លោក ហ្សង់ កាស្តិច៖ បារាំងត្រៀមខ្លួនរួចហើយ ដើម្បីបញ្ចប់ជើងហោះហើរជម្លៀសមនុស្សចេញពីអាហ្វហ្គានីស្ថាននៅត្រឹមថ្ងៃទី២៧ ខែសីហា

ប៉ារីស៖ នាយករដ្ឋមន្រ្តីបារាំងលោក ហ្សង់ កាស្តិច ថ្លែងថា ប្រទេសរបស់លោកនឹងបិទបញ្ចប់ជើងហោះហើរជម្លៀសមនុស្សរបស់ខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាននៅត្រឹមល្ងាចថ្ងៃទី២៧ ខែសីហានេះ (ម៉ោងក្នុងតំបន់) បើទោះបីជាការសម្រេចចិត្តបែបនេះទំនងជាត្រូវបានពន្លឿន ក្រោយមានព័ត៌មានពីការបំផ្ទុះគ្រាប់ បែកអត្តឃាតនៅអាកាសយានដ្ឋានកាប៊ុល នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។
លោក កាស្តិច បានបញ្ជាក់ថា ចាប់ពីចំណុចនេះតទៅ វានឹងមិនអាចដំណើរការជើងហោះហើរបែបនេះទៀតទេ មុនការគ្រោងទុករបស់សហរដ្ឋអាមេរិក ចេញពីអាកាសយានដ្ឋានកាប៊ុលនៅសប្តាហ៍ក្រោយ។ ប្រទេសបារាំងបាននិងកំពុងជម្លៀសប្រជាជនទៅកាន់ទីក្រុងប៉ារីស ចេញពីទីក្រុងកាប៊ុល តាមរយៈមូលដ្ឋានអាកាសមួយក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម ហើយរហូតមកដល់ពេលនេះ ខ្លួនបានហោះហើរទៅកាន់ទីមានសុវត្ថិភាពជាមួយពលរដ្ឋបារាំងច្រើនជាង១០០នាក់ និងជនជាតិអាហ្វហ្គានីស្ថានប្រមាណ២ពាន់នាក់។
សូមបញ្ជាក់ថា ជើងហោះហើរចំនួន១២របស់បារាំងត្រូវបានបញ្ជូនទៅជម្លៀសមនុស្សចេញពីអាហ្វហ្គានីស្ថាន ដោយជើងហោះហើរជម្លៀសចុងក្រោយគ្រោងធ្វើឡើងនៅល្ងាចថ្ងៃសុក្រនេះ(ម៉ោងក្នុងតំបន់)។នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយដោយក្រសួងការបរទេសបារាំងបានបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១៥ ខែសីហាមក មនុស្សប្រមាណ២ពាន់៥រយនាក់ត្រូវបានគេជម្លៀសចេញពីទីក្រុងកាប៊ុល ព្រមទាំងពលរដ្ឋរាប់សិបនាក់ផ្សេងទៀតរបស់ប្រទេសជាដៃគូ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner