សម្ដេចតេជោ បញ្ជាក់ថា មិនមានអ្វីប្លែកក្នុងខ្លួននោះឡើយ បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី៣ ជាង ១០ម៉ោងមកនេះ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា សុខភាពរបស់សម្ដេចល្អណាស់ ក្រោយពេលចាក់វ៉ាក់សាំងប្រមាណជា១០ម៉ោងមកនេះ។ សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានបញ្ជាក់បែបនេះ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១។ សម្ដេចបញ្ជាក់ដូច្នេះថា៖បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី៣ ឬដូសជម្រុញ រយៈពេល១០ម៉ោងកន្លងមកនេះ សុខភាពខ្ញុំល្អណាស់ មិនមានអ្វីប្លែកក្នុងខ្លួននោះឡើយ។ ខ្ញុំនៅធ្វើការដោយពិនិត្យនិងចុះហត្ថលេខាលើឯកសារជាធម្មតា។
សម្ដេចតេជោ បានបន្តថា អ្វីដែលខុសពីធម្មតា គឺគ្រូពេទ្យមិនយល់ព្រមឱ្យខ្ញុំហាត់ប្រាណតាមការស្នើសុំរបស់ខ្ញុំ។ ខ្ញុំត្រូវស្តាប់គ្រូពេទ្យដោយរង់ចាំហាត់ប្រាណនៅថ្ងៃស្អែកវិញ។ សម្ដេចបន្តទៀតថា ចំណែកភរិយាខ្ញុំ កាន់តែប្រសើរ ព្រោះក្រោយការចាក់វ៉ាកសាំងភ្លាម គាត់ធ្វើដំណើរទៅសែនឱ្យឪពុក ម្តាយ ជីដូនជីតា ព្រោះថ្ងៃនេះជាថ្ងៃសីល ។
សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះរូបភាពនៅលើទំព័ហ្វេសប៊ុកផ្ទាល់របស់សម្ដេច នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ និងបានមានប្រសាសន៍ថា៖ ថ្ងៃនេះ បានចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ជាមួយភរិយាជាទីស្រឡាញ់ ។ (តែពីរនាក់បានហើយយាយនិងតា) ។
នៅទូទាំងប្រទេសចាក់ដូសទី៣ ឬដូសជំរុញបាន ប្រមាណជិត ៧៨ម៉ឺននាក់រួចទៅហើយ។ យើងនឹងបន្តការចាក់ដូសទី៣ ឱ្យបានគ្រប់ៗគ្នា សម្រាប់បងប្អូន ដែលបាន ចាក់ដូសទី១ និងដូសទី២ រួចរាល់ទៅតាមពេលវេលាដែលត្រូវចាក់ ដោយគិតពីដូសទី២ ទៅដូសទី៣ ក្នុងរយៈពេលពី៤ ទៅ ៦ខែ ៕ ដោយវណ្ណលុក



