រថយន្តស៊ីទែនដឹកប្រេងរបស់ក្រុម ហ៊ុនសាវីម៉ិច ១គ្រឿងក្រឡាប់ធ្លាក់ផ្លូវ សំណាងល្អមិនផ្ទុះឆេះបង្កគ្រោះថ្នាក់ ដល់អ្នកធ្វើដំណើរ សមត្ថកិច្ចអន្តរាគមន៍បូមប្រេងចេញពីក្នុងរថយន្ត

កំពង់ឆ្នាំង ៖ រថយន្តដឹកប្រេងសាំង និងប្រេងម៉ាស៊ូត របស់ក្រុមហ៊ុនសាវីម៉ិច ០១គ្រឿងបានគេចពីម៉ូតូធ្លាក់ចេញពីផ្លូវក្រឡាប់បះជើង សំណាងល្អមិនផ្ទុះឆេះបង្កគ្រោះថ្នាក់ដល់អ្នក ធ្វើដំណើរ ប៉ុន្តែបណ្តាល
ឲ្យស្ទះចរាចរណ៍លើផ្លូវជាតិលេខ ៥ជាង១ ម៉ោងផងដែរ ។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១៥រសៀល ថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ចំណុចមុខហាងមនោរម្យ ស្ដិតក្នុងភូមិទី ៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។

លោកវរសេនីយ៍ឯក ឈឹម សារុន នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា រថយន្តដឹកប្រេងរបស់ក្រុមហ៊ុនសាវីម៉ិចខាងលើនេះ ពាក់ស្លាកលេខភ្នំពេញ 4A 2181 ដឹកប្រេងសរុបចំនួន ៣២.០០០លីត្រ ក្នុងនោះមានប្រេងសាំង ១៦.០០០លីត្រ
និងប្រេងម៉ាស៊ូត ១៦.០០០លីត្រធ្វើដំណើរពីក្រុងភ្នំពេញទៅកាន់ខេត្តបាត់ដំបង លុះមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿង បើកបញ្ច្រាសទិសគ្នាយ៉ាងលឿន បានគេចចេញពីគូថរថយន្តតូចមួយគ្រឿងនៅពីមុខចូលមកចំណែកផ្លូវខាងស្ដាំរបស់រថយន្តដឹកប្រេង ខណៈនោះអ្នកបើកបររថយន្តដឹកប្រេង ក៏បានគេចមិនឲ្យបុកម៉ូតូនោះ បណ្ដាលឲ្យរថយន្តដឹកប្រេងរបស់ខ្លួនធ្លាក់ពីលើផ្លូវជាតិក្រឡាប់បះ
ជើងនៅក្នុងប្រឡាយផ្នែកខាងស្ដាំដៃតែម្ដង សំណាងល្អមិនបណ្ដាលឲ្យផ្ទុះឆេះរថយន្តនិងប្រេងនោះឡើយ ។

លោកឧត្តមសេនីយ៍ត្រី លុយ ឌីណា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងដែលបានចុះដឹកនាំកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍នៅកន្លែងកើតហេតុបានឲ្យដឹងថា ក្នុងហេតុការណ៍ខាងលើនេះសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៣គ្រឿង ក្នុងនោះបានបាញ់ទឹកស្រោចលើរថយន្តស៊ីទែននោះ អស់ទឹកចំនួន ២ រថយន្ត ដើម្បីទប់ស្កាត់គ្រោះអគ្គីភ័យ យថាហេតុ ជាមួយគ្នានេះដែរ សមត្ថកិច្ចក៏បានផ្សព្វផ្សាយប្រជាពលរដ្ឋនៅជុំវិញកន្លែងកើតហេតុសុំបិតចរន្តអគ្គិសនីបណ្ដោះអាសន្នសិនដើម្បីទប់ស្កាត់គ្រោះអគ្គីភ័យ ហើយសមត្ថកិច្ចក៏បានជួយសម្រួលការធ្វើចរាចរណ៍ដែលបានកកស្ទះជាង ១ម៉ោងផងដែរ ។

ដោយឡែកចំពោះរថយន្តស៊ីទែនក្រឡាប់នោះ សមត្ថកិច្ចនឹងសហការជាមួយក្រុមបច្ចេកទេសរបស់ក្រុមហ៊ុនមកពីក្រុងភ្នំពេញ ដើម្បីធ្វើការបូមប្រេងសាំង និងប្រេងម៉ាស៊ូតផ្ទេរដាក់រថយន្តស៊ីទែនមួយគ្រឿងផ្សេងទៀតទាំងយប់ ដើម្បីជួយសម្រួលចរាចរលើផ្លូវជាតិលេខ៥ នៅក្នុងចំណុចកើតហេតុ ឲ្យមានដំណើរការល្អជាធម្មតាឡើងវិញ ៕

សុខ គឹមសៀន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner