កូរ៉េខាងត្បូង៖ កូរ៉េខាងជើងធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគពីរគ្រាប់ ធ្លាក់ចូលក្នុងតំបន់ដែនទឹកខាងកើត
សេអ៊ូល៖ យោធាកូរ៉េខាងត្បូងនៅថ្ងៃពុធនេះអះអាងថា កូរ៉េខាងជើងបានធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគចំនួនពីរគ្រាប់ ធ្លាក់ចូលក្នុងតំបន់ដែនទឹកខាងកើត ។ យោធាកូរ៉េខាងត្បូងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មីស៊ីលបាលិស្ទិកចំនួនពីរគ្រាប់ដែលមិនស្គាល់អត្តសញ្ញាណនេះ ត្រូវបានបាញ់សាកល្បងនៅព្រឹកថ្ងៃពុធនេះ ចេញពីតំបន់ភាគកណ្តាលប្រទេសកូរ៉េខាងជើង ឆ្ពោះទៅកាន់តំបន់ដែនទឹកខាងកើត។
យោធាកូរ៉េខាងត្បូងបន្ថែមថា មកទល់ពេលនេះ ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបាននិងកំពុងធ្វើការវិភាគព័ត៌មានលំអិតបន្ថែមទៀត។ បន្ថែមលើនេះ យោធាកូរ៉េខាងត្បូងក៏បានធ្វើការរឹតបន្តឹងយាមកាម និងឃ្លាំមើលផងដែរ ស្របពេលមានការសហការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ដើម្បីរក្សាឥរិយាបថត្រៀមខ្លួនអោយបានពេញលេញ។ ការបាញ់សាកល្បងមីស៊ីលចុងក្រោយនេះបានកើតមានឡើងបន្ទាប់ពីកូរ៉េខាងជើងបានធ្វើតេស្តដោយជោគជ័យនូវគ្រាប់មីស៊ីលចង្អុលប្រាប់ទិសក្នុងរយៈចម្ងាយឆ្ងាយ គ្រូសមីស៊ីល (cruise missile) កាលពីថ្ងៃអាទិត្យកន្លងទៅ។
បើតាមសារព័ត៌មានកូរ៉េខាងជើង KCNA នោះ គ្រាប់មីស៊ីលដែលអាចមានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរខាងលើនេះ បានហោះហើរក្នុងរយៈចម្ងាយរហូតដល់ទៅ ១ពាន់៥រយគីឡូម៉ែត្រ រួចទើបបុកចំគោលដៅទៅតាមការកំណត់ ហើយក៏បានធ្លាក់ទៅក្នុងដែនសមុទ្រប្រទេសកូរ៉េខាងជើង៕ ប្រភព៖ ស៊ីនហួរ


