កាលពីថ្ងៃទី៧ សីហា ក្រុមតាលីបង់បានប្រកាសពីសមាសភាពនៃរដ្ឋាភិបាលបណ្ដោះអាសន្នដែលរួមបញ្ចូលគ្រប់ភាគីនៅអាហ្វហ្កានីស្ថាន និងប្រែក្លាយប្រទេសនេះជា “អ៊ីស្លាមអ៊ីមីរ៉េត”
មេដឹកនាំតាលីបង់ចំណាស់ជាងគេ និងជាទីប្រឹក្សាជិតស្និតរបស់ស្ថាបនិកតាលីបង់ លោក Hassan Akhund ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីស្ដីទី។ លោកធ្លាប់ជាអតីតអនុរដ្ឋមន្ត្រីការបរទេសរបស់តាលីបង់នៅពេលចូលកាន់អំណាចដំបូងនៅកំឡុងឆ្នាំ ១៩៩៦ ដល់ ២០០១ ហើយលោកក៏ស្ថិតក្នុងបញ្ជីទណ្ឌកម្មរបស់អង្គការសហប្រជាជាតិផងដែរ។
មេដឹកនាំការិយាល័យនយោបាយ និងសហស្ថាបនិកក្រុមតាលីបង់លោក Ghani Baradar ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រីស្ដីទី ខណៈដែលលោក Sirajuddin Haqqani ដែលជាកូនប្រុសរបស់ស្ថាបនិកបណ្ដាញ Haqqani ដែលជាក្រុមជ្រុលនិយម ត្រូវបានតែងតាំងជារដ្ឋមន្ត្រីស្ដីទីនៃក្រសួងមហាផ្ទៃ។
ក្រុមតាលីបង់ធ្លាប់បានអះអាងថា ពួកគេនឹងបង្កើតរដ្ឋាភិបាលបរិយាប័ន្នមួយ ប៉ុន្ដែក្នុងចំណោមសមាសភាពមេដឹកនាំតាលីបង់ដែលតែងតាំងគ្មានវត្តមានរបស់ស្ដ្រីសោះឡើយ។ យ៉ាងណាមិញ ការងារចម្បងរបស់រដ្ឋាភិបាលបណ្ដោះអាសន្ននេះគឺស្ដារសេដ្ឋកិច្ចជាតិឡើងវិញ និងស្វែងរកការទទួលស្គាល់ពីសហគមន៍អន្ដរជាតិ។

ប្រភព៖ BBC