លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានដឹកនាំគណៈប្រតិភូមកដល់ភ្នំពេញដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ នាថ្ងៃទី១២-១៣ កញ្ញា ២០២១
លោក វ៉ាង យី នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ សម្តេចតេជោ ហ៊ុន សែន និងមានអាហារការងារពេលព្រឹកជាមួយ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង។
លោកក៏នឹងអញ្ជើញមានជំនួបទ្វេភាគីជាមួយ លោករដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន ដើម្បីពិភាក្សាលើទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរួមមាន ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពាណិជ្ជកម្មនិងការវិនិយោគ ការអប់រំ សន្តិសុខនិងការពារជាតិ ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម។
សម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង យី នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីប្រគល់-ទទួលជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតកតេជោ ដែលនឹងក្លាយជាទីតាំងសំខាន់សម្រាប់ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០២៣ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ។ ភាគីទាំងពីរ នឹងអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់មួយចំនួន។
ចាប់ពីថ្ងៃទី១០-១៥ កញ្ញា ២០២១ លោក វ៉ាង យី ធ្វើទស្សនកិច្ចកម្ពុជា វៀតណាម សិង្ហបុរី និងកូរ៉េខាងត្បូង។
