ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាមអបអរសាទរនិស្សិតខ្មែរឈ្មោះ វុន លៀមដែលទទួលបានលទ្ធផលល្អប្រសេីរលេីមុខជនាញវិស្វកម្ម មេកាត្រូនិក
ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម សូមសំដែងនូវការកោតសរសើរយ៉ាងក្រៃលែង និងសូមចូលរួមអបអរសាទរចំពោះនិស្សិតខ្មែរ ឈ្មោះ វុន លៀម ភេទប្រុស ថ្ងៃខែឆ្នាំកំណើត៖ ១១ កញ្ញា ១៩៩៧ ដែលទទួលបានលទ្ធផល «ល្អប្រសើរ» ក្នុងការសិក្សាជាមួយនឹងពិន្ទុដ៏ខ្ពស់ (GPA: ៣.៨៣/៤.០) លើមុខជំនាញវិស្វកម្ម មេកាត្រូនិក (Mechatronics Engineering) ពីសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហាណូយ (Hanoi University of Science and Technology)។
បច្ចុប្បន្ន វុន លៀម កំពុងសិក្សាឆ្នាំទី៤ និងជានិស្សិតអន្តរជាតិដំបូងបំផុតនៅវៀតណាម ដែលបានបើកទំព័រប្រវត្តិសាស្ត្រនៃបញ្ជីនិស្សិតឆ្នើមរបស់សាកលវិទ្យាល័យ។ ជាមួយនឹងលទ្ធផល សិក្សាដ៏ល្អប្រសើរ និងមោទនភាពនេះ គឺបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរៀនសូត្រ ឧស្សាហ៍ ព្យាយាមក្នុងការអនុវត្តមេរៀនទាំងនៅក្នុងថ្នាក់ និងក្រៅថ្នាក់ ការសិក្សាស្រាវជ្រាវបន្ថែម និង ការស្រវាស្រទេញសង្វាតចូលរួមសកម្មភាពផ្សេងៗរបស់សាលាយ៉ាងសកម្ម ព្រមទាំងការគោរព វិន័យ សាមគ្គីភាព និងភាតរភាពរបស់និស្សិត។
ឆ្លៀតឱកាសនេះ ស្ថានឯកអគ្គរាជទូត សូមជូនពរ និងជឿជាក់យ៉ាងមុតមាំថា និស្សិតខ្មែរ យើងនឹងបន្តការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីទទួលបានចំណេះដឹង ជំនាញ និង បទពិសោធន៍ថ្មីៗបន្ថែមទៀត និងដើម្បីប្រែក្លាយខ្លួនជាធនធានមនុស្សប្រកបដោយគុណវុឌ្ឍ ក្នុង ការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិយើង។ដោយ/សួង ពិសិដ្ឋ