អាងហែលទឹកដែលស្ថិតនៅក្នុងស្រុកកោះធំ គ្រោងដាក់ឲ្យដំណើរការចុងខែកុម្ភៈ ឆ្នាំ២០២០នេះ ខណៈការសាងសង់បានប្រមាណជាង ៨៥ភាគរយ
កីឡាជាតិ៖ លោក ហែម គីរី អគ្គលេខាធិការ និងសមាជិកសហព័ន្ធខ្មែរកីឡាហែលទឹក បានឲ្យដឹងថា អាងហែលទឹក របស់សហព័ន្ធនៅស្រុកកោះធំ ខេត្តកណ្តាល គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី០៦ខែកុម្ភៈឆ្នាំ២០២០ដំណើរការ កែសម្រួលបច្ចេកទេស្តង់ដា សម្រេចបានប្រមាណជិត៨៥ភាគរយហើយ ក្នុងនោះ សហព័ន្ធបានគ្រោង សម្ភោធដាក់ឲ្យដំណើរ នាចុងខែកុម្ភៈឆ្នាំនេះ។

លោក ហែម គីរី បានឲ្យដឹងថា អាងហែលទឹក ស្រុកកោះធំគឺស្របតាមស្តង់ដារបច្ចេកទេស ដែលមានទទឹង២០ម៉ែត្រ បណ្តោយ២៥ម៉ែត្រ តាមខ្នាតស្ដង់ដារអន្តរជាតិ ហើយអាងនេះអាចរៀបចំ ធ្វើការប្រកួតជាលក្ខណៈអន្តរជាតិខ្នាតតូចៗបាន និងសម្រាប់បម្រើឲ្យការងារហ្វឹកហាត់ផងដែរ។ អាងហែលទឹកនេះនឹងផ្តល់ឱកាស ដល់កីឡាករ-កីឡាការិនីហែលទឹក នៅទូទាំង ខេត្តកណ្តាល ពិសេសអ្នកស្រុកកធំផ្ទាល់តែម្តង ។ សម្រាប់ត្រៀមខ្លួនចូលរួមប្រកួតកីឡាជាតិ លើកទី៣ប្រព្រឹត្តិ ដែលនិងចាប់ផ្តើមពីថ្ងៃទី៤ ដល់ថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២០។

លោកអគ្គលេខធិការនរូបនេះបានបន្តថា តាមគំរូប្លង់អាងហែលទឹកនេះមានបន្ទប់ទឹក សម្រាប់កីឡាករ-កីឡាការិនីហែលទឹក ប្រើប្រាស់ ការិយាល័យធ្វើការ របស់មន្ត្រី បន្ទប់បច្ចេកទេស (ប្រើប្រាស់សម្រាប់បញ្ជាការប្រកួត) និងកន្លែងអង្គុយទស្សនា ក៏បានរៀបចំ ឲ្យមានដំបូលផងដែរ ។

សូមជម្រាបថា អាងហែលទឹកនេះ ស្ថិតនៅក្នុងបរិវេណកីឡដ្ឋានស្រុកកោះធំ ក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ដែលគ្រោងចំណាយថវិកា សរុបចំនួន៣០ម៉ឺនដុល្លារ សម្រាប់សិស្សានុសិស្ស និងកីឡាករ កីឡាការិនី ហែលទឹក ដើម្បីត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ ៕ធ.ដ



