ការប្រែប្រួលអាកាសធាតុអាចរុញច្រានមនុស្សជាង ២០០លាននាក់ឱ្យផ្លាស់ប្ដូរទីលំនៅក្នុងរយៈពេលបីទសវត្សន៍ខាងមុខ
ការប្រែប្រួលអាកាសធាតុអាចរុញច្រានមនុស្សជាង ២០០លាននាក់ឱ្យផ្លាស់ប្ដូរទីលំនៅក្នុងរយៈពេលបីទសវត្សន៍ខាងមុខ លុះត្រាតែមានវិធានការបន្ទាន់ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងពិភពលោក និងកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ។
អនុតំបន់សាហារ៉ាអាហ្វ្រិកជាតំបន់ងាយរងគ្រោះបំផុត ដោយសារតំបន់នេះជាតំបន់វាលខ្សាច់ និងឆ្នេរសមុទ្រដែលងាយនឹងបាក់ស្រុត ហើយប្រជាជនពឹងផ្អែកលើវិស័យកសិកម្មខ្លាំង។ តំបន់នេះនឹងមានជនចំណាកស្រុកច្រើនជាងគេ រហូតដល់ទៅ ៨៦លាននាក់ដែលនឹងបម្លាស់ទីពីកន្លែងមួយទៅកន្លែងមួយក្នុងតំបន់។
រីឯតំបន់អាហ្វ្រិកខាងជើងត្រូវបានគេព្យាករណ៍ថា នឹងមានជនចំណាកស្រុកជាង ១៩លាននាក់ផ្លាស់ទីលំនៅ ដែលចំនួននេះស្មើនឹង ៩%នៃប្រជាជនរបស់ខ្លួន ដោយសារតែកង្វះខាតទឹកកាន់តែកើនឡើងនៅប្រទេសទុយនីស៊ី ប្រទេសអាល់ហ្សេរី និងប្រទេសម៉ារ៉ុកជាដើម។
ដោយឡែកនៅអាស៊ីខាងត្បូង បង់ក្លាដែសនឹងត្រូវរងផលប៉ះពាល់ជាពិសេសដោយសារទឹកជំនន់ និងភាពបរាជ័យក្នុងការដាំដំណាំ។ ជនចំណាកស្រុកនឹងមានចំនួនស្ទើរតែពាក់កណ្តាលនៃជនចំណាកស្រុកសរុប ១៩,៩លាននាក់។
ប្រភព៖ AP News


