កម្មករ និយោជិតម្នាក់ អាចទទួលបានប្រាក់ឈ្នួលចន្លោះពី២០៩ ទៅ ២២០ដុល្លារអាម៉េរិក ក្នុងមួយខែ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា បានអញ្ជើញបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ ឈ្នួលអប្បបរមា អាណត្តិទី២ ឆ្នាំទី១ លើកទី១ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ (Zoom)។ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានលើកឡើងថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានដើរតួនាទីជាយន្តការត្រីភាគី ក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា ស្របតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា នឹងទទួលបានការទទួលស្គាល់ដោយទូលំទូលាយពីគ្រប់ភាគីពាក់ព័ន្ធថា ជាយន្តការដ៏គំរូមួយប្រកបដោយតម្លាភាព និងមានការចូលរួមពីគ្រប់ភាគី ជាពិសេសការយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ និងសុខុមាលភាពរបស់កម្មករនិយោជិត។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ទោះបីជា យន្តការត្រីភាគីនេះទទួលបានវឌ្ឍនភាពជាទីមោទនៈនាពេលកន្លងមកក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តការយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹង និងកែលម្អយន្តការនេះជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ច និងសង្គមដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

យោងតាម អង្គការអន្តរជាតិខាងការងារ (ILO) ក្នុងរបាយការណ៍ស្តីពី “ប្រាក់ឈ្នួលនៅលើពិភពលោក ឆ្នាំ២០២០-២០២១” បានផ្តល់អនុសាសន៍ថា ៖ «ការកែសម្រួលប្រាក់ឈ្នួលទាមទារឲ្យមានការរក្សាតុល្យភាព និងធានាដល់ការរក្សាបានការងារ និងស្ថេរភាពរបស់រោងចក្រ សហគ្រាស និងរក្សាបាននូវប្រាក់ចំណូលសម្រាប់កម្មករនិយោជិត និងគ្រួសាររបស់ពួកគេ»។ ហេតុដូច្នេះ ការពិចារណាលើអនុសាសន៍របស់ ILO ជាការចាំបាច់ដើម្បីរក្សាការងាររបស់កម្មករ និងការបង្កើតឱកាសការងារដល់យុវជន ដែលដល់អាយុនឹងចូលទីផ្សារការងារ ពីព្រោះការបញ្ចប់វិបត្តិកូវីដ-១៩ នៅពេលអនាគតខាងមុខ មិនទាន់មានពន្លឺនៅឡើយ ស្របពេលមានការផ្ទុះឡើងជាបន្តបន្ទាប់ នូវវីរុសបំប្លែងខ្លួនថ្មី ដែលនាំឲ្យមានហានិភ័យកាន់តែខ្ពស់ក្នុងការចម្លង។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner