ប្រមុខការទូតអាមេរិកលើកយកបញ្ហានៅអាហ្វហ្គានីស្ថានមកពិភាក្សាជាមួយថ្នាក់ដឹកនាំកាតា ក្នុងអំឡុងបំពេញទស្សនកិច្ចនៅទីក្រុងដូហា
ដូហា៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងគែន បានធ្វើដំណើរទៅដល់ទីក្រុងដូហា ប្រទេសកាតាហើយ នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ដើម្បីបើកកិច្ចពិភាក្សាជាមួយសមភាគីកាតារបស់លោក ពីវិបត្តិនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន។
មុននឹងការមកដល់របស់លោក អាន់តូនី ប្លីងគែន មន្ត្រីអាមេរិកបានឱ្យដឹងថាពលរដ្ឋអាមេរិក៤នាក់បានចាកចេញពីអាហ្វហ្គានីស្ថាន ដោយក្រុមតាលីបង់មិនបានបង្កឧបសគ្គរារាំងអ្វីឡើយ ហើយនេះគឺជាការជម្លៀសពលរដ្ឋអាមេរិកដំបូងបំផុតចាប់តាំងពីកងទ័ពអាមេរិកត្រូវបានដកចេញទាំងស្រុងកាលពីថ្ងៃទី៣១ ខែសីហា កន្លងទៅមក។
នៅក្នុងដំណើរទស្សនកិច្ចនេះ លោក ប្លីងគែន មិនមានគម្រោងជួបពិភាក្សាការងារជាមួយអ្នកតំណាងណាមួយរបស់ក្រុមតាលីបង់ប្រចាំទីក្រុងដូហាឡើយ ប៉ុន្តែមន្ត្រីក្រសួងការបរទេសអាមេរិក លោក ឌីន ថមសុន បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនអាចនឹងបន្តសហការជាមួយក្រុមមួយនេះលើបញ្ហាមួយចំនួនតូច៕ ប្រភព៖ AFP


