ឯកឧត្តម ហ៊ុន ម៉ានី ៖ “យើងពិតជាមានភ័ព្វសំណាង ដោយយើងទាំងអស់គ្នាទទួលបាននូវការការពារ និងភាពកក់ក្តៅពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចតេជោ”

ភ្នំពេញៈ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានបញ្ជាក់ថា “ពិតណាស់ នៅពេលនេះ យើងទាំងអស់គ្នាកំពុងជួបការលំបាកដោយសារវិបត្តិនេះ។ ប៉ុន្តែយើងពិតជាមានភ័ព្វសំណាង ដោយយើងទាំងអស់គ្នាទទួលបាននូវការការពារ និងភាពកក់ក្តៅពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចតេជោ។ ជាក់ស្តែង ការបានទទួលវ៉ាក់សាំងរបស់បងប្អូន និងក្រុមគ្រួសារ ព្រមទាំងការរក្សាប្រាក់បៀវត្ស និងការឧបត្ថម្ភផ្សេងៗ បានបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់មកលើបងប្អូនកងកម្លាំងរបស់យើង។”

ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាល សាកសួរសុខទុក្ខកងរាជអាវុធហត្ថនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ។ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ឯកឧត្តមពិតជាមានសេចក្តីសោមនស្សរីករាយ ដោយមានឱកាសមកជួបកងកម្លាំងដោយផ្ទាល់ និងពាំនាំនូវជំនួយឧបត្ថម្ភមួយចំនួន ដើម្បីរួមចំណែកសម្រាលបន្ទុកខ្លះដល់អង្គភាព ក៏ដូចជាបងប្អូនផ្ទាល់។

ឯកឧត្តមបន្តថា កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការរក្សាការពារសន្តិភាព សន្តិសុខ និងសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ។ មិនថាក្នុងដំណាក់កាលណាទេ គឺ អ៊ំ ពូមីង និងបងៗបានធ្វើការលះបង់ខ្ពស់ណាស់ក្នុងការបំពេញបេសកកម្មដ៏លំបាក និងមានគ្រោះថ្នាក់នានាសំដៅធ្វើយ៉ាងណាសម្រេចបានការការពារសន្តិសុខ សណ្តាប់ធ្នាប់រៀបរយក្នុងសង្គម។ ជាពិសេសក្នុងដំណាក់កាលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កងរាជអាវុធហត្ថរឹតតែខិតខំបំពេញភារកិច្ចចំពោះមុខ ដោយមិនបានចាត់ទុកហានិភ័យនៃការឆ្លងជាឧបសគ្គឡើយ។ ជាមួយគ្នានេះ ខ្ញុំពិតជាសូមកោតសរសើរដល់ស្មារតីទទួលខុសត្រូវរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានគិតគូរដល់សុវត្ថិភាពមន្រ្តីរាជអាវុធហត្ថក្នុងពេលបំពេញភារកិច្ច ក៏ដូចជាសុខទុក្ខ និងជីវភាពផ្ទាល់ខ្លួន ដោយបានដាក់ចេញវិធានការបង្ការ ការពារបានត្រឹមត្រូវ និងខ្ជាប់ខ្ជួន។ ជាថ្មីម្តងទៀត ជំនួសមុខឱ្យក្រុមគ្រួសារ សហការី និងក្នុងនាមរូបឯកឧត្តមផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រជូនកងរាជអាវុធហត្ថចំពោះការលះបង់ជាច្រើនសម្រាប់ប្រជាពលរដ្ឋរបស់យើង៕
ដោយ:ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner