ទីបំផុតតាលីបង់ដណ្តើមបានជ្រលងភ្នំនៃខេត្ត ផាន់ហ្សៀរ ពីកណ្តាប់ដៃក្រុមរណសិរ្សតស៊ូជាតិ (NRF) ហើយ
កាប៊ុល៖ ក្រុមតាលីបង់បានធ្វើការអះអាងថា តំបន់ជ្រលងភ្នំនៃខេត្ត ផាន់ហ្សៀរ (Panjshir) ត្រូវបានរំដោះទាំងស្រុងហើយ ពីក្រុមរណសិរ្សតស៊ូជាតិ (NRF) ហើយប្រការនេះមានន័យថា ទឹកដីអាហ្វហ្គានីស្ថានទាំងមូលលែងមានតំបន់ប្រឈមមុខនឹងសង្គ្រាមទៀតហើយ។
ជាមួយគ្នានេះ ប្រធានក្រុមអ្នកនាំពាក្យតាលីបង់លោក ហ្សាប៊ីហ៊ុលឡោះ មូចាហ៊ីដ បាននិយាយថា ជាមួយនឹងជ័យជម្នះនេះ ប្រទេសរបស់យើងគឺជាទឹកដីដែលត្រូវបានរំដោះខ្លួនទាំងស្រុងចេញពីសង្គ្រាមហើយ ។ សម្រាប់ជ្រលងយុទ្ធសាស្ត្រ ផាន់ហ្សៀរ ស្ថិតនៅក្នុងខេត្ត ផាន់ហ្សៀរ ភាគឦសានទីក្រុងកាប៊ុល គឺជាទីតាំងតែមួយគត់ ដែលមិនព្រមចុះចាញ់នោះឡើយ ក្រោយក្រុមតាលីបង់ចូលគ្រប់គ្រងទីក្រុងកាប៊ុល កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃអាទិត្យសប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) ក្រុមរណសិរ្សតស៊ូជាតិ (NRF) ត្រូវបានគេដឹងថា បានរងការវាយសង្គ្រប់យ៉ាងដំណំ ពីសំណាក់កងកម្លាំងក្រុមតាលីបង់ ហើយក្រោយមកទៀតក្រុមនេះ ក៏បានស្នើឲ្យមានបទឈប់បាញ់តែម្តង ដោយសារមិនអាចទប់ទល់តទៅទៀតបាន៕ ប្រភព៖ CNA


