រដ្ឋមន្រ្តីក្រសួងបរិស្ថាន និង ទូតអូស្រ្តាលីពិភាក្សាកិច្ចសហប្រតិបត្តិការវិស័យបរិស្ថានពិសេស ការផលិតថាមពលនិងការគ្រប់គ្រងធនធានទឹក
រាជធានីភ្នំពេញ៖ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា បានជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការវិស័យបរិស្ថាន រវាងប្រទេសទាំង២ ជាពិសេស ការផលិតថាមពលនិងការគ្រប់គ្រងធនធានទឹក និង ការកំណត់ជំហររបស់កម្ពុជាសម្រាប់កិច្ចប្រជុំកំពូលលើកទី២៦នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26)។
ថ្លែងក្នុងជំនួបដែលបានប្រព្រឹត្តិឡើងនៅរសៀល ថ្ងៃ ទី១៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងបរិស្ថានបានមានប្រសាសន៍ថា សុខ សន្តិភាព និងស្ថេរភាពនយោបាយគឺជាកត្តាសំខាន់ដែលធ្វើឲ្យកម្ពុជាមានឱកាសគិតគូរអំពីការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។
ជាមួយគ្នាឯកឧត្តមក៏បញ្ជាក់ដែរថាបេសកកម្មសំខាន់របស់ក្រសួងបរិស្ថានផ្តោតលើ កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់ដោយចីរភាព។ សម្រាប់កម្ពុជា រាជរដ្ឋាភិបាលបានរៀបចំ ផែនការជាយុទ្ធសាស្រ្ត សម្រាប់រយៈពេលវែង ស្តីពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធសង្គម សេដ្ឋកិច្ច ក្នុងនោះក៏មានការគិតគូរអំពីប្រភពថាមពលនាពេលអនាគតផងដែរ។
ឯកឧត្តមបានលើកឡើងដោយបញ្ជាក់បន្ថែមជុំវិញបញ្ហានេះដែរថាប្រទេសចិនកំពុងបញ្ឈប់ការផ្តល់មូលនិធិសម្រាប់គម្រោងបង្កើតថាមពលអគ្គិសនីមកពីធ្យូងថ្ម បច្ចុប្បន្នពិភពលោកកំពុងតែផ្លាស់ប្តូរទៅរកការប្រើប្រាស់ថាមពលកកើតឡើងវិញ និងថាមពលស្អាត ហើយកម្ពុជាក៏កំពុងសិក្សាអំពីលទ្ធភាពនៃប្រភពថាមពលផងដែរ។
ដោយឡែក ទាក់ទងនឹងជំហររបស់កម្ពុជាសម្រាប់ COP26វិញ ឯកឧត្តមរដ្ឋមន្ត្រីឱ្យដឹងថាយើងកំពុងរៀបចំជំហរកម្ពុជាដើម្បីសុំគោលការណ៍សម្រេចពីសម្តេចតេជោនាយករដ្ឋមន្ត្រី ជាមួយគ្នានេះដែរ កម្ពុជាកំពុងតែរៀបចំផែនការយុទ្ធសាស្រ្តរយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូននិងសង្ឃឹមថានឹងបញ្ចប់នៅមុន COP26។
ដោយឡែក ឯកឧត្តម ឯកអគ្គរដ្ឋទូតអូស្រ្តាលី បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការជាមួយប្រទេសតាមដងទន្លេមេគង្គ ដោយផ្តោតសំខាន់លើការបង្កាត់ពូជស្រូវ ដែលបញ្ចេញកាបូនតិច ការបង្កាត់ពូជត្រី ប្រព័ន្ធធារាសាស្រ្ត គ្រោះទឹកជំនន់ និងយន្តការបន្ថយការបំពុលប្លាស្ទីកនៅក្នុងសមុទ្រ ។
បន្ថែមលើសពីនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានពិភាក្សាអំពីការរៀបចំឯកសារ គោលនយោបាយ និងសេចក្តីប្រកាសពាក់ព័ន្ធ សម្រាប់ត្រៀមសន្និសីទ លើកទី២៦ នៃភាគីអនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុផងដែរ៕ដោយ៖ម៉ាដេប៉ូ