វិភាគ៖ គ្មានអ្វីត្រូវមន្ទិលសោះឡើយ ចំពោះមិត្តភាពដែកថែប រវាងចិន និងកម្ពុជា

ភ្នំពេញ៖ ព្រឹត្តិការណ៍ថ្មីមួយដ៏គួរឱ្យចាប់អារម្មណ៍ រំភើប និងភ្ញាក់ផ្អើល គឺដំណើរទស្សនកិច្ចជាផ្លូវការរបស់ ឯកឧត្តម វ៉ាង អ៊ី ទីប្រឹក្សារដ្ឋចិនមកកាន់កម្ពុជារយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី ១២-១៣ ខែកញ្ញា ឆ្នាំ២០២១ ដែលបានហុចផលយ៉ាងធំសម្បើមមិនគួរឱ្យនឹកស្មានដល់ ក្រោមកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរកម្ពុជានិងចិនប្រកបដោយសន្តានចិត្តជាមិត្តដែកថែបយ៉ាងពិតប្រាកដ។

នៅក្នុងជំនួបរវាងឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន និងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នារសៀលថ្ងៃទី ១២ កញ្ញា ២០២១ នេះ ភាគីទាំងពីរបានពិភាក្សាគ្នាពីមធ្យោបាយធ្វើយ៉ាងណាឱ្យពង្រឹងបន្តទៀតនូវកិច្ច សហប្រតិបត្តិការនៃប្រទេសទាំងពីរទាំងវិស័យនយោបាយ ការពារជាតិ សន្តិសុខ ការងើបឡើងវិញនូវ ការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ជាដើម។ ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សាគ្នាលើការ ពង្រឹងវិស័យទេសចរណ៍ វប្បធម៌ សិក្សាធិការ និងសុខាភិបាលសាធារណៈផងដែរ។

ជាពិសេសភាគីទាំង ពីរក៏បានពិភាក្សាគ្នាលើបញ្ហាអន្តរជាតិមួយចំនួន ដោយបានប្តេជ្ញាគាំទ្រដល់ពហុភាគីនិយម គាំទ្រលើ សណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើការគោរពច្បាប់អន្តរជាតិ ដើម្បីរក្សាបាននូវសន្តិភាព ស្ថេរភាពក្នុង តំបន់និងលើសកលលោក។ ភ្ជាប់ក្នុងឱកាសនោះ ឯកឧត្តម វ៉ាង យី បានសន្យាថានឹងជួយផ្តល់វ៉ាក់សាំង ការពារកូវីដ១៩ ដល់កម្ពុជាចំនួន ៣លានដូសបន្ថែមទៀត ហើយឯកឧត្តមក៏មិនភ្លេចរំឭកផងដែរនូវ ទឹកចិត្តដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានចំពោះចិនថា ក្រោយពីជំងឺកូវីដ១៩ បានផ្ទុះឡើង នៅប្រទេសចិន សម្ដេចតេជោ ហ៊ុន សែន បានធ្វើដំណើរបញ្ច្រាសទិសទៅទស្សនកិច្ចប្រទេសចិន ក្នុង ខណៈដែលបណ្ដាប្រទេសផ្សេងៗបានបិទជើងហោះហើរជាមួយចិន ហើយបន្ទាប់ពីកម្ពុជាបានផ្ទុះកូវីដ ១៩ ចិនក៏ចាប់ផ្ដើមជួយកម្ពុជាទាំងផ្នែកស្មារតី សម្ភារៈ និងបច្ចេកទេស… ផងដែរ។

ឯកឧត្តមក៏បានបន្ថែម ថា ភាគីចិននឹងបន្តគាំទ្រសម្ដេចតេជោដឹកនាំគណបក្សប្រជាជនកម្ពុជា បន្តការងាររាជរដ្ឋាភិបាលដោយ រលូន ជួយកម្ពុជារក្សានូវវឌ្ឍនភាពជាតិ បន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងរួមគ្នាកសាង “ខ្សែក្រវាត់ និងផ្លូវ” ប្រកបដោយប្រសិទ្ធភាពខ្ពស់ ជំរុញកិច្ចសហប្រតិបត្តិការ ហេដ្ឋារចនា សម្ព័ន្ធ ផលិតកម្ម និង បច្ចេកវិទ្យា ៥G ជាដើម។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺក្រោយពីឯកឧត្តម វ៉ាង យី បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាពនារសៀលថ្ងៃដដែលហើយនោះ សម្ដេច ហ៊ុន សែន និងឯកឧត្តម វ៉ាង យី ក៏បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៦ ដែលក្នុងនោះរួមមាន៖ ១-លិខិតប្រគល់-ទទួលសម្ភារៈមនុស្សធម៌ក្នុងវិស័យបោសសម្អាតមីន, ២-កិច្ចព្រម ព្រៀងសហប្រតិបត្តិការស្តីអំពីការគាំទ្រមន្ទីរពេទ្យដៃគូ, ៣-លិខិតប្រគល់-ទទួលបរិក្ខារដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាត, ៤- កិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេសស្តីពីការផ្តល់ហិរញ្ញប្បទាន ឥតសំណងចំនួន២៧០លានដុល្លារអាមេរិក, ៥-លិខិតប្រគល់-ទទួលថវិកាចំនួន ២,៥លានដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការងារបោសសម្អាតមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា, ៦- កិច្ចព្រម ព្រៀងស្ដីពីគម្រោងកិច្ចសហប្រតិបត្តិការរបស់មូលនិធិពិសេសមេគង្គ-ឡានឆាង។

លទ្ធផលទាំងនេះត្រូវ បានសបញ្ជាក់ឱ្យឃើញយ៉ាងពិតប្រាកដដែលកើតចេញពីកិច្ចសហប្រតិបត្តិការល្អ មិត្តភាពល្អ ដែលទោះ ជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយតែងតែខ្វល់ខ្វាយនិងជួយជ្រោមជ្រែងគ្នាដើម្បីភាពរីកចម្រើនទាំងអស់គ្នា ហើយដែលសំខាន់ គឺរួមវាសនាតែមួយជាមួយគ្នា។

នៅក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម វ៉ាង យី ធ្វើជាអធិបតីក្នុងពិធីប្រគល់-ទទួលជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយរបស់ចិនដល់ប្រទេសកម្ពុជានាល្ងាចថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២១ ដដែលនោះ នៅក្នុងបរិបទនៃទំនាក់ទំនងជាមិត្តល្អ មិត្តពិត និងជាមិត្តដែកថែប ដែលសន្យាថានឹងចាប់ដៃគ្នាលើកស្ទួយតម្កល់នូវក្ដីស្រឡាញ់និងការគោរពគ្នាយ៉ាងអស់ពីចិត្តពីថ្លើម សម្តេច តេជោ ហ៊ុន សែន បានថ្លែងថា មិត្តភាពដែកថែបនេះវាមិនមែនជាការចៃដន្យកើតឡើងនោះទេ ក៏ប៉ុន្តែមាន ការត្រួសត្រាយផ្លូវដោយព្រះបិតាជាតិរបស់យើង ជាមួយនឹងមេដឹកនាំជំនាន់ដើមរបស់ចិន។ សម្ដេចបញ្ជាក់ ថា “យើងក្លាយទៅជាមិត្តដែលមានការជឿទុកចិត្ត យើងក្លាយទៅជាមិត្តក្នុងក្របខណ្ឌដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ បន្ទាប់ពីឯកឧត្តមប្រធានាធិបតី ស៊ី ជិនភីង ផ្ទាល់ បានហៅថានេះជាមិត្តភាពដែកថែប។

មិត្តភាពដែកថែបនៅទីនេះបើតាមនិយមន័យដែលខ្ញុំកាត់យល់ និងការយល់ដឹងរបស់ខ្ញុំ គឺនៅត្រង់ការ ជឿទុកចិត្តគ្នាដែលបន្ថែមន័យសង្កត់ទៅលើទំនាក់ទំនងក្របខណ្ឌដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។ សួរ ថា មានហេតុផលអ្វីដែលបណ្ដាលឱ្យសម្ព័ន្ធភាពកម្ពុជានិងចិនកាន់តែស្អិតរមួតវេញចូលគ្នាជាធ្លុងមួយបែប នេះ? គឺថាហេតុផលមួយក្នុងចំណោមហេតុផលដ៏វិជ្ជមានជាច្រើនដែលគួរឱ្យកត់សសម្គាល់នោះ គឺដូចអ្វី ដែលសម្តេចតេជោបានលើកឡើងថា “នេះជាគោលនយោបាយក្រៅប្រទេស បើនិយាយជារួមគឺរបស់ គណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស ដែលមានកុងសង់ស៊ីសខាងនយោបាយក្នុងទំនាក់ទំនងជាមួយ សាធារណរដ្ឋប្រជាមានិតចិន។

បញ្ហាកម្ពុជាបានទទួលផលនៅក្នុងក្របខណ្ឌនេះ វាមិនមែនដាច់ដោយ ឡែកពីក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលមានពីមុនមកនៅក្នុងក្របខណ្ឌដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយផង នៅក្នុងក្របខណ្ឌអាស៊ានចិនផង ហើយជាពិសេសនោះគឺនៅក្នុងក្របខណ្ឌនៃគំនិត ផ្តួចផ្តើម“ខ្សែក្រវាត់និងផ្លូវ” ព្រមទាំងផ្លូវសូត្រសមុទ្រសត្សវត្សទី២១ផងដែរ”។

ដោយសារមិត្តភាពវេញចូល គ្នាជាធ្លុងមួយរវាងចិននិងកម្ពុជានេះ កាន់តែរឹងមាំនិងលេចធ្លោកាន់តែខ្លាំងនៅលើឆាកអន្តរជាតិ ពីមួយ ដំណាក់កាលទៅមួយដំណាក់កាល បានធ្វើឱ្យមានមនុស្សដែលមើលមកកម្ពុជាក្នុងក្រសែភ្នែកមិនត្រឹមត្រូវ មួយចំនួនឈ្ងោកឆ្ងល់យ៉ាងខ្លាំង ដោយគេភ្លេចគិតថាសន្ដានចិត្តជាមិត្តល្អពិតប្រាកដ មិនមែនស្ដែងឡើង ត្រឹមតែពាក្យសម្ដីនោះទេគឺត្រូវផ្សារភ្ជាប់នឹងការអនុវត្តផងដែរ ហើយកន្លងមកក៏មានជាឧទាហរណ៍ដែល យើងទាំងអស់គ្នាបានមើលឃើញយ៉ាងប្រត្យក្សស្រាប់ហើយថា មិត្តចិនពិតជាបានជួយជ្រោមជ្រែងកម្ពុជា យើងច្រើនសម្បើមដោយស្មោះសយ៉ាងពិតប្រាកដ ដោយមិនបានគិតថា កម្ពុជាយើងជាប្រទេសតូចតាច ជាប្រទេសក្រីក្រនោះទេ ហើយតែងតែផ្ដល់តម្លៃនិងកិត្តិយស ស្មើមុខស្មើមាត់ជាមួយគ្នា ដែលទង្វើនេះត្រូវ បានសម្តេចតេជោ ហ៊ុន សែន សម្តែងនូវការគោរពនិងកោតសរសើរចំពោះទឹកចិត្តរបស់ចិនយ៉ាងខ្លាំង។

អ្វីដែលអាចពញាក់ស្មារតីយើងនិងអាចយកជាគតិក្នុងការពិចារណានោះ គឺឃ្លាប្រយោគសម្ដេចដែលបាន លើកឡើងថា“តើកម្ពុជាខាតបង់អ្វីដែលកសាងមិត្តជាមួយចិនដែលមានប្រជាជន១៤០០លាននាក់ ខណៈ ដែលប្រទេសកម្ពុជាមានតែ ១៦លាននាក់នេះ!”។

ក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋចិន ក៏បានសម្ដែងនូវទឹកចិត្តសោមនស្សរីករាយ យ៉ាងខ្លាំងផងដែរ ដែលបានចូមរួមមកធ្វើជាអធិបតីក្នុងពិធីប្រគល់-ទទួលជាផ្លូវការនូវពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលជាជំនួយរបស់ប្រទេសចិន ហើយដែលត្រូវបានចំណាយថវិកាសាងសង់ប្រមាណ ១៦០ លានដុល្លារអាមេរិក និងចំណាយពេលសាងសង់អស់រយៈពេលជាង៤ឆ្នាំ ហើយឯកឧត្តមសង្ឃឹម ថា “ប្រជាជននិងកីឡាករកម្ពុជាអាចហាត់ប្រាណ ហាត់កីឡាកាន់តែច្រើននៅក្នុងពហុកីឡដ្ឋានជាតិនេះ ហើយក៏សង្ឃឹមថា ក្រុមកីឡាករកីឡាការិនីកម្ពុជានឹងទទួលបានមេដាយមាសច្រើនជាងគេនៅក្នុងស៊ីហ្គេម ឆ្នាំ២០២៣”នេះ។

អ្វីដែលយើងមើលឃើញដោយជាក់ច្បាស់គឺថាសមិទ្ធផលនេះ អាចកើតឡើងបាន ដោយសារកិច្ចខិតខំប្រឹងប្រែងនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជានិងចិន ដែលសហការ គាំទ្រគ្នាទៅវិញទៅមក ក្រោមទិដ្ឋភាពឈ្នះឈ្នះទាំងអស់គ្នា ហើយបើតាមអ្វីដែលសម្ដេចតេជោលើកឡើង គឺសម្តេចមិននឹកស្មានថា ដោយសារទំនាក់ទំនងដែកថែបរវាងកម្ពុជានិងចិន ទទួលបានសមិទ្ធផលដ៏ អស្ចារ្យបែបនេះនោះទេ។ ហើយសម្ដេចក៏មានមោទនភាពយ៉ាងខ្លាំងផងដែរចំពោះសក្ខីកម្មនៃការទទួល បានជំនួយពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយរបស់ចិននេះ ដែលមិនមែនត្រឹមសម្ដេចជាអ្នក ផ្តួចផ្តើមនិងស្វះស្វែងរកជាមួយដៃគូឯកឧត្តមប្រធានាធិបតី ស៊ី ជីនភីង នោះទេ ប៉ុន្តែជាមោទនភាពរបស់ ប្រជាជនខ្មែរផងដែរ។ ហើយទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏សម្តេចនៅតែបន្តអនុវត្តគាំទ្រ នយោបាយចិនតែមួយជាដាច់ខាត។

រួមសេចក្ដីមក តាមរយៈសមិទ្ធផលដែលបានមកពីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយលើគ្រប់ វិស័យរវាងប្រទេសយើងទាំងពីរកម្ពុជានិងចិន ក៏ដូចជាស្មារតីនៃចំណងមិត្តភាពជាប្រពៃណីដែលមានជា យូរយារ ហើយបន្តមកដល់បច្ចុប្បន្នដែលកាន់តែខ្លាំងក្លានិងរឹងមាំ ដែលភាគីទាំងពីរបានផ្ដល់រហស្សនាម ថា“មិត្តដែកថែប”នោះ គឺគ្មានអ្វីដែលធ្វើឱ្យថ្នាក់ដឹកនាំក៏ដូចជាប្រជាជននៃប្រទេសទាំងពីរមានមន្ទិលនៅ ក្នុងចិត្តសោះឡើយចំពោះមិត្តភាពដ៏ផូរផង់នេះ ហើយតាមរយៈលទ្ធផលជាវិជ្ជមានដ៏គួរឱ្យរំភើបនិង ស្ញប់ស្ញែងនៃទំនាក់ទំនងរវាងប្រទេសទាំងពីរនេះ ត្រូវបានគេមើលឃើញថា ជាទំនាក់ទំនងទ្វេភាគីប្រកប ដោយមោទនភាពយ៉ាងក្រៃលែង ដែលសមដូចប្រសាសន៍សម្ដេចបានបញ្ជាក់ថា “មិត្តភាពដែកថែបកម្ពុជា ចិន គឺមានន័យថាមិត្តដែលទុកចិត្តគ្នា គ្មានពេលណារង្គោះរង្គើរវាងភាគីទាំងពីរនោះទេ ទោះបីត្រូវទទួល សំពាធពីអ្នកណាក៏ដោយ ដែលបន្ថែមន័យសង្កត់ទៅលើទំនាក់ទំនងក្នុងក្របខណ្ឌដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ”។ ជាសារចុងក្រោយ ក្នុងនាមប្រជាជនកម្ពុជាក៏ដូចជាក្នុងនាមសម្ដេច សម្ដេចក៏បានជូនពរឱ្យ ទំនាក់ទំនងកម្ពុជាចិនស្ថិតស្ថេរជាអមតៈ៕ ដោយលោក ប៉ាង រតនា មន្រ្តីស្រាវជ្រាវនៃវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner