ខេត្តព្រះសីហនុ មានគម្រោងបង្កើតតំបន់ប្រមូលផ្តុំតំបន់អភិវឌ្ឍន៍មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំស្តីពីគម្រោងបង្កើតតំបន់ប្រមូលផ្តុំ នៃតំបន់អភិវឌ្ឍន៍មណ្ឌលកម្សាន្ត ទេសចរណ៍
មនុស្សពេញវ័យ នៅក្នុងទឹកដីក្រុងព្រះសីហនុ។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក និងតំណាងអាជីវកម្មទេសចរណ៍ក្នុងខេត្តព្រះសីហនុ ផងដែរ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បង្ហាញការគាំទ្រ និង
បានធ្វើការណែនាំឱ្យមន្ទីរទេសចរណ៍ សំឡឹងមើលទីតាំងដើម្បីរៀបចំប្រមូលផ្តុំមណ្ឌលកម្សាន្តនៅតំបន់ណាមួយ និងត្រូវចុះស្ទង់មតិ ស្វែងរកការគាំទ្រពីប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ ដើម្បីដំណើរការគម្រោងនេះនៅពេលខាងមុខ។
ឯកឧត្តម អភិបាល យល់ឃើញថា ការប្រមូលមណ្ឌលកម្សាន្តដាក់ម្តុំ អាចនឹងកាត់បន្ថយផលប៉ះពាល់ និងធានាបានសន្តិសុខ សុវត្ថិភាពផងដែរ។

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ និយាយថា៖
គម្រោងប្រមូលផ្តុំមណ្ឌលកំសាន្តទេសចរណ៍សម្រាប់មនុស្សពេញវ័យនេះ និងមានរៀបចំហេដ្ឋារចនាសម្ព័ន្ធទឹក ភ្លើង ផ្លូវ ប្រព័ន្ធការពារអគ្គិភ័យ សុខាភិបាល សន្តិសុខ និងសេវាជាច្រើនទៀតដើម្បីបង្កើត ទៅជាតំបន់ទេសចរណ៍ប្រកបដោយការទាក់ទាញ។ លោកប្រធានមន្ទីរទេសចរណ៍បន្តថា ពេលនេះបានមើលឃើញតំបន់អាទិភាពទី១ហើយ។  ទីតាំងនោះជាដីកម្មសិទ្ធិឯកជន ហើយមន្ទីរទេសចរណ៍ និងអាជ្ញាធរដែនដីនឹងជជែកគ្នាជាមួយម្ចាស់ដីស្តីពីគម្រោងនេះ។
ប្រសិនជាម្ចាស់ដីទាំងនោះគាត់គាំទ្រ និងចូលរួមលើគម្រោងនេះ មន្ទីរទេសចរណ៍ និងរដ្ឋបាលខេត្តនឹងចាប់ផ្តើមអនុវត្តន៍ផែនការនេះទៅតាមអ្វីដែលបានគ្រោង។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកខេត្តព្រះសីហនុ គឺជាខេត្តបំពង់កសេដ្ឋកិច្ច និងជាតំបន់ឧស្សាហកម្មពិសេស គំរូពហុបំណងរបស់កម្ពុជា។ ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ជាតិ ខេត្តព្រះសីហនុ គឺត្រូវបានចាត់ទុកថាជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយក្នុងចំណោមប៉ូលអាទិភាពទាំងបួន រួមមាន៖ រាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តតំបន់ឆ្នេរសមុទ្រ, និងខេត្តភូមិភាគឦសាន និងបានប្រសិទ្ធិនាម “តារារះនាទិសនិរតី”។

ឆ្លើយតបទៅនឹងចក្ខុវិស័យនេះបច្ចុប្បន្នខេត្តព្រះសីហនុ កំពុងត្រូវបានរាជរដ្ឋាភិបាល ផ្តោតការយកចិត្តទុកដាក់ជាពិសេសដើម្បីស្តារឡើងវិញនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ទឹក ភ្លើង ផ្លូវគមនាគមន៍ បរិស្ថាន និងតំបន់ទេសចរណ៍ ដើម្បីធ្វើអោយខេត្តជាប់មាត់សមុទ្រមួយនេះកាន់តែមានការទាក់ទាញពហុវិស័យ៕
អត្ថបទ៖ខៀវ សាវ៉ុន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner