តើរដ្ឋមន្ត្រីការពារជាតិរុស្សីអាចជាអ្នកស្នងដំណែងពីលោកពូទីនដែរ ឬទេ?

បើ​ទោះ​បី​ជា​លោក​វ្ល៉ាឌីមៀរ ពូទីន​បាន​ជាប់​ឆ្នោត​អាណត្តិ​ប្រធានាធិបតី​ដំបូង​តាំង​ពី​ឆ្នាំ​២០០ក៏​ដោយ​ ក៏​បច្ចុប្បន្ន​នេះ​លោក​កំពុង​កាន់​អំណាច​ក្នុង​អាណត្តិ​ទី​ «សូន្យ»​ បន្ទាប់​ពី​ការ​អនុម័ត​ច្បាប់​ថ្មី​មួយ កាល​ពី​ឆ្នាំ​មុនដែល​ «លុប​បំបាត់» អាណត្តិ​បី​មុន​ និង​អាណត្តិ​បច្ចុប្បន្ន​របស់​លោក ហើយ​អនុញ្ញាត​ឱ្យ​លោក​ជៀស​វាង​ការ​កំណត់​ចំនួន​អាណត្តិ​របស់​រដ្ឋធម្មនុញ្ញ​រុស្សី​។

ខណៈ​ពេល​ដែល​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០២៤ ​កាន់​តែ​ខិត​ជិត​ លោក​ពូទីន​បាន​និយាយ​ថា​លោក​នៅ​តែ​កំពុង​ពិចារណា​ថា​តើ​គួរ​ឈរ​ឈ្មោះ​សម្រាប់​អាណត្តិ​ទី​ «មួយ» របស់​លោក​ដែរ​ ឬ​ទេ​ ដែល​ជាក់ស្ដែង​ជា​អាណត្តិ​ទី​ប្រាំ​របស់​លោក​។

កាល​ពី​ចូល​កាន់​អំណាច​ដំបូង​លោក​ពូទីន​បាន​បញ្ចាំង​រូបភាព​ថា​លោក​គឺ​ជា​មេដឹកនាំ​វ័យក្មេង​ពោរពេញ​ទៅ​ដោយ​កម្លាំង​ ដោយ​ចូល​រួម​ក្នុង​កីឡា និង​សកម្មភាព​នៅ​ខាង​ក្រៅ​ជា​ច្រើន​ ប៉ុន្តែ​នៅ​ខែ​តុលា​ខាង​មុខ​នេះ​លោក​នឹង​មាន​អាយុ​ ៦៩​ឆ្នាំ​ ដែល​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​មាន​ចម្ងល់​ថា​តើ​នរណា​គេ​អាច​ស្នង​ដំណែង​ពី​លោក​ពូទីន​បាន​ ហើយ​នៅ​ពេល​ណាដែរ​​។

អ្នក​វិភាគ​គាំទ្រ​លោក​ពូទីន​បាន​បដិសេធ​មិន​បញ្ចេញ​មតិ​របស់​ពួកគេ​ជុំវិញ​អត្តសញ្ញាណ​បេក្ខជន​អាច​ស្នង​ដំណែង​ពី​លោក​ពូទីន​។

ប្រធាន​មជ្ឈមណ្ឌល​ព័ត៌មាន​នយោបាយ​ លោក​អាឡិចស៊ី មុខិន​ ដែល​ជា​អ្នក​វិភាគ​មាន​មូលដ្ឋាន​ប្រចាំ​ការ​នៅ​​ក្រុង​មូស្គូ​ បាន​ប្រាប់​សារព័ត៌មាន​អាល់​ហ្សាហ្សីរ៉ា​ថា​៖ «ជា​ការ​ពិត​ណាស់ ខ្ញុំ​បាន​សរសេរ​អំពី​ពួកគេ​នៅ​ក្នុង​ឯកសារ​សម្ងាត់​ ហើយ​មនុស្ស​ជា​ច្រើន​ក៏​បាន​ធ្វើ​ដែរ ប៉ុន្តែ​ការ​បញ្ចេញ​ឈ្មោះ​ពួកគេ​ជា​សាធារណ​ គឺ​ជា​ការ​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ពួកគេ​ ដោយ​គ្មាន​អ្វី​កើត​ឡើង​»​។

លោក​និយាយ​ថា​បញ្ជី​ឈ្មោះ​អ្នក​ដែល​អាច​ស្នង​ដំណែង​ នឹង​ត្រូវ​ប្រកាស​ជា​សាធារណៈ​​ បន្ទាប់​ពី​ការ​ចូល​និវត្ត​ ឬ​មរណភាព​របស់​លោក​ពូទីន​។ លោក​និយាយ​ថា​៖ «វា​មិនមែន​អំពី​លោក​ពូទីន​ទេ វា​គឺ​​អំពី​មនុស្ស​ដែល​ចាប់​អារម្មណ៍​ក្នុង​ការ​រក្សា​បញ្ជី​ឈ្មោះ​ទាំង​នេះ​រហូត​ដល់​ម៉ោង X​»។

សកម្មជន​បក្ស​ប្រឆាំង​លោក​ស៊ែហ្គេ​ ប៊ីហ្សីគីន​ បាន​និយាយ​ថា​៖ «លោក​ពូទីន​គឺ​ជា​មនុស្ស​មាន​ការ​សង្ស័យ​ និង​ការ​សម្ងាត់​ច្រើន​។ បើ​ទោះ​បី​ជា​គាត់​បាន​ជ្រើស​រើស​នរណា​ម្នាក់​ជា​អ្នក​ស្នង​តំណែង​ក៏​ដោយ ក៏​គាត់​នឹង​មិន​លាតត្រដាង​ឱ្យ​ដឹង​មុន​ទេ​»​។ លោក​បន្ត​ទៀត​ថា​លោក​ពូទីន​នឹង​មិន​បោះបង់​អំណាច​ដោយ​ងាយ​ៗ​ទេ​ ដរាបណា​លោក​នៅ​មាន​ជីវិត​។

ក្រោម​ការ​គ្រប់គ្រង​របស់​លោក​ពូទីន​គ្មាន​អ្នក​នយោបាយ​ប្រឆាំង​ណាមួយ​មាន​សមត្ថភាព​ និង​ប្រជាប្រិយភាព​គ្រប់​គ្រាន់​ដើម្បី​ប្រកួត​ប្រជែង​ជា​មួយ​លោក​បាន​ទេ​។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ បេក្ខជន​អាច​ស្នង​តំណែង​ជា​ច្រើន​ ត្រូវ​បាន​ដក​ចេញ​ពី​អំណាច​ ហើយ​ឱ្យ​ទៅ​កាន់​តំណែង​ដែល​មិន​សូវ​ពាក់ព័ន្ធ​នឹង​នយោបាយ​រុស្សី​​។

នៅ​ពេល​ដែល​លោក​ពូទីន ​ឈាន​ដល់​ដែន​កំណត់​អាណត្តិ​ទី​ពីរ​កាល​ពី​ឆ្នាំ​ ២០០៨ លោក​បាន​ចាក​ចេញ​ពី​តំណែង​ ហើយ​បាន​ជ្រើស​រើស​អ្នក​ក្រោម​បង្កាប់​ជា​យូរ​ឆ្នាំ​គឺ​លោក​ឌីមីទ្រី មេដវេដេវ​ ជា​អ្នក​ស្នង​ដំណែង​បណ្ដោះ​អាសន្ន​ ខណៈ​ពេល​លោក​ពូទីន​មក​កាន់​តំណែង​នាយករដ្ឋមន្ត្រី​ជា​បណ្ដោះ​អាសន្ន​វិញ​។

លោក​ពូទីន​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ម្ដង​ទៀត​នៅ​ឆ្នាំ​ ២០១២ ហើយ​បាន​តែងតាំង​លោក​មេដវេដេវ​ជា​នាយករដ្ឋមន្ត្រី​។ ប៉ុន្តែ​កាល​ពី​ឆ្នាំ​មុន​លោក​ពូទីន​ បាន​រំសាយ​រដ្ឋាភិបាល​របស់​លោក​មេដវេដេវ​ ហើយ​តែងតាំង​លោក​ជា​អនុប្រធាន​ក្រុម​ប្រឹក្សា​សន្តិសុខ ដែល​ជា​តំណែង​មិន​សូវ​មាន​អំណាច​ក្នុង​នយោបាយ​រុស្សី​។

ឥឡូវ​នេះ​ អ្នក​វិភាគ​មួយ​ចំនួន​បាន​យល់​ឃើញ​ថា​បេក្ខជន​ឈាន​មុខ​គេ​សម្រាប់​ការ​ស្នង​តំណែង​ពី​លោក​ពូទីន​ គឺ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​រុស្សី​លោក​នាយ​ឧត្ដមសេនីយ៍​ស៊ែហ្គេ​ សយហ្គូ ដែល​ជា​រដ្ឋមន្ត្រី​បម្រើ​ការ​បាន​យូរ​ជាង​គេ​របស់​រុស្សី និង​ជា​អ្នក​នយោបាយ​មាន​ប្រជាប្រិយភាព​ខ្ពស់​ជាង​គេ​បន្ទាប់​ពី​លោក​ពូទីន​។

លោក​សយហ្គូ​ មាន​លក្ខណៈ​ខុស​ប្លែក​ជា​ច្រើន​ពី​អ្នក​នយោបាយ​រុស្សី​ផ្សេង​ទៀត​។

បើ​ទោះ​បី​ឈ្មោះ​របស់​លោក​គឺ​ជា​ឈ្មោះ​របស់​រុស្សី​ចំ​ លោក​សយហ្គូ​គឺ​មក​ពី​ក្រុម​ជនជាតិ​ភាគតិច​ថូហ្វា (Tuva) ដែល​និយាយ​ភាសា​អម្បូរ​តួកគី កាន់​សាសនា​ព្រះពុទ្ធ​ ហើយ​មាន​ដើម​កំណើត​នៅ​តំបន់​ព្រំដែន​ជាប់​ជាមួយ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​ចិន​។

លោក​បាន​ចាប់​ផ្ដើម​លេច​ធ្លូ​ក្នុង​ផ្ទៃ​នយោបាយ​រុស្សី​កាល​ពី​ទសវត្ស​ នៅ​ពេល​ដែល​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួង​ស្ថានការណ៍​គ្រាអាសន្ន​ ដែល​ទទួល​បន្ទុក​គ្រប់គ្រង​គ្រោះ​មហន្តរាយ​។ លោក​បាន​ធ្វើ​ឱ្យ​ក្រសួង​នេះ​ដំណើរ​ការ​ដោយ​ប្រសិទ្ធភាព ដោយ​ធ្វើ​កំណែ​ទម្រង់​រចនាសម្ព័ន្ធ​ឱ្យ​ដូច​កង​យោធា​។ ការ​បង្ហាញ​មុខ​របស់​លោក​ក្នុង​ការ​ជួយ​សង្គ្រោះ​មនុស្ស​នៅ​ក្នុង​គ្រោះ​មហន្ត ត្រាយ​នានា​ បាន​ធ្វើ​ឱ្យ​ប្រជាប្រិយភាព​របស់​កើន​យ៉ាង​ខ្លាំង​។

លោក​ត្រូវ​បាន​តែង​តាំង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កាល​ពី​ឆ្នាំ​ ២០១២ ហើយ​លោក​បាន​ដឹកនាំ​សមិទ្ធផល​ធំ​ៗ​របស់​រុស្សី​ដូចជា​ការ​កាត់​យក​ឧបទ្វីប​គ្រីមៀរ​ពី​អ៊ុយក្រែន​ និង​ការ​ជួយ​អន្តរាគមន៍​ក្នុង​សង្គ្រាម​ស៊ីវិល​ប្រទេស​ស៊ីរី​។

មុន​ការ​បោះឆ្នោត​សភា​រុស្សី​នៅ​ពាក់​កណ្ដាល​ខែ​នេះ​ លោក​ពូទីន​បាន​តែងតាំង​លោក​សយហ្គូ​ជា​តំណាង​មុខ​មាត់​របស់​គណបក្ស​លោក​។ ក្នុង​ការ​ចុះ​ផ្សាយ​តាម​ទូរទស្សន៍​រុស្សី គេ​តែងតែ​បង្ហាញ​ភាព​ជិត​ស្និត​រវាង​បុរស​ទាំង​ពីរ​រូប​នេះ ដែល​ជា​សញ្ញា​មួយ​បង្ហាញ​ថា​លោក​ពូទីន​អាច​ជ្រើសរើស​លោក​សយហ្គូ​ជា​អ្នក​ស្នង​ដំណែង​ពី​លោក​៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner