សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុសម្រាប់ប្រគេនថ្វាយ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃនាយក និងប្រគេនសម្តេចព្រះសង្ឃ-ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅតាមវត្តចំនួន៨

ភ្នំពេញ ៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២១ បានរៀបចំទេយ្យវត្ថុសម្រាប់ប្រគេនថ្វាយ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃនាយក និងប្រគេនសម្តេចព្រះសង្ឃ-ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅតាមវត្តចំនួន ៨ (ក្នុងនោះ ៦វត្ត នៅរាជធានីភ្នំពេញ និង ២វត្ត នៅខេត្តកណ្តាល)។

កម្មវិធីនេះប្រព្រឹត្តទៅនៅពេលព្រឹក ក្រោមវត្តមាន លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំគណៈប្រតិភូ ចូលក្រាបបង្គំគាល់ និងនាំយកទេយ្យវត្ថុប្រគេនថ្វាយ សម្ដេចព្រះមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃគណៈមហានិកាយ គង់នៅវត្តឧណ្ណាលោម និងប្រគេនថ្វាយ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ គង់នៅវត្តបទុមវតីរាជវរារាម (ធម្មយុត្តិកនិកាយ)។

ពេលរសៀល គណៈប្រតិភូ ក្រុមទី១ ដឹកនាំដោយ លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី បានអញ្ជេីញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យវត្ថុប្រគេនថ្វាយ-ប្រគេន សម្តេចព្រះសង្ឃ ព្រះសង្ឃ គង់នៅ វត្តបទុវតីរាជវរារាម (មហានិកាយ), វត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) នៅរាជធានីភ្នំពេញ និងវត្តស្វាយជ្រុំ នៅខេត្តកណ្តាល។ ទន្ទឹមនឹងនេះ គណៈប្រតិភូ ក្រុមទី២ ដឹកនាំដោយ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានអញ្ជេីញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យវត្ថុប្រគេន សម្តេចព្រះសង្ឃ ព្រះសង្ឃ គង់នៅវត្តលង្កាព្រះកុសុមារាម, វត្តទួលទំពូង នៅរាជធានីភ្នំពេញ និងវត្តប្រជុំនទី (ហៅវត្តក្រពើហា) នៅខេត្តកណ្តាល។

សូមបញ្ជាក់ថា ទេយ្យវត្ថុប្រគេនវត្តនីមួយៗរួមមាន ៖ អង្ករ ២ តោន, មី ៣០ កេស, ត្រីខ ៣ កេស, ស្ករស ២៥ គីឡូក្រាម, តែ ៥ គីឡូក្រាម, ទឹកដោះគោខាប់ ១ កេស, កាហ្វេកញ្ចប់ ១០ កញ្ចប់ធំ, អូវ៉ាន់ទីន ២ កេស, ទឹកក្រូច ៥ កេស, ទឹកផ្លែឈើ ៥ កេស, ទឹកបរិសុទ្ធ ១០ កេស និងបច្ច័យ ចំនួន ១០.០០០.០០០ រៀល (ដប់លានរៀល)។ ប្រគេនថ្វាយ-ប្រគេន សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក ព្រះចៅអធិការវត្ត ១អង្គ ៗ នូវ សាដក ១ និងបច្ច័យ ១លានរៀល។ ប្រគេនព្រះសង្ឃ ៦អង្គ នៅតាមវត្តនីមួយៗ ក្នុង ១អង្គៗ ទទួលបាន សាដក ១ និងបច្ច័យ ២០ម៉ឺនរៀល។

ជាមួយគ្នានោះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានសទ្ធាជ្រះថ្លាប្រគេនថ្វាយនូវទេយ្យវត្ថុផ្ទាល់ខ្លួន ចំពោះ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ និង សម្តេចព្រះសង្ឃនាយក ក្នុង ១អង្គ ទឹកច្រតៀកកាំ ១កន្ត្រក, ភេសជ្ជៈ Ensure ១កន្ត្រក, ផ្លែក្រូចខ្វិច ១កន្ត្រក , ទឹកប៉ោម ២កេស, ត្រីងៀត ១កន្ត្រក និងបច្ច័យមួយចំនួនផងដែរ។ ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានវេរបច្ច័យផ្ទាល់របស់សម្តេចមួយចំនួនទៀតប្រគេន សម្តេចព្រះពោធិ៍វង្ស កិត្តិបណ្ឌិត អំ លឹមហេង, សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល និងសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ផងដែរ៕ ដោយ / គ្រី សម្បត្តិ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner