ប្រមុខការទូតចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា
ភ្នំពេញៈឯកឧត្តម វ៉ាង យី(WangYi) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងប្រទេសផ្សេងទៀតក្នុងពេលឆាប់ៗនេះ។ នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាប្រកាសឱ្យដឹងនៅរាត្រីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ។

ឯកឧត្តម វ៉ាង យី (WangYi) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន
ស្ថានទូតចិនបានបញ្ជាក់ថា តបតាមការអញ្ជើញរបស់ឯកឧត្តម ផាម ប៊ិញមិញ(Pham Binh Minh) ឧបនាយករដ្ឋមន្ត្រី វៀតណាម និងឯកឧត្តម ប៊ូ ថាញ់ សន(Bui Thanh Son) រដ្ឋមន្ត្រីការបរទេសវៀតណាម, ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា, ឯកឧត្តម Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរី និងឯកឧត្តម Chung Eui-yong រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ឯកឧត្តមទីប្រឹក្សារដ្ឋ Wang Yi រដ្ឋមន្ត្រីការបរទេសចិន នឹងបំពេញទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសវៀតណាម កម្ពុជា សិង្ហបុរី និងកូរ៉េខាងត្បូងចាប់ពីថ្ងៃទី១០ ដល់១៥ ខែកញ្ញា។ ឯកឧត្តម Wang Yi នឹងអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១៣ នៃគណៈកម្មាធិការបញ្ជាការកិច្ចសហប្រតិបត្តិការទ្វេភាគីចិន-វៀតណាមជាមួយឯកឧត្តម Pham Binh Minh។
ប្រភពដដែលបន្តថា ប្រទេសវៀតណាម កម្ពុជា សិង្ហបុរី និងកូរ៉េខាងត្បូងសុទ្ធតែជាប្រទេសជិតខាង និងជាដៃគូកិច្ចសហប្រតិបត្តិការដ៏សំខាន់របស់ចិន។ ប្រឈមមុខជាមួយជំងឺវីរុសកូវីដ-១៩ ចិននិងប្រទេសជិតខាងបានជួយគ្នាទៅវិញទៅមករួមសុខរួមទុក្ខជាមួយគ្នាបានបោះជំហានទៅមុខក្នុងកិច្ចទប់ស្កាត់ជំងឺវីរុសជាសកល និងការស្តារជាថ្មីក្រោយពីបញ្ចប់ជំងឺវីរុសកូវីដ។ ដំណើរទស្សនកិច្ចរបស់ឯកឧត្តម Wang Yi បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងទឹកចិត្តដ៏ស្មោះរបស់ភាគីចិនជូនចំពោះប្រទេសទាំងបួនក្នុងការលើកកម្ពស់ចំណងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅ និងការផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក។
ក្នុងឱកាសនៃការបំពេញទស្សនកិច្ច ឯកឧត្តម Wang Yi នឹងពិភាក្សាយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅជាមួយបណ្ដាភាគី ជំរុញអនុវត្តកុងសុងស៊ីសសំខាន់ៗដែលបានឯកភាពគ្នាដោយឯកឧត្តមប្រធានាធិបតីចិន Xi Jinping និងថ្នាក់ដឹកនាំនៃប្រទេសទាំងបួន ផ្តោតសំខាន់លើកិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុស និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ជំរុញកិច្ចផ្ទៀងផ្ទាត់រវាងផែនការអភិវឌ្ឍន៍ថ្មីដែលបង្កើតឡើងដោយចិន និងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់បណ្ដាប្រទេស លើកកម្ពស់កិច្ចសហប្រតិបត្តិការ“ខ្សែក្រវាត់ និងផ្លូវ” និងកិច្ចកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិកាន់តែស៊ីជម្រៅ។ ភាគីចិនរីករាយសហការជាមួយប្រទេសទាំងបួនជំរុញទំនាក់ទំនងទ្វេភាគីឱ្យទទួលបានសមិទ្ធផលផ្លែផ្កាថ្មីៗឥតឈប់ឈររួមគ្នាការពារពហុភាគីនិយម និងយុត្តិធម៌សច្ចធម៌លើឆាកអន្តរជាតិបញ្ចូលថាមពលវិជ្ជមានកាន់តែច្រើនដល់សន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍន៍ក្នុងតំបន់រហូតដល់លើពិភពលោក៕
ដោយៈជម្ពូនុទ