កិច្ចសន្ទនា រវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ជាមួយនឹងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន លើកទី៥៣

ភ្នំពេញ៖ នារសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមកិច្ចសន្ទនា រវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ជាមួយនឹងក្រុមប្រឹក្សាធុរកិច្ចអាស៊ានលើកទី៥៣ (53rd AEM-ASEAN Business Advisory Council Dialogue) តាមប្រព័ន្ធវីដេអូ (Zoom) ដោយមានការចូលរួមពីរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងប្រធានសភាពាណិជ្ជកម្ម ពីបណ្តារដ្ឋសមាជិកអា-ស៊ាន ព្រមទាំងអគ្គលេខាធិការអាស៊ានផងដែរ ។

កិច្ចប្រជុំបានពិភាក្សា និងផ្លាស់ប្ដូរយោបល់លើការងារមួយចំនួន ដូចខាងក្រោម៖ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានសង្ខេបជូនរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន អំពីអាទិ-ភាព និងវឌ្ឍនភាព នៃការអនុវត្តគម្រោងផ្តួចផ្តើមរបស់ខ្លួន សម្រាប់ឆ្នាំ២០២១។ ជាមួយនោះដែរ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ក៏បានធ្វើបទបង្ហាញពីគម្រោង នៃការរៀបចំ កិច្ចប្រជុំកំពូលស្តីពីពាណិជ្ជកម្ម និងវិនិយោគអាស៊ានឆ្នាំ ២០២១ (ASEAN Business and Investment Summit 2021) ក្រោមការដឹកនាំរបស់ប្រទេសព្រុយណេ ។

ជាការឆ្លើយតប ឯកឧត្តម ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណចំពោះក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) និងក្រុមប្រឹក្សាចម្រុះធុរកិច្ច (JBC) ចំពោះកិច្ចខិតខំប្រឹងប្រែង និងការសម្របសម្រួលរបស់ពួកគេ ក្នុងការជួយស្តារឡើងវិញ ពីជំងឺកូវីដ-១៩ ក្នុងតំបន់ ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអបអរសា-
ទរ ដល់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ចំពោះវឌ្ឍនភាពនៃការអនុវត្តគម្រោងរបស់ខ្លួន ដែលមានគុណតម្លៃដល់សហគមន៍សេដ្ឋកិច្ចអាស៊ាន ។

ជាមួយនឹងគ្នានេះដែរ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ ដល់កិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមក ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ និងលើកទឹកចិត្តដល់ស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំទាញយកប្រយោជន៍ ឱ្យអស់ពីលទ្ធភាពនូវក្របខណ្ឌ ផែនការសកម្មភាពនានារបស់អាស៊ាន ដែលមានស្រាប់ ព្រមជាមួយនឹងគំនិតផ្តួចផ្តើមថ្មីៗ របស់អាស៊ានផងដែរ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner