សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា “ភាពជាម្ចាស់ប្រទេស» គឺជាគន្លឹះឈានឆ្ពោះទៅរកជោគជ័យ និងសន្តិភាព ពេញលេញ ប្រកបដោយនិរន្តរភាព

ភ្នំពេញ៖ សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ភាពជាម្ចាស់ ប្រទេស គឺជាគន្លឹះឈានឆ្ពោះទៅរកជោគជ័យ និងសន្តិភាពពេញលេញ ប្រកបដោយនិរន្តរភាព ។ និយាយមួយបែប ទៀតបានថា, ប្រទេសដទៃមិនអាចមកបណ្តុះគុណតម្លៃ និងប្រព័ន្ធនយោបាយឱ្យប្រទេសណាមួយ បាននោះឡើយ ដោយសារមូលដ្ឋានគ្រឹះសំខាន់ទាំងនេះ ត្រូវការការរីកលូតលាស់ជាលំដាប់លំដោយ ស្របទៅតាមបរិបទនយោបាយ, សេដ្ឋកិច្ច, សង្គមកិច្ច និងវប្បធម៌របស់ប្រទេសនីមួយៗ ។

ការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន ដូចនេះ ក្នុងឱកាស ថ្លែងសុន្ទរកថាក្នុងកម្មវិធីមហាសន្និបាតនៃក្ដីសង្ឃឹមពិភពលោក លើកទី៧៖ ស្ថាប័នស្រាវជ្រាវ ឆ្នាំ២០២២ ក្រោមប្រធាន បទ “សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក” នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១, តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួម ពីលោកជំទាវ ហាក់ ចា ហាន់ មូន (Hak Ja Han Moon) ជាសហស្ថាបនិកនៃសហព័ន្ធសន្តិភាពសកល, លោកបណ្ឌិត ថូម៉ាស ជី វ៉ាលស៍ (Dr. Thomas G, Walsh) ប្រធានសហព័ន្ធសន្តិភាព រួមនឹងថ្នាក់ដឹកនាំនៃបណ្ដារប្រទេសមួយចំនួន ទៀត រួមនឹងស្ថាប័នពាក់ព័ន្ធចំនួន៣៦ផ្សេងទៀត ។

ឆ្លៀតក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវនមោទនភាពដែលវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) របស់ កម្ពុជា ត្រូវបានសហព័ន្ធសន្តិភាពសកល ជ្រើសរើសបំពេញតួនាទីជាលេខាធិការដ្ឋានប្រចាំអាស៊ីប៉ាស៊ីហ្វិកនៃកម្មវិធី «ស្ថាប័នស្រាវជ្រាវ ឆ្នាំ២០២២» ។ សម្ដេចយល់ថា ស្ថាប័នស្រាវជ្រាវក៏មានតួនាទីសំខាន់ក្នុងការចូលរួមចំណែកដោះ ស្រាយបញ្ហាវិបត្តិ និងលើកកម្ពស់ការរក្សាសន្តិភាពតាមរយៈការវិភាគស៊ីជម្រៅនិងការបណ្តុះស្មារតីផ្លាស់ប្តូរមតិយោបល់ និងកិច្ចសន្ទនា ។ លើសពីនេះ, ស្ថាប័នស្រាវជ្រាវត្រូវផ្ដល់ អាទិភាពខ្ពស់លើភាពប្រាកដនិយម, រក្សាស្មារតីស្ថាបនា, មិន ប្រកាន់និន្នាការជ្រុលនិយម, លើកកម្ពស់គោលការណ៍ស្វែងយល់ពីគ្នា និងផ្តល់តម្លៃដល់ភាពចម្រុះ (diversity) ក្នុងការ សិក្សា, ការវិភាគ និងការដាក់ចេញនូវអនុសាសន៍នានា ក្នុងបុព្វហេតុស្វែងរក និងរក្សាសន្តិភាព ជាពិសេសការ ធានា បាននូវការអភិវឌ្ឍប្រកបដោយបរិយាបន្នដល់មនុស្សជាតិ ។

នៅក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមជាប្រទេសដែលផ្តល់តម្លៃមិនអាចកាត់ថ្លៃ បានដល់ សន្តិភាព កម្ពុជា សូមវាយតម្លៃខ្ពស់ចំពោះការរៀបចំមហាសន្និបាតនេះ ដើម្បីពង្រឹងវប្បធម៌ សន្តិភាព និងការជឿទុកចិត្ត គ្នាទៅវិញទៅមក ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។

សម្ដេច បានបន្តថា បច្ចុប្បន្ននេះ, ព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយមួយក្នុងតំបន់ ដែលបាននិងកំពុងទទួល បានការ ចាប់អារម្មណ៍យ៉ាងខ្លាំងពីមជ្ឈដ្ឋានអន្តរជាតិ គឺការដកកងទ័ពរបស់សហរដ្ឋអាមេរិក ចេញពីប្រទេសអាហ្វហ្គានីស្ថាន និងការដណ្តើមកាន់កាប់ទីក្រុងកាប៊ុលទាំងស្រុងឡើងវិញ ដោយក្រុមតាលីបង់ ។ ព្រឹត្តិការណ៍នេះ គឺជាការរំលឹកយ៉ាង ក្រៀមក្រំ និងជូរចត់ទៅដល់រឿងរ៉ាវ ដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដែលនៅពេលនោះ ខ្មែរក្រហម បានចូលកាន់កាប់ទីក្រុងភ្នំពេញ ដែលនេះ គឺជាស្ថានភាពដ៏សោកសៅបំផុត ដែល កម្ពុជា និងប្រជាជនកម្ពុជា ចងចាំពីភាពខ្លោចផ្សា និងប្តេជ្ញាបញ្ចៀសព្រឹត្តិការណ៍ស្រដៀងគ្នានេះ មិនឱ្យកើតឡើងម្ដង ទៀតឡើយ ។

ច្បាស់ណាស់ថា ទិដ្ឋភាពភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិក កំពុងប្រែប្រួលយ៉ាងឆាប់រហ័ស ព្រមជាមួយនឹងការប្រែប្រួលតុល្យភាពអំណាចសកល និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ដែលកាន់តែស្មុគ ស្មាញ, ស្រួចស្រាល់ និងគ្រោះថ្នាក់បំផុត ។ ជាអកុសល នៅក្នុងកម្រិតណាមួយនោះ, ខ្សែបន្ទាត់ភូមិសាស្ត្រនយោបាយ ត្រូវបានគូសវាសឡើងរួចទៅហើយ ដែលការណ៍នេះ អាចនឹងរុញច្រានឱ្យមានការកើតឡើងនូវនិន្នាការបន្ទច់បង្អាក់មិន ប្រក្រតី នោះគឺរដ្ឋតូចៗ កំពុងស្ថិតនៅក្រោមសម្ពាធឱ្យធ្វើការជ្រើសរើសភាគីម្ខាងៗ ដែលផ្ទុយពីឆន្ទៈ និងផលប្រយោជន៍ ជាតិរបស់ខ្លួន ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា តាមរយៈបទពិសោធន៍ដែលស្តែងចេញពីការវិវត្តនៃស្ថានការណ៍នយោបាយ នៅប្រទេសអាហ្វហ្គានីស្ថាន និងទីកន្លែងផ្សេងៗទៀត, យើងអាចយល់ច្បាស់បានថា មានតែភាគីពាក់ព័ន្ធក្នុងប្រទេស មានជម្លោះតែប៉ុណ្ណោះ ដែលអាចចូលរួមចំណែកកសាងសន្តិភាព និងប្រទេសជាតិបាន ។ ប្រទេសដទៃ មិនអាចមកដើរ តួជំនួសក្នុងការកសាងនេះបានឡើយ ។ ក្នុងន័យនេះ, សម្ដេចតេជោ សូមគូសបញ្ជាក់ថា “ភាពជាម្ចាស់ប្រទេស» គឺជា គន្លឹះឈានឆ្ពោះទៅរកជោគជ័យ និងសន្តិភាព ពេញលេញ ប្រកបដោយនិរន្តរភាព ។

និយាយមួយបែបទៀតបានថា, ប្រទេសដទៃមិនអាចមក បណ្តុះគុណតម្លៃ និងប្រព័ន្ធនយោបាយឱ្យប្រទេសណាមួយបាននោះឡើយ ដោយសារមូល ដ្ឋានគ្រឹះសំខាន់ទាំងនេះ ត្រូវការការរីកលូតលាស់ជាលំដាប់លំដោយ ស្របទៅតាមបរិបទនយោបាយ, សេដ្ឋកិច្ច, សង្គមកិច្ច និងវប្បធម៌របស់ប្រទេសនីមួយៗ ។ ជាក់ស្តែង, កម្ពុជា គឺជាឧទាហរណ៍គំរូមួយ ដែលគួរពិចារណាយកបទ ពិសោធន៍ ។ សន្តិភាពពេញលេញ ដែលយើងទទួលបាននាពេលនេះ គឺត្រូវបានកសាងឡើងដោយមានការចូលរួមពី ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងប្រទេស ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ទៀតថា កាលពីដើមទសវត្សន៍ឆ្នាំ១៩៩០, កម្ពុជា មិនអាចសម្រេចបាន សន្តិភាពពេញលេញនោះទេ បើទោះបីជាសហគមន៍អន្តរជាតិ បានចំណាយថវិកាអស់ប្រមាណ ២ពាន់លានដុល្លារ អាមេរិក ។ សង្គ្រាមនៅតែបន្តអូសបន្លាយរហូតដល់ខែធ្នូ ឆ្នាំ១៩៩៨ ទើបកម្ពុជា អាចឈានទៅសម្រេចបានសន្តិភាព ពេញលេញ បន្ទាប់ពីបានអនុវត្តនយោបាយ ឈ្នះ-ឈ្នះ ដើម្បីស្វែងរកដំណោះស្រាយនយោបាយរួមមួយក្នុងចំណោម ជាតិសាសន៍របស់យើង ។ ក្នុងន័យនេះ, ខ្ញុំសូមគូសបញ្ជាក់ជាថ្មីម្តងទៀតថា យើងត្រូវតែមាន “ភាពជាម្ចាស់ប្រទេស” នៅក្នុងការកសាងសន្តិភាព និងការកសាងប្រទេសជាតិនៅក្រោយជម្លោះ ។

ក្រោយពីបញ្ចប់ការថ្លែងសុន្ទរកថា សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រគល់ជូននូវមេដៃមាសពិសេស ដើម្បីផ្ដល់កិត្តិយសជូនសម្ដេចតេជោ ហ៊ុន សែន ក្នុងតួនាទី ដើម្បីសន្តិភាព នៅក្នុងឧបទ្វីបកូរ៉េ ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner