ថ្នាក់ដឹកនាំក្លឹបគីរីវង់សុខសែនជ័យ បង្ហាញអារម្មណ៍មិនពេញចិត្តចំពោះការផ្តល់កាតក្រហមអោយខ្សែការពារ Taku
លោក ឯម តារា អគ្គលេខាធិការរងក្លឹបបាល់ទាត់គីរីវង់សុខសែនជ័យ បានបង្ហាញអារម្មណ៍មិនពេញចិត្តចំពោះការកាត់សេចក្តីរបស់អាជ្ញាកណ្តាលជុំវិញការពិន័យកាតក្រហមខ្សែការពារសញ្ជាតិជប៉ុន Taku នៅវគ្គទី១ នៃការប្រកួតបាល់ទាត់មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០២១ សប្តាហ៍ទី១២ កាលពីល្ងាចម្សិលមិញ ។

លោក ឯម តារា បន្តថា ការប្រកួតនៅវគ្គទី១ ក្រុមទាំងមូលធ្វើបានល្អ ដោយលេងបានតែ២៨នាទី កីឡាករ ដាវ នីម រកគ្រាប់បាល់នាំមុខអោយគីរីវង់សុខសែនជ័យមុន ប៉ុន្តែលទ្ធផលបានប្រែប្រួលពេលក្រុមបាត់សមាជិកម្នាក់ គឺខ្សែការពារសញ្ជាតិជប៉ុន Taku ធ្វើអោយកីឡាករទាំងអស់បាត់ម្ចាស់ការរហូតជះឥទ្ធិពលអោយក្រុមបាត់បង់៣ពិន្ទុ ដោយក្រុមណាហ្គាវើលដ៏វាយកបកយកឈ្នះ ក្នុងលទ្ធផល ២ទល់៥ ធ្វើសម្រេចដោយកីឡាករ Leuca Petro ២គ្រាប់ នៅនាទីទី៤៨ និង៥០ កីឡាករ Macio ៣គ្រាប់ នាទីទី៥៤ នាទី៨២ និង៩០+១ ដោយបាល់១១ម៉ែត្រ តែកីឡាករ Tadin រកបានមួយគ្រាប់ឲ្យគីរីវង់វិញផងដែរ ។
លោកអគ្គលេខាធិការរងរូបនេះ បញ្ជាក់ថា បរាជ័យនេះធ្វើអោយក្រុមបាត់បង់ឪកាស ប៉ុន្តែយើងត្រូវប្តេជ្ញាប្រឹងប្រែងហ្វឹកហាត់ ផ្តោតអារម្មណ៍លើការប្រកួតចុងក្រោយជាមួយក្រុមនគរបាលជាតិ នាថ្ងៃទី១៥ ខែកញ្ញានេះ ដើម្បីធានាអោយនូវកៅអី Top 8 ត្រៀមប្រកួតប្រជែងជើងទី២ បន្តទៀត ។
ចំណែកឯលទ្ធផល២គូទៀត ក្រុមជើងឯកឆ្នាំចាស់បឹងកេត បានចាញ់ ក្រុមវិសាខា ១ទល់៥ និងក្រុមនគរបាលជាតិ ចាញ់ ក្រុមព្រះខ័នរាជស្វាយរៀង ០ទល់៥ ។ រីឯថ្ងៃនេះមាន៣ប្រកួត ក្រុមខេត្តព្រៃវែង ប៉ះ អាស៊ីអឺរ៉ុប , អគ្គីសនីកម្ពុជា ប៉ះ ទ័ព និងក្រុមអង្គរថាយហ្គឺរ ប៉ះ ភ្នំពេញក្រោន ម៉ោង១៥:៣០ រសៀលដូចគ្នា ។
សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់មិត្តហ្វូន ខាមបូឌានលីគ ឆ្នាំ២០២១ ជើងទី១ នឹងបិទបញ្ចប់នៅថ្ងៃទី១៥ ខែកញ្ញា ហើយជើងទី២នឹងចាប់ផ្ដើមពីថ្ងៃទី១៨ ខែកញ្ញា ៕
