ក្រុមកម្ពុជា ប៉ះហុងកុង និងម្ចាស់ផ្ទះ ជប៉ុន នាចុងខែតុលា ព្រឹត្តិការណ៍ AFC U23 ASIAN CUP

សហព័ន្ធកីឡាបាលល់ទាត់កម្ពុជា បានបង្ហាញកាលវិភាគសម្រាប់ការប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់ទ្វីបអាស៊ី អាយុក្រោម២៣ឆ្នាំ (AFC U23 ASIAN CUP UZBEKISTAN 2022) ដែលក្រុមជម្រើសជាតិកម្ពុជាត្រូវប៉ះជាមួយក្រុម ហុងកុង និងជប៉ុន ក្នុងពូល K ដែលជប៉ុននឹងធ្វើជាម្ចាស់ផ្ទះ។


២ប្រកួតរបស់ក្រុម U23 កម្ពុជា នៅក្នុងពូល K ត្រូវប្រកួតជាមួយក្រុមហុងកុង មុនគេ នាថ្ងៃទី២៣ ខែតុលា និងបន្តជួបជាមួយម្ចាស់ផ្ទះ ជប៉ុន នាថ្ងៃទី២៦ ខែតុលា។ ១ប្រកួតចុងក្រោយនៃវគ្គជម្រុះនេះ គឺម្ចាស់ផ្ទះជប៉ុនត្រូវជួបជាមួយក្រុមហុងកុង។ ៣ប្រកួតនៃវគ្គជម្រុះ ក្នុងពូល Kនេះនឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន J-Village (Fukushima)។


យោងតាមសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានឲ្យដឹងថា AFC U23 ASIAN CUP UZBEKISTAN 2022 វគ្គជម្រុះនេះមានក្រុមចូលរួមសរុបចំនួន ៤២ ដោយត្រូវបានបែងចែកជា ១១ ពូល។ AFC U23 Asian Cup ឆ្នាំ២០២២ គឺប្រទេសអ៊ូបេគីស្ថានបានបញ្ជាក់ពីទីតាំងរបស់ពួកគេជាម្ចាស់ផ្ទះជាលើកដំបូង ដែលការប្រកួតនឹងត្រូវរៀបចំឡើងនៅភូមិភាគកណ្តាល។ ការចាប់ឆ្នោតបានបែងចែកក្រុមជាពីរតំបន់ គឺតំបន់ខាងលិចដែលមានក្រុមចូលរួមចំនួន ២៣ និង១៩ក្រុមផ្សេងទៀត មកពីតំបន់ខាងត្បូង-កណ្តាល-ខាងកើត និងតំបន់អាស៊ាន។


សូមបញ្ជាក់ថា ការប្រកួតជម្រុះត្រូវបានកំណត់ពេលវេលា ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២១។ បន្ទាប់ពីបញ្ចប់វគ្គជម្រុះនៃពូលទាំង១១ គឺក្រុមចំណាត់ថ្នាក់លេខ១ ស្មើនឹង១១ក្រុមនឹងឡើងទៅជុំផ្តាច់ព្រ័ត្រ។ ក្នុងនោះ៤ក្រុម ដែលជាក្រុមចំណាត់ថ្នាក់លេខ២ ល្អបំផុតនឹងត្រូវជ្រើសរើសចេញពីពូលទាំងនេះ ឡើងទៅជុំផ្តាច់ព្រ័ត្រដែរ សរុប១៥ក្រុម បូករួមទាំងក្រុមម្ចាស់ផ្ទះ អ៊ូបេគីស្ថាន សរុប១៦ក្រុម សម្រាប់វគ្គប្រកួតជម្រុះវគ្គផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅ ប្រទេសអ៊ូបេគីស្ថាន នាឆ្នាំ២០២២ ខាងមុខ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner