលេញ និងសម្បូរបែបទទួលបាននូវការសិក្សា អប់រំគ្រប់ទីកន្លែង ដូច្នេះតម្លៃនៃសន្តិភាពដែលរាជរដ្ឋាភិបាល មានសម្ដេចតេជោ នាយករដ្ឋមន្ត្រី សម្រេចបានជូនជាតិមាតុភូមិ ពិតជាមានសារៈសំខាន់ណាស់ ដែលទាមទារឲ្យយុវជនជំនាន់ក្រោយត្រូវរួមគ្នាការពារ និងថែរក្សាឲ្យបានគង់វង្ស ។
លោកបណ្ឌិត ញ សាញ អនុប្រធានសកលវិទ្យាល័យកម្ពុជា បានថ្លែងអំណរគុណ ចំពោះការចូលរួមជាមួយសកលវិទ្យាល័យកម្ពុជា ក្នុងការផ្ដល់នូវអាហារូបករណ៍ដល់សិស្សានុសិស្ស បានបន្តការសិក្សានៅសកលវិទ្យាល័យ ។
លោកបណ្ឌិតអនុប្រធានសកលវិទ្យាល័យ បានបន្តថា សាកលវិទ្យាល័យកម្ពុជា បានទទួលការជួយផ្ដល់ជាអាហារូបករណ៍ដល់សិស្សជាច្រើនទូទាំងប្រទេស ដើម្បីអោយសិស្សបានទទួលការសិក្សាបន្ថែម រួមនឹងទទួលបាននូវចំណេះដឹង ងាយស្រួលក្នុងអភិវឌ្ឍន៍ប្រទេសជាតិ និងបង្កើនបាននូវធនធានមនុស្សបន្ថែមសម្រាប់ប្រទេសកម្ពុជាយើង ។
សូមបញ្ជាក់ថា សាកលវិទ្យាល័យកម្ពុជា បានទទួលថវិកាពី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលចំនួន ៤០លានរៀល សម្រាប់ផ្ដល់ជាអាហារូបករណ៍ដល់សិស្សានុសិស្ស ក្នុងការសិក្សានៅសកលវិទ្យាល័យកម្ពុជា ៕



