ប្រធានាធិបតីរុស្ស៊ី អះអាងថា នៅតែជឿជាក់លើចិន ក្នុងការប្រឆាំងនឹងវីរុសកូរ៉ូណា បើទោះជាវីរុសនេះផ្តាច់ជីវិតកើនជិត៥០០នាក់ និងឆ្លង២៤.៣៦៣នាក់
ចិន៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃទី០៤ ខែកុម្ភៈនេះ (ម៉ោងក្នុងតំបន់)ថ្លែងថា រូបលោកផ្ទាល់ជឿជាក់ថា ចិននឹងអាចងើបចេញពីស្ថានការណ៍ដ៏លំបាក ដែលបណ្តាលមកពីការរាលដាលនៃវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មី លោកថា រុស្ស៊ីនឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីជួយដល់ប្រទេសចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសដ៏សាហាវនេះ ។

អ្នកនំាំពាក្យវិមានក្រឹមឡាំងបានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ប្រទេសចិនក្នុងឆ្នាំនេះ នឹងមិនរងផលប៉ះពាល់ដោយសារការផ្ទុះឡើងនៃមេរោគឆ្លងថ្មីនេះទេ ហើយថា ការផ្ទុះឡើងនៃវីរុសកូរ៉ូណាថ្មីនេះ ក៏នឹងមិនប៉ះពាល់ដល់គ្រឹះដ៏រឹងមាំនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសរុស្ស៊ី និងចិនផងដែរ ។

សូមជម្រាបថា តួលេខអ្នកជម្ងឺបាត់បង់ជីវិតដោយសារវីរុសកូរ៉ូណាថ្មី 2019-nCoV បានកើនឡើងដល់៤៩២នាក់ និង មនុស្សរហូតដល់២៤,៣៦៣នាក់ឆ្លងមេរោគ នេះបើតាមរបាយការណ៍ផ្លូវការរបស់អាជ្ញាធរចិននៅថ្ងៃទី០៥ខែកុម្ភៈឆ្នាំ២០២០ ។ ជាមួយគ្នានេះ អ្នកជំងឺសរុបប្រមាណ៨៩២នាក់នៅទូទាំងប្រទេសចិន ត្រូវបានក្រុមគ្រូពេទ្យព្យាបាលឱ្យជាសះស្បើយ និងឱ្យត្រឡប់ទៅកាន់ផ្ទះវិញ ហើយបើគិតត្រឹមព្រឹកថ្ងៃទី០៥ ខែកុម្ភៈនេះ អ្នកជំងឺ៣៤១នាក់បានធ្លាក់ខ្លួនឈឺធ្ងន់បន្ថែមទៀត ខណៈអ្នកជំងឺ៣.២១៩នាក់ទៀតនៅតែបន្តស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ និង ២៣.២៦០នាក់កំពុងទទួលការអង្កេតនៅឡើយ ដើម្បីរកមើលថាពួកគេមានផ្ទុកវីរុសកូរ៉ូណាថ្មី ឬមួយក៏អត់ ៕



