សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជា ទទួលបានវ៉ាក់សាំងស៊ីណូវ៉ាក់ ២លានដូសទៀត ដែលជាការបញ្ជារទិញពីប្រទេសចិន

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ថា រាជរដ្ឋាភិបាលកម្ពុជា បានទទួលវ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន២លានដូស ដែលជាការបញ្ជាទិញពីប្រទេសចិន បានដឹកមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើផេកផ្លូវការថា វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ដែលបានដឹកមកដល់ប្រទេសកម្ពុជានេះ គឺជាវ៉ាក់សាំងដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញ ដើម្បីយកមកបម្រើដល់ការចាក់ដូសជំរុញជូនប្រជាពលរដ្ឋ។ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺជាវិធីសាស្ត្រដ៏ចម្បងមួយសម្រាប់រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីវិធាននានារបស់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ១៩។ រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានស្វះស្វែង និងប្រឹងប្រែងជាខ្លាំងក្នុងការរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋ។ មកដល់ពេលនេះ កម្ពុជា មានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រមាណ ២៥លានដូសរួចហើយ។ វ៉ាក់សាំងនេះ គឺមានទាំងជំនួយពីប្រទេសជាមិត្ត និងការបញ្ជាទិញរបស់រាជរដ្ឋាភិបាលពីក្រុមហ៊ុនរបស់ប្រទេសចិន។

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានផ្តល់បទសម្ភាសន៍ ដល់អ្នកសារព័ត៌មាន នៅព្រលានយន្តអន្តរជាតិភ្នំពេញថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រ ចាក់វ៉ាក់សាំងឲ្យបានលឿន តាមដែលអាចធ្វើទៅបាន។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំង ជាបន្តបន្ទាប់ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាល នឹងសម្រេចចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ចំនួន១០លាននាក់ និងកុមារ-យុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់ ១៧ឆ្នាំ ត្រឹមចុង ឆ្នាំ២០២១ ។

ក្នុងឱកាសនេះ លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានបញ្ជាទិញវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន៥លានដូសបន្ថែមទៀត ដែលនឹងមកដល់កម្ពុជា នៅក្នុងខែកញ្ញាខាងមុខនេះ ដើម្បីចាក់ដូសជំរុញ ជូនប្រជាពលរដ្ឋ ។ ការចាក់វ៉ាក់សាំងនៅកម្ពុជា មានភាពលឿន ជាងបណ្តាប្រទេសផ្សេងៗ ។ រាជរដ្ឋាភិបាល បានកំណត់ឲ្យរដ្ឋមន្ត្រីក្រសួងអប់រំ ពិនិត្យមើលទីតាំងណា ដែលបានចាក់វាក់សាំងការពារជំងឺកូវីដ១៩ បានចំនួន១០០ភាគរយ ហើយគ្មានករណីឆ្លង ត្រូវអនុញ្ញាតឲ្យបើកដំណើការសាលារៀនឡើងវិញ។

លោកជំទាវ បានថ្លែងថា ចំពោះវ៉ាក់សាំងដូសទី៣ ឬ ដូសជំរុញនេះ នឹងត្រូវចាក់ ជូនក្រុមមន្ត្រីជួរមុខ ដែលធ្វើការជាមួយ អ្នកឆ្លងជំងឺកូវីដ ដូចជាក្រុមមន្ត្រីសុខាភិបាល អាជ្ញាធរ សមត្ថកិច្ច ជាពិសេសនៅតំបន់ ព្រំដែនទីក្រុង និងកន្លែង ទីប្រជុំជនជាដើម ។ លោកជំទាវ យក់ សម្បត្តិ បានអះអាងថា ជាគោលការណ៍ រាជរដ្ឋាភិបាល នឹងបន្តចាក់វ៉ាក់សាំងដូសជំរុញដល់ប្រជាជនទាំងអស់ ដែលក្នុងនោះមានចំនួន១០លានជាគោលសិន ។ ក្នុងករណីមានភាពស៊ាំក្នុងការចាក់វ៉ាក់សាំងហើយ រាជរដ្ឋាភិបាលនឹងធ្វើការចាក់ដូសជំរុញដល់ប្រជាជន យ៉ាងតិចជាង១២លាននាក់ ។

ជាមួយគ្នានោះដែរ លោកជំទាវ បានបញ្ជាក់ថា ពេលនេះក្រុមការងារ ជំនាញរបស់ក្រសួង កំពុងសិក្សាជា មួយអង្គការដៃគូនានា ដូចជាអង្គការ សុខភាពពិភពលោក ក្រុមវ៉ាក់សាំងមួយចំនួនទៀត ដើម្បីពិនិត្យពីការចាក់វ៉ាក់សាំង ជូនកុមារក្រោមអាយុ១២ ឬចាក់ដូសជំរុញដល់កុមារដែលបានចាក់វ៉ាក់សាំងរួច ទាំងដូសទី១ និងទី២ ផងដែរ ។

សូមជម្រាបជូនថា គិតមកដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ កម្ពុជា មានវ៉ាក់សាំងកូវីដ-១៩ នៅក្នុងដៃ មានជាង២៧លានដូស ហើយបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន ១០,៦៩៣,៩៦៤នាក់ ៕ ដោយ វណ្ណលលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner