អាជ្ញាធរខេត្តបាត់ដំបង បានធ្វើការណែនាំដល់អាជ្ញាធរស្រុក-ក្រុង នាយកសាលា និង មន្ត្រីសុខាភិបាល ឲ្យចុះពិនិត្យសម្អាតអនាម័យនិងបាញ់ថ្នាំសម្លាប់មេរោគ នៅមុនបើកសាលាឲ្យសិស្សចូលរៀន
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងប្រចាំខែសីហានៅរសៀលថ្ងៃទី១៣ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានធ្វើការណែនាំដល់អាជ្ញាធរស្រុក-ក្រុង នាយកសាលា និងមន្ត្រីសុខាភិបាលក្នុងមូលដ្ឋាននិងខេត្ត ឲ្យចុះពិនិត្យមើលនិងនាំគ្នាធ្វើការសម្អាតអនាម័យនិងបាញ់ថ្នាំសម្លាប់មេរោគជាមុនសិន។នៅមុននិងបើកសាលា ឲ្យសិស្សចូលរៀន ដើម្បីផ្តល់នូវភាពកក៎ក្តៅនិងទំនុកចិត្តពីមាតាបិតានិងអាណាព្យាបាលរបស់សិស្សទាំងនោះ។
តាមការគូសបញ្ជាក់ពីលោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត នៅក្នុងកិច្ចប្រជុំនេះ បានឲ្យដឹងថា៖យោងតាមពិនិត្យអាទិភាពនៅតំបន់សុវត្ថិភាព ដែលមិនមានបញ្ហាប្រឈម និងតំបន់ដែលមានហានិភ័យទាបពីការឆ្លងរាតត្បាតពីកូវីដ19ដែលផ្តល់ដោយរដ្ឋបាលស្រុកក្រុង គឺ៖មានសាលាសរុបចំនួន ៦៩៣សាលា ស្មើជាង៧៨%។ ក្នុងនោះ៖ វិទ្យាល័យចំនួន២២ ក្នុងចំណោមសរុប ៣១វិទ្យាល័យ ស្មើជាង ៧៥%។ និងកម្រិតបឋមចំនួន ៥៩០សាលា ស្មើជាង៨៨%។ហើយថ្នាក់សិក្សាដែលត្រូវបើកនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ដើម្បីជាជំហានសាកល្បងខាងមុខនេះ គឺមានថ្នាក់ទី៦ ទី៩និងទី១២។ចំពោះថ្នាក់ផ្សេង។ទៀតនិងបើកជាបន្តបន្ទាប់ក្រោយៗទៀត។
ពាក់ព័ន្ធនិងការបើកសាលាឲ្យសិស្សចូលរៀននូវ កម្រិតថ្នាក់ ទាំង៣ខាងលើនេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរអប់រំខេត្ត អាជ្ញាធរក្រុង-ស្រុក មន្រ្តីសុខាភិបាល និងនាយកសាលាទាំងអស់ ត្រូវចុះទៅពិនិត្យមើលនៅតាមសាលាក្នុងមូលដ្ឋានខ្លួនក្នុងកិច្ចសហការគ្នាដើម្បីរៀបចំធ្វើការសម្អាតអនាម័យ និងបាញ់ថ្នាំសម្លាប់មេរោគនៅតាមសាលាទាំងនោះ មុននិងបើកដំណើរការឲ្យសិស្សចូលរៀនសាលាទាំងនោះឡើងវិញ និងដើម្បីកាត់បន្ថយពីហានិភ័យនៃការឆ្លងរីករាលដាលជំងឺកូវីដ-19។
នៅក្នុងកិច្ចប្រជុំនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឯកឧត្តម ងួន រតនៈ បានថ្លែងដោយសង្កត់ធ្ងន់ទៀតថា ៖នៅក្នុង«ចន្លោះពេលនេះបើយើងមានលទ្ធភាព ក៏គួរតែនាំគ្នាធ្វើការសម្អាត នៅតាមសាលារៀនទាំងអស់នោះឡើងវិញ និង ត្រូវធ្វើការបាញ់ថ្នាំសម្លាប់មេរោគឲ្យបានត្រឹមត្រូវ ជាពិសេសគឺត្រូវយកចិត្តទុកដាក់សាលាដែលធ្លាប់ធ្វើជាមណ្ឌលចត្តាឡីស័ក ក្នុងខណៈកន្លងទៅដែលសាលាមួយចំនួនធំទាំងនោះ ត្រូវបានយកធ្វើជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-19 និងធ្វើជាមណ្ឌលចត្តាឡីស័ក» ផងដែរ។
ឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាអភិបាលខេត្តបាត់ដំបង ក៏បានថ្លែងនូវការណែនាំបន្ថែមទៀតថានៅតាមបណ្ដាសាលារៀនទាំងអស់ដែលត្រូវបើកឲ្យដំណើរការឡើងវិញទាំងនោះ គឺ៖ត្រូវតែបង្កើតនូវគណៈកម្មការគ្រប់គ្រងសាលា និងក្រុមការងារតាមដានមួយ ដោយមានសមាសភាពចូលរួម ពីអាជ្ញាធរនៅក្នុងមូលដ្ឋាន នាយកសាលា មន្រ្តីសុខាភិបាល លោកគ្រូ អ្នកគ្រូ សហគមន៍ និងអាណាព្យាបាលសិស្ស ដើម្បីចូលរួមតាមដាន និងវាយតម្លៃអំពីកិច្ចដំណើរការនៃការបើកសាលានេះដោយសំដៅរក្សានូវសុវត្ថិភាពដល់សិស្សានុសិស្សដែលចូលរៀន។ ហើយក្នុងនោះ ក៏មានអភិបាលរងខេត្ត១រូបទទួលបន្ទុកក្នុងការតាមឃ្លាំមើល ត្រួតពិនិត្យនិងទទួលខុសត្រូវតាមបណ្តាស្រុក-ក្រុងទាំងនោះទៀតផង។
ឯកឧត្តមអភិបាលខេត្តក៏បានសង្កត់ធ្ងន់ទៀតថា ក្រោយពេលបើកដំណើរការសាលារៀនហើយ ប្រសិនបើតំបន់នោះមានការឆ្លងរីករាលដាលជំងឺកូវីដ-19ខ្លាំង ត្រូវបិទសាលាទាំងនោះវិញជាបន្ទាន់ ចៀសវាងពីការឆ្លងនិងចម្លងទៅក្នុងសហគមន៍។
តាមការលើកឡើងក្នុងកិច្ចប្រជុំនេះ លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង ក៏បានសង្កត់ធ្ងន់ឲ្យដឹងផងដែរ ខណៈដែលគ្រឹះស្ថានសិក្សាទាំងនេះបើកឲ្យសិស្សចូលរៀនវិញ ក្នុងនោះមន្ទីរនិងធ្វើការណែនាំជាមុនបន្ថែមទៀត ដោយកំណត់និងតម្រូវឲ្យសាលានីមូយៗ ត្រូវតាមានបន្ទប់សុខភាពសិក្សា និងសម្ភារៈសង្គ្រោះបន្ទាន់ចាំបាច់ដែលជាតម្រូវការក្នុងការថែរក្សាសុខភាពនិងសុវត្ថិភាពដល់សិស្សដែលមកសាលានិងកំពុងសិក្សា។ ដោយត្រូវអនុវត្ត នូវវិធានសុខាភិបាល ឲ្យបានម៉ឺងម៉ាត់និងត្រូវប្រកាន់យ៉ាងខ្ជាប់ខ្ជួនទាំងគ្រូនិងសិស្សដោយត្រូវពាក់ម៉ាស់ ធ្វើការវាស់កម្តៅ រក្សាគម្លាត ទាំងនៅពេលចូលក្នុងសាលា និងពេលកំពុងរៀនជាដើម៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )