កិច្ចប្រជុំស្តីពី វឌ្ឍនភាពការងារ របស់ស្ថានតំណាងពាណិជ្ជកម្ម ប្រចាំនៅបរទេស

ភ្នំពេញ៖ នាថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំស្តីពី វឌ្ឍនភាពការងារ របស់ស្ថានតំណាងពាណិជ្ជកម្ម ប្រចាំនៅបរទេស តាមរយៈប្រព័ន្ធវីដេអូ Zoom ដែលមានការចូលរួមពី ឯកឧត្តមអគ្គនាយក លោកអគ្គនាយករង ជំរុញពាណិជ្ជកម្ម ឯកឧត្តម លោក-លោកស្រី ទីប្រឹក្សា-អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅក្រៅប្រទេស ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នៃនាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ ។

ឯកឧត្តម កៅ កោសល អគ្គនាយកជំរុញពាណិជ្ជកម្ម បានមានមតិ ពីព្រឹត្តិការណ៍ដែលកើតឡើងថ្មីៗ និងសកម្មភាពថ្មីៗ ដែលក្រសួងកំពុងអនុវត្ត ដូចជាការបង្កើតក្រុមការងារចំនួន ០៩ ដើម្បីជំរុញការនាំចេញ ផលិតផលកម្ពុជាទៅក្រៅប្រទេស ដែលក្នុងក្រុមការងារនោះ ក៏មានសមាសភាពតំណាងពាណិជ្ជកម្ម នៅក្រៅប្រទេស ដែលមានភារកិច្ច សហការស្វែងរកបញ្ជីឈ្មោះអ្នកទិញ (Buyers List) នៅក្រៅប្រទេស ផ្ញើមកនាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ ដើម្បីនាយកដ្ឋានអភិវឌ្ឍន៍ទីផ្សាររៀបចំបញ្ជីឈ្មោះអ្នកផ្គត់ផ្គង់ (Suppliers List) ។

ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមានមតិ ណែនាំដល់ស្ថានតំណាងពាណិជ្ជកម្មក្រៅបរទេស ឱ្យបំពេញតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីជំរុញការនាំចេញ ផលិតផលខ្មែរទៅក្រៅប្រទេស ។

ឯកឧត្តមបានបញ្ជាក់ថា ដោយសារមានបញ្ហាទីផ្សារ និងកកស្ទះការនាំចេញកសិផល ទើបក្រសួងពាណិជ្ជកម្ម ខិតខំរៀបចំបង្កើតផ្សារអន-ឡាញ ដើម្បីឱ្យអាជីវករ ផលិតករ អាចដាក់លក់ទំនិញរបស់ខ្លួន ក្រោមការគ្រប់គ្រង និងសម្របសម្រួលពីក្រសួងពាណិជ្ជកម្ម និងបានបង្កើតក្រុមការងារ ដោះស្រាយបញ្ហាប្រឈម និងជំរុញការលក់ផលិតផលខ្មែរនៅក្នុងប្រទេស និងការនាំចេញទៅលក់ក្រៅប្រទេស ។

ឯកឧត្តម ក៏បានផ្តល់ឱកាសដល់ ឯកឧត្តម លោក-លោកស្រី ជាទីប្រឹក្សា-អនុព័ន្ធពាណិជ្ជកម្ម ដើម្បីមានមតិ ព្រមទាំងលើកឡើងនូវសំណូមពរ ក៏ដូចជាបញ្ហានានាៗ ដែលបាន និងកំពុងកើតមានឡើង រួមមាន៖ការលំបាកក្នុងការនាំផលិតផលខ្មែរ ទៅទីផ្សារក្រៅប្រទេស ថ្លៃដឹកជញ្ជូនខ្ពស់ គុណភាពតម្លៃ និងការវេចខ្ចប់របស់ផលិតផល-ខ្មែរ ការខ្វះខាតឯកសារផ្សព្វផ្សាយ ។ល។

ឯកឧត្តម ស៊ាង ថៃ សង្ឈឹមថា ឯកឧត្តម លោក-លោកស្រី ជាទីប្រឹក្សា-អនុព័ន្ធពាណិជ្ជកម្មទាំងអស់ នឹងខិតខំបំពេញភារកិច្ចរបស់ខ្លួនបន្ថែមទៀត ស្របតាមការណែនាំរបស់ក្រសួងពាណិជ្ជកម្ម និងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសដែលខ្លួនតាំងនៅ ដើម្បីបំពេញភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងផ្តល់លទ្ធផលគាប់ប្រសើរ ជូនក្រសួង និងប្រទេសជាតិ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner