ក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជាបង្កើតថ្នាលទូរទស្សន៍ឌីជីថលតែមួយ ជាការរួបរួមកម្លាំងដើម្បីពង្រឹងតួនាទីប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា
ភ្នំពេញៈកិច្ចព្រមព្រៀងបណ្តាក់ទុនវិនិយោគរួមគា្នដើម្បីបង្កើតថា្នលទូរទស្សន៍ឌីជីថលកម្ពុជាតែមួយដោយ “ក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា” ត្រូវបានចុះហត្ថលេខានៅសណ្ឋាគារកាំបូឌីយ៉ាណាកាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ។
ក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា ដែលបានដាក់ទុនរួមគ្នារវាងក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយធំៗចំនួនបីនេះ មាន៖ ក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប របស់លោកជំទាវ ហ៊ុន ម៉ាណា ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប មានទូរទស្សន៍ CBS និង Digital Sky របស់អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប របស់លោកឧកញ៉ា អ៊ឹង ឆៃងួន។
ពិធីចុះហត្ថលេខាខាងលើនេះ គឺជាកិច្ចព្រមព្រៀងបន្ថែមទៀតលើការចុះអនុស្សរណៈយោគយល់គ្នា ដែលបានចុះហត្ថលេខា រវាងភាគីទាំង៣ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ។
សូមបញ្ជាក់ថា “ក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា” បង្កើតឡើងក្នុងគោលបំណងបង្កើតក្រុមហ៊ុនចម្រុះរវាងរដ្ឋ និងឯកជន សម្រាប់គ្រប់គ្រង “ថ្នាលទូរទស្សន៍ឌីជីថលជាតិ” ដើម្បីធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាឈានទៅសម្រេចឱ្យបានតាមផែនការរបស់អាស៊ាន។ និយាយជារួម និងនិយាយដោយឡែក ស្របតាមយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់យកឆ្នាំ២០២៣ជាកាលបរិច្ឆេទនៃការដាក់ឱ្យដំណើរការថ្នាលទូរទស្សន៍ឌីជីថលជាតិ ដោយតម្រូវឱ្យក្រុមហ៊ុនទូរទស្សន៍អាណាឡូកឯកជនទាំងអស់ មកប្រើប្រាស់សេវា ថ្នាលទូរទស្សន៍ឌីជីថលជាតិ និងបន្តការផ្សាយព្រមគ្នាជាប្រព័ន្ធអាណាឡូក និងប្រព័ន្ធឌីជីថលស្របគ្នាមុន នឹងដល់ដំណាច់ឆ្នាំ២០២៥ ដែលជាកាលបរិច្ឆេទសម្រាប់បិទការផ្សាយទូរទស្សន៍តាមប្រព័ន្ធអាណាឡូកជាស្ថាពរ។
តើអ្វីទៅជា “ថ្នាលទូរទស្សន៍ដីជីថលជាតិ”?។ ថ្នាលទូរទស្សន៍ឌីជីថលជាតិ ដែលជាក្រុមហ៊ុនចម្រុះរវាងរដ្ឋ និងឯកជនថ្មីនេះ នឹងផ្តល់ជូននូវសេវាថ្នាលទូរទស្សន៍ឌីជីថលផ្សាយតាមប្រព័ន្ធ DVB-T ដែលមានប៉ុស្តិ៍ច្រើនប្រភេទសម្បូរបែបសំដៅ លើកស្ទួយ វិស័យព័ត៌មាន អប់រំ ចំណេះដឹង សិល្បៈកម្សាន្ត កីឡា និងទស្សនីយភាពត្រជាក់ៗ ដែលនាំមកនូវភាពសុខដុមរមនាដល់ក្រុមគ្រួសារកម្ពុជា។
ថ្លែងក្នុងពិធីចុះហត្ថលេខាលោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប បានមានប្រសាសន៍ថា “ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការសហការគ្នាបង្កើតថ្កោលទូរទស្សន៍ឌីជីថលនេះ ហើយក៏ជាផ្នែកមួយផងដែរក្នុងការគាំទ្រការផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបច្ចុប្បន្នកម្ពុជាកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យទាំងអស់ ក្រោមម្លប់សន្តិភាព និងស្ថេរភាពនយោបាយ”។
ចំណែកអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបបានមានប្រសាសន៍ថា ” យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានចាប់ដៃគូសហការគ្នាបង្កើតក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា និងមានមោទនភាពដែលបានចូលរួមចំណែកជួយអភិវឌ្ឍន៍ប្រទេសកម្ពុជាក្នុងវិស័យសោតទស្សន៍ និងផ្សព្វផ្សាយឱ្យទៅជាប្រព័ន្ធឌីជីថលពេញលេញ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការចូលរួមសម្រេចឱ្យបានសេដ្ឋកិច្ច សង្គមឌីជីថលកម្ពុជា ស្របតាមគន្លងឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលជំនាន់ទី៤។
ដោយឡែក លោកឧកញ៉ា អ៊ឹង ឆៃងួន ប្រធានក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប បានបញ្ជាក់ថា “ថ្នាលទូរទស្សន៍ឌីជីថលនេះ នឹងនាំមកនូវទស្សនីយភាព និងស្តង់ដារថ្មីសន្លាងមួយទៀតដែលមានកម្រិតផ្សាយគុណភាពខ្ពស់ច្បាស់ ត្រជាក់ភ្នែក កម្រិត UHD 4K ។ ទូរទស្សន៍ឌីជីថលនេះ ជាថ្នាលប្រមូលផ្ដុំនៃកម្មវិធីសិល្បៈ កម្មវិធីកម្សាន្ត កម្មវិធីព័ត៌មានភាពយន្តតន្ត្រី និង ទស្សនីយភាព ដ៏សម្បូរបែបជាច្រើនទៀត ដែលធានានូវការផ្ដល់ជូនចំណីចក្ខុដ៏រីករាយជូនទស្សនិកជនទូទាំងប្រទេស ក្នុងកន្លែងតែមួយ “One-Stop Media Services” ។
ព្រឹត្តិការណ៍នេះ ត្រូវបានកត់សម្គាល់ថា នេះជាភាពរីកចម្រើនមួយដ៏ធំក្នុងវិស័យសោតទស្សន៍ និងផ្សព្វផ្សាយ ស្របតាមគោលនយោបាយរដ្ឋាភិបាលសម្រាប់សង្គមឌីជីថលកម្ពុជា ឱ្យដើរស្របតាមគន្លងឧស្សាហកម្មបច្ចេកវិទ្យាឌីជីថល ជំនាន់ទី៤។ ដូច្នេះការផ្លាស់ប្តូររូបរាងថ្មី និងបទពិសោធន៍នៃការកម្សាន្តនេះធ្វើឱ្យប្រទេសកម្ពុជាអាចដើរតាមបច្ចេកវិទ្យាឈានមុខទន្ទឹមនឹងឆាកអន្តរជាតិ ដោយទស្សនិកជនអាចទស្សនារាល់ទស្សនីយភាពដែលផលិតឡើងមានគុណភាពស្តង់ដារខ្ពស់ ច្បាស់ត្រជាក់ភ្នែក ពីគេហដ្ឋាន ឬមើលតាមទូរស័ព្ទដៃគ្រប់វេលាគ្រប់ទីកន្លែងនៅលើថ្នាលតែមួយ។ នេះក៏ជាការលើកទឹកចិត្តដល់ផលិតករឱ្យផលិតនូវទស្សនីយភាពមានគុណភាពខ្ពស់បន្តទៀតដែលមានថ្នាលអាចបង្ហាញស្នាដៃរបស់ខ្លួនទៅកាន់ពិភពលោក”។
តាមមន្រ្តីរៀបចំកម្មវិធីបានបញ្ជាក់ថា ក្រុមហ៊ុននីមួយៗបានបម្រើទស្សនីយអារម្មណ៍ ព័ត៌មាន អប់រំ ចំណេះដឹង និងសិល្បៈ កម្សាន្ត ក្នុងវិស័យសោតទស្សន៍ ជូនប្រជាជនកម្ពុជាអស់រយៈពេល២៥ឆ្នាំមកហើយរហូតមកដល់ពេលនេះ។ ផ្អែកលើបទពិសោធន៍ជំនាញ និងធនធានមនុស្សក្រុមហ៊ុនយើងមានជំនឿយ៉ាងមុតមាំថានឹងអភិវឌ្ឍឧស្សាហកម្មសោតទស្សន៍ និងផ្សព្វផ្សាយឱ្យទទួលបានជោគជ័យ៕
ដោយៈពលជ័យ
