ខ្ញុំបានធ្វើច្រើនណាស់ហើយក្នុងរឿងបង្រួបបង្រួមជាតិ តែពួកក្បត់ជាតិវាមិនយល់អំពីការបង្រួបបង្រួមជាតិទេ
ខ្ញុំបានធ្វើច្រើនណាស់ហើយក្នុងរឿងបង្រួបបង្រួមជាតិ តែពួកក្បត់ជាតិវាមិនយល់អំពីការបង្រួបបង្រួមជាតិទេ។ ពេលនេះគ្មានរឿងនយោបាយដែលត្រូវដោះស្រាយដោយការចចារនោះទេ។ អ្វីដែលត្រូវធ្វើគឺអ្នកមានទោសត្រូវជាប់គុក ២/៣សិន ចាំគិតដល់ការលើកលែងទោស ឬបន្ធូរបន្ថយទោស។
សម្រាប់ដំណើរការនយោបាយយើងបាន និងកំពុងឈានទៅបោះឆ្នោតឃុំសង្កាត់២០២២ និងបោះឆ្នោតថ្នាក់ជាតិ២០២៣ ដោយមានការចូលរួមពីបក្សនយោបាយ ទាំងគណបក្សចាស់ និងគណបក្សដែលទើបបង្កើតថ្មីយ៉ាងច្រើន។ សូមកុំយល់ខុសថា ខ្ញុំចូលក្នុង Zoom ជាមួយបងប្អូនថ្ងៃមុនថាជាការផ្តល់សញ្ញាសម្រាប់ការចចារឱ្យសោះ តែការចូលទៅនោះចង់ជូនសារទៅក្រុមឧទ្ទាមឱ្យភ្លឺភ្នែកថា នៅកន្លែងណាក៏មានមនុស្សរបស់ ហ៊ុន សែន ដែរ។ សូមប្រុងប្រយ័ត្នកុំធ្វើសកម្មភាពណាមួយប្រឆាំងជាមួយផលប្រយោជន៍ជាតិ។
សូមឈប់ស្រមើស្រមៃថា បក្សដែលតុលាការរំលាយនឹងរស់ឡើងវិញ។ សូមឈប់ស្រមើស្រមៃថា ហ៊ុន សែននឹងលើកលែងទោសឱ្យ ឬហ៊ុន សែន នឹងបើកការចចាររកដំណោះស្រាយនយោបាយ។ សូមឈប់ស្រមើស្រមៃថា ហ៊ុន សែន ខ្លាចអន្តរជាតិ។ល។
សង្ឃឹមថាការបកស្រាយនេះនឹងធ្វើឱ្យអ្នកវិភាគល្ងង់ទូ និងអ្នករង់ចាំការយោគយល់ពី ហ៊ុន សែន បានភ្លឺស្វាងឡើងវិញបន្ទាប់ពីសន្លប់ធំអស់ប៉ុន្មានថ្ងៃក្រោយ Zoom។

✍🏽-SPM