ទូតកម្ពុជានៅអាមេរិកអំពាវនាវឱ្យប្រជាពលរដ្ឋឈប់ជាវគុយទាវក្រៀមកញ្ចប់ប្រើប្រាស់ស្លាកសញ្ញា “ផលិតផលគុយទាវភ្នំពេញ” និង“រូបសញ្ញាប្រាសាទអង្គរវត្ត”
ភ្នំពេញៈ ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកបានឱ្យដឹងថា ថ្មីៗនេះ ស្ថានទូតបានរកឃើញករណីចែកចាយនៅលើទីផ្សារសហរដ្ឋអាមេរិកនូវផលិតផលគុយទាវក្រៀមកញ្ចប់ ដែលមិនមែនជាផលិតផលរបស់កម្ពុជា ហើយនៅលើសំបកវេចខ្ចប់មានការប្រើប្រាស់ស្លាកសញ្ញា “ផលិតផលគុយទាវភ្នំពេញ” និង“រូបសញ្ញាប្រាសាទអង្គរវត្ត” កំពុងត្រូវបានដាក់លក់នៅតាមបណ្តាផ្សារអាស៊ី ក្នុងតំបន់ឆ្នេរខាងកើតសហរដ្ឋអាមេរិក (East Coast)។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។
ស្ថានទូតកម្ពុជាបញ្ជាក់ទៀតថា ការប្រើប្រាស់ពាក្យ និងម៉ាក “ផលិតផលគុយទាវភ្នំពេញ” និង “រូបសញ្ញាប្រាសាទអង្គរវត្ត” ដោយមិនមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា បានរំលោភបំពានលើបទប្បញ្ញត្តិច្បាប់របស់កម្ពុជា កិច្ចព្រមព្រៀង និងសន្ធិសញ្ញាអន្តរជាតិ ជាពិសេសការប្រើប្រាស់ម៉ាក គុយទាវភ្នំពេញ បានធ្វើឱ្យអ្នកប្រើប្រាស់ទូទៅមានការភាន់ច្រឡំអំពីប្រភពដើមនៃផលិតផលគុយទាវកញ្ចប់។
ស្ថានទូតបានស្រាវជ្រាវកំណត់មុខសញ្ញា និងចាត់អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូត ចុះជួបណែនាំដល់ក្រុមហ៊ុនដែលនាំចូលផលិតផលទាំងនោះដល់ទីតាំងក្រុមហ៊ុន ព្រមទាំងបានចេញលិខិតជូនដំណឹងជាផ្លូវការទៅក្រុមហ៊ុនទាំងនោះឱ្យបញ្ឈប់ធ្វើការនាំចូល ឬដាក់លក់នូវផលិតបែបនេះបន្តទៀត ហើយស្ថានទូតនឹងដាក់ចេញនូវវិធានការបន្តក្នុងករណីក្រុមហ៊ុនមិនព្រមអនុវត្តតាមសេចក្តីជូនដំណឹង។
ទន្ទឹមនឹងនេះដែរ ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសិស្សនិស្សិតខ្មែរ ដែលកំពុងស្នាក់នៅសហរដ្ឋអាមេរិក មេត្តាឈប់ជាវយកមកប្រើប្រាស់នូវផលិតផលក្លែងបន្លំនេះ ព្រមទាំងមេត្តាជូនដំណឹងមកស្ថានទូតតាមរយៈគេហទំព័រ Facebook ស្ថានទូតក្នុងករណីបានឃើញ ឬជួបប្រទះនូវផលិតផលណាដែល មានប្រើប្រាស់រូបសញ្ញាដែលជាអត្តសញ្ញាណជាតិនៃកម្ពុជា នៅតាមបណ្តាទីផ្សារនានាក្នុងសហរដ្ឋអាមេរិក ដើម្បីស្ថានទូតអាចរៀបចំនីតិវិធីតវ៉ាតាមផ្លូវច្បាប់ សំដៅបញ្ឈប់ការដាក់លក់ផលិតផលក្លែងបន្លំនេះបានទាន់ពេលវេលា៕
ដោយៈពលជ័យ


