រថយន្តហ៊ីយ៉ាន់ដាយដឹកទ្រុងមាន់ប្រលះជាមួយម៉ូតូនិចពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់ស្លាប់មួយរំពេច
អត្ថបទដោយ៖
ហេង វណ្ណា
ភ្នំពេញ ៖ បុរសម្នាក់បានបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម បន្ទាប់ពីជិះម៉ូតូមួយគ្រឿងត្រូវបានរថយន្តដឹកទ្រុងមាន់បុកចំពីមុខពេញទំហឹង កាលពីវេលាម៉ោង ១២និង២០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចមុខបន្ទាយអាវុធហត្ថកំបូល តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះហឿន សុផាត ភេទប្រុស អាយុ ៣០ ឆ្នាំ មានស្រុកកំណើតភូមិគោហ៊េ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុឃើញរថយន្តហ៊ីយ៉ាន់ដាយដឹកទ្រុងមាន់មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AR-0438 បើកបរដោយបុរសម្នាក់រួមដំណើរនឹងបុរស២នាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយនឹងម៉ូតូសុយសូគីនិចមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ1DE-0001ជិះដោយបុរសម្នាក់បញ្ច្រាសទិសដៅគ្នា ពីលិចទៅកើតចំពីមុខពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះបោកបន្ទប់នឹងក្បាលរថយន្តបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណាចអាធម៌ ភ្លាមនោះតៃកុងរថយន្តនិងអ្នករួមដំណើរឃើញសភាពមិនស្រួលនាំគ្នាតិចខ្លួនចេញពីកន្លែងកើតហេតុបាត់អស់។ចំណែកម៉ូតូខូចខាតស្ទើរទាំងស្រុង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕ដោយ ៖ ជីម ភារ៉ា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។