សិក្ខាសាលាពិគ្រោះយោបល់ស្ដីពី ”យុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ”
រាជធានីភ្នំពេញ៖ នាយកដ្ឋានផែនការបានរៀបចំ សិក្ខាសាលាពិគ្រោះយោបល់ស្ដីពី ”យុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត្យសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានចាត់ទុកថាសិក្ខាសាលានេះ ជាវេទិកាពិគ្រោះយោបល់បើកចំហរក្នុងបរិបទថ្មីដើម្បីស្តារឡើងវិញសម្រាប់វិស័យអប់រំក្រោយវិបត្តិជំងឺកូវីដ-១៩ និងជាពេលវេលាដ៏សំខាន់ដែលបានប្រមូលផ្តុំនូវបញ្ញាញាណរបស់មន្ត្រីអប់រំនៃក្រសួងអប់រំ យុវជន និងកីឡាផងដែរ។ សិក្ខាសាលានេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង សាកលវិទ្យាធិការ សាកលវិទ្យាធិការរង លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន ដៃគូអភិវឌ្ឍន៍ និងមន្ត្រីជំនាញសរុបចំនួន ១៧៦ នាក់ ស្រី២២នាក់។
គោលបំណងនៃអង្គសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីយុទ្ធសាស្រ្តកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡាគឺដើម្បីវាយតម្លៃវឌ្ឍនភាព ប្រសិទ្ធភាព ភាពស័ក្តសិទ្ធក្នុងការគ្រប់គ្រងសេវាអប់រំនៅគ្រប់កម្រិតសិក្សា ដើម្បីទទួលបានសេវាអប់រំប្រកបដោយសមធម៌ ការអនុវត្តយុទ្ធសាស្រ្តកំណែទម្រង់កន្លងមក និងទិសដៅផែនការយុទ្ធបន្ទាប់ដើម្បីឆ្លើយតបនឹងកំណែទម្រង់ និងការអប់រំក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩។
ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានលើកឡើងអំពីយន្តការគន្លឹះក្នុងការផ្តល់សេវាអប់រំដល់សិស្សឆ្លើយតបនឹងវិបត្តិកូវីដ-១៩ ដោយបានលើកឡើងពី
១.ការដាក់ឱ្យដំណើរការគ្រឹះស្ថានសិក្សា នាថ្ងៃទី ១១ ខែមករា ឆ្នាំ២០២១ ផ្តោតលើខ្លឹមសារសំខាន់ៗ៖
ក)លទ្ធផលសិក្សាឆ្លើយតបកម្មវិធីសិក្សា
ខ)ការរៀបចំអនាម័យនៅតាមគ្រឹះស្ថានសិក្សា រក្សានូវអភិក្រម ”៣កុំ ៣ការពារ” គ)ការអនុវត្តទស្សនាទានថ្មី “គន្លងជីវិតថ្មីក្នុងវិស័យអប់រំ” និងបន្តជំរុញ “ការអប់រំឌីជីថល”
ឃ)ការអនុវត្តកម្មវិធីសិក្សាបង្រួញ
ង) ការធានាភាពសក្តិសិទ្ធនៃភាពជាអ្នកដឹកនាំ និងគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់
ច)ការអនុវត្តវិធីសាស្ត្របង្រៀនតាមបែបចម្រុះ
ឆ)ការពង្រឹងសក្តានុពលរបស់គ្រឹះស្ថានសិក្សា
ជ)សហការជាមួយគ្រប់ភាគីពាក់ព័ន្ធធានាឱ្យបាននូវការបន្តការសិក្សារបស់សិស្ស
២.សេចក្តីណែនាំរបស់ក្រសួងស្តីពី ការបង្រៀន និងរៀនតាមបណ្តុះសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅភូមិសាស្ត្រមានហានិភ័យទាប។
មុននឹងឈានចូលដល់អនុសាសន៍ដឹកនាំគន្លឹះៗ ឯកឧត្តមបាន លើកឡើងអំពីសារសំខាន់នៃការអប់រំឌីជីថល ពលរដ្ឋឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល ដែលជាការធ្វើបរិវត្តកម្មឌីជីថល (Digital Transformation) ជាពិសេសវិស័យឧត្តមសិក្សាត្រូវឈានមុខគេ។ ដើម្បីឱ្យសិក្ខាសាលានេះទទួលបាននូវធាតុចូលគ្រប់ជ្រុងជ្រោយ និងលទ្ធផលបានល្អប្រសើរ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានចូលរួមផ្តល់នូវយោបល់បីចំណុចជាគន្លឹះរួមមាន៖
១.សូមធ្វើការវាយតម្លៃអំពីវឌ្ឍនភាព ប្រសិទ្ធភាព ភាពស័ក្តិសិទ្ធ ក្នុងការអនុវត្តយុទ្ធសាស្រ្តកំណែទម្រង់វិស័យអប់រំ ជាពិសេសក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងក្រោយដំណាក់កាលកូវីដ-១៩
២.សូមពិនិត្យអំពីលទ្ធផលដែលសម្រេចបានក្នុងក្នុងការអនុវត្តយុទ្ធសាស្រ្តកំណែទម្រង់វិស័យអប់រំ និងប្រព័ន្ធអប់រំទាំងមូល ដោយធ្វើការវិភាគអំពីអាទិភាពកំណែទម្រង់វិស័យអប់រំបន្ទាប់
៣.សូមបន្ស៊ីកំណែទម្រង់អាទិភាពនានារបស់ក្រសួង ទៅក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំ ដែលបានកែសម្រួល និងកំណត់អាទិភាពថ្មីៗ ឱ្យស្របទៅនឹងផែនការឆ្លើយតបនឹងការីករាលដាលនៃជំងឺកូវីដ-១៩។
ឆ្លៀតក្នុងឱកាសនេះឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ ក៏សូមថ្លែងអំណរគុណដល់ឯកឧត្តម លោក លោកស្រី ទាំងអស់ ព្រមទាំងដៃគូអភិវឌ្ឍន៍ ដែលបានចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់នេះ និងក៏បានអំពាវនាវដល់បុគ្គលិកអប់រំឱ្យថែររក្សាសុខភាព និង ចូលរួមការពារខ្លួន គ្រួសារ និងសហគមន៍ពីជំងឺរាតត្បាតកូវីដ-១៩ តាមរយៈការអនុវត្ត ៣កុំ និង ៣ការពារ។ដោយ-រ៉ាវុធ




