អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រកាសថា មនុស្ស ៥១នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី១២ ខែកញ្ញា ម្សិលមិញ
ភ្នំពេញ ៖ មានជនសង្ស័យ ៥១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញ ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញានេះ ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមជនសង្ស័យទាំង ៥១នាក់នោះ មាន ១៨នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ ០៦ករណី និងជនសង្ស័យ ៣៣នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសគ្រឿងញៀន ១៦ករណី ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច ៕