ហេតុអ្វីបានជាសេដ្ឋកិច្ចចិនត្រូវបានគំរាមកំហែងដោយបញ្ហាបំណុលរបស់ក្រុមហ៊ុនអចលនទ្រព្យមួយ
នៅពេលម្ដងម្កាលក្រុមហ៊ុនឯកជនមួយអាចរីកចម្រើនដល់កម្រិតមួយ ដែលធ្វើឱ្យរដ្ឋាភិបាលមានការព្រួយបារម្ភថាការដួលរលំរបស់ក្រុមហ៊ុនដ៏ធំនេះអាចធ្វើឱ្យសេដ្ឋកិច្ចប្រទេសទាំងមូលដួលរលំតាម។ នៅប្រទេសចិនក្រុមហ៊ុននេះគឺក្រុមហ៊ុនអេវឺគ្រែន្ដ (Evergrande) ដែលជាក្រុមហ៊ុនអចលនទ្រព្យធំជាងគេទីពីររបស់ចិន។

ក្រុមហ៊ុនអេវឺគ្រែន្ដ គឺជាក្រុមហ៊ុនអចលនទ្រព្យជំពាក់បំណុលច្រើនជាងគេក្នុងពិភពលោក ដោយប្រឈមមុខនឹងបញ្ហាជាច្រើន ដូចជាការសងបំណុលប្រមាណ៣០០ពាន់លានដុល្លារ អគារលំនៅឋានរាប់រយដែលមិនទាន់សាងសង់រួច និងកំហឹងរបស់ម្ចាស់បំណុល និងដេប៉ូផ្គត់ផ្គង់ដែលបានបិទការដ្ឋានសាងសង់ជាច្រើន។
ក្រុមហ៊ុននេះបានស្ថិតក្នុងស្ថានភាពជួយសង្គ្រោះបន្ទាន់ជាច្រើនខែមកហើយ ប៉ុន្តែការរាយការណ៍ព័ត៌មានអវិជ្ជមានជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ បានពន្លឿនអ្វីដែលអ្នកជំនាញនិយាយថាមិនជៀសវាងបាន គឺការក្ស័យធន។
កាលពីថ្ងៃអង្គារ វិនិយោគិនរាប់រយនាក់ បានប្រមូលផ្ដុំគ្នានៅទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុននៅទីក្រុងសិនជិន ដើម្បីធ្វើការតវ៉ាទាមទារប្រាក់របស់ពួកគេមកវិញ។ នៅថ្ងៃដដែលក្រុមហ៊ុនអេវឺគ្រែន្តបានទទួលស្គាល់ថាពួកគេគឺស្ថិតក្រោមសម្ពាធហិរញ្ញវត្ថុយ៉ាងខ្លាំង ហើយបានជួលអ្នកជំនាញខាងរៀបចំរចនាសម្ព័ន្ធឡើងវិញ ដើម្បីស្វែងរកដំណោះស្រាយបញ្ហា។
ខណៈពេលដែលគ្រោះមហន្តរាយកាន់តែខិតជិត កាលពីថ្ងៃពុធសារព័ត៌មាន Bloomberg News បានរាយការណ៍ដោយផ្អែកទៅលើប្រភពដឹងពីស្ថានភាពផ្ទៃក្នុង ថានៅសប្ដាហ៍ក្រោយក្រុមហ៊ុនអេវឺគ្រែន្តនឹងមិនអាចបង់ការប្រាក់លើប្រាក់កម្ចីទាំង ៣០០ ពាន់លានដុល្លារបានទេ ហើយក៏អាចនឹងខកខានក្នុងការសងប្រាក់កម្ចីដើមសម្រាប់ការកម្ចីមួយ។
កាលពីថ្ងៃព្រហស្បតិ៍ អេវឺគ្រែន្ដបានធ្វើសំណើទៅកាន់និយតករចិន ដើម្បីផ្អាកការទិញលក់មូលបត្របំណុលរបស់ខ្លួនរយៈពេលមួយថ្ងៃ នៅទីផ្សារភាគហ៊ុននៃទីក្រុងសៀងហៃ និងសិនជិន។
បញ្ហារបស់ក្រុមហ៊ុនអេវឺគ្រែន្ដ បានធ្វើឱ្យមានការមិនទុកចិត្តចំពោះវិស័យអចលនទ្រព្យរបស់ចិន ដែលជាក្បាលម៉ាស៊ីននៃការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសនេះ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះបានបង្ហាញការអស់កម្លាំង។ បញ្ហារបស់អេវឺគ្រែន្ត ក៏បានធ្វើឱ្យធ្លាក់ចុះតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនអចលនទ្រព្យដទៃទៀតរបស់ចិន។
ក្រុមហ៊ុន ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ បានជិះលើរលកនៃការរីកចម្រើនវិស័យអចលនទ្រព្យរបស់ចិន ដែលបានធ្វើឱ្យទីក្រុងធំៗផុសឡើងនៅទូទាំងប្រទេស និងធ្វើឱ្យទ្រព្យសម្បត្តិជិតបីភាគបួននៃគ្រួសារចិននីមួយៗ ចងភ្ជាប់នៅក្នុងអចលនទ្រព្យ។ ស្ថានភាពបែបនេះបានធ្វើឱ្យក្រុមហ៊ុន អេវឺគ្រែន្ដ ក្លាយចំណុចកណ្ដាលនៃសេដ្ឋកិច្ចដែលពឹងផ្អែកលើទីផ្សារអចលនទ្រព្យសម្រាប់កំណើនសេដ្ឋកិច្ច។
ស្ថាបនិកក្រុមហ៊ុនអេវឺគ្រែន្ដលោកស៊ូ ជៀយីន គឺសមាជិកនៃសន្និសីទពិគ្រោះយោបល់នយោបាយប្រជាជនចិន ដែលជាក្រុមទីប្រឹក្សាមានទំនាក់ទំនងជិតស្និតជាមួយបក្សកុម្មុយនិស្តចិន។ តំណែងជាន់ខ្ពស់របស់លោកស៊ូ បានធ្វើឱ្យម្ចាស់បំណុលមានទំនុកចិត្តខ្ពស់លើក្រុមហ៊ុន ហើយធ្វើឱ្យពួកគេផ្ដល់ប្រាក់កម្ចីកាន់តែច្រើន។ អេវឺគ្រែន្ដបានប្រើប្រាស់ប្រាក់កម្ចីទាំងនេះ ដើម្បីរីកលូតលាស់ និងពង្រីកចូលវិស័យដទៃទៀត។ កាលពីដប់ឆ្នាំមុនក្រុមហ៊ុនអេវឺគ្រែន្តបានពង្រីកចូលវិស័យទឹកបរិសុទ្ធ វិស័យកីឡាបាល់ទាត់ វិស័យចិញ្ចឹមជ្រូក និងវិស័យរថយន្តអគ្គិសនី។
ប៉ុន្តែឥឡូវនេះក្រុមហ៊ុនអេវឺគ្រែន្តគឺមានបំណុលច្រើនជាងអ្វីដែលពួកគេអាចសងបាន ហើយបានក្លាយជាការគំរាមកំហែងដ៏ធំបំផុតដល់ធនាគារធំៗ ដែលបានផ្ដល់ប្រាក់កម្ចីឱ្យពួកគេ។
ខណៈពេលដែលក្រុមហ៊ុនអេវឺគ្រែន្ដអាចនៅបន្តប្រតិបត្តិការទៅមុខជាមួយបំណុលដ៏ធំនេះបាន កត្តាមួយចំនួនបានធ្វើឱ្យបញ្ហាកាន់តែស្មុគស្មាញ និងធ្វើឱ្យស្ថានការណ៍ដើរលឿនជាងមុន។
ចាប់ពីចុងខែកក្កដាមក និយតករចិនកំពុងបង្ក្រាបទម្លាប់ខ្ចីប្រាក់ដោយមិនប្រុងប្រយ័ត្នរបស់ក្រុមហ៊ុនអចលនទ្រព្យ។ ដោយមិនអាចខ្ចីប្រាក់បន្ថែមទៀតបាន ក្រុមហ៊ុនអេវឺគ្រែន្ដត្រូវបានបង្ខំឱ្យលក់ផ្នែកខ្លះនៃអាណាចក្រជំនួញដ៏ធំរបស់ខ្លួនដូចជាផ្នែកផលិតរថយន្តអគ្គិសនី ដើម្បីបង់ការប្រាក់ និងប្រាក់កម្ចីដើមនៃបំណុលចាស់។ ប៉ុន្តែពួកគេមិនបានជោគជ័យក្នុងការលក់ទាំងនេះទេ ដោយអ្នកជំនាញមួយចំនួនគិតថាអ្នកទិញនៅរងចាំរហូតដល់តម្លៃធ្លាក់ចុះ។
បន្ថែមពីលើនេះទៅទៀត ទីផ្សារអចលនទ្រព្យចិនគឺកំពុងធ្លាក់ចុះ ខណៈពេលដែលតម្រូវសម្រាប់គេហដ្ឋានថ្មីធ្លាក់ចុះ។ ចំណូលភាគច្រើនរបស់អេវឺគ្រែន្ត គឺបានមកពីការលក់គេហដ្ឋានក្នុងអគារអាផាតមិន ប៉ុន្តែចំណូលបានពីប្រភពនេះបានធ្លាក់យ៉ាងខ្លាំងបើប្រៀបធៀបទៅនឹងឆ្នាំមុន។ ពួកគេបានធ្វើការបញ្ចុះតម្លៃអាផាតមិន ប៉ុន្តែបានបរាជ័យក្នុងការទាក់ទាញអ្នកទិញថ្មី។
ឥឡូវនេះអេវឺគ្រែន្តមានគម្រោងមិនទាន់សាងសង់រួចរាល់ជាង ៨០០ គម្រោងនៅទូទាំងប្រទេសចិន ហើយមនុស្សជាង ១,២ លាននាក់កំពុងរងចាំចូលរស់នៅក្នុងអាផាតមិនទាំងនេះ។ អេវឺគ្រែន្តបានប្រឈមនឹងពាក្យបណ្ដឹងជាច្រើនពីអតិថិជនគេហដ្ឋាន ដែលបានរងចាំជាយូរអង្វែង ដើម្បីទទួលកម្មសិទ្ធិផ្ទះអាផាតមិនសង់មិនទាន់រួច។
ស្របពេលជាមួយគ្នានេះដែរអ្នកផ្គត់ផ្គង់គ្រឿងសំណង់បាននិយាយថាក្រុមហ៊ុនអេវឺគ្រែន្តជំពាក់បំណុលរាប់ពាន់លានដុល្លារ ហើយពួកគេបានសម្រេចឈប់ផ្គត់ផ្គង់គ្រឿងសំណង់ ធ្វើឱ្យការដ្ឋានជាច្រើនត្រូវបានបិទ។
ឥឡូវនេះគេកំពុងរងចាំមើលថានិយតករចិននឹងចាត់វិធានការបែបណាចំពោះវិបត្តិក្រុមហ៊ុនអេវឺគ្រែន្ត។ និយតករចិនបានប្ដេជ្ញាថានឹងបោសសម្អាតក្រុមហ៊ុន «គ្រាប់បែកបំណុល» ចេញពីទីផ្សាររបស់ចិនដោយមិនចាត់វិធានការជួយក្រុមហ៊ុនបែបនេះនៅពេលជួបបញ្ហាបំណុល ប៉ុន្តែការមិនជួយដោះស្រាយបញ្ហារបស់ក្រុមហ៊ុនអេវឺគ្រែន្តនឹងបង្កឱ្យមានកំហឹង និងការខាតបង់ក្នុងចំណោមម្ចាស់បំណុល វិនិយោគិន ម្ចាស់ផ្ទះ ដែលសរុបអាចមានចំនួនដល់រាប់លាននាក់។ កាលពីអតីតកាលបើទោះបីជាមានការប្ដេជ្ញាបែបនេះក៏ដោយ និយតករចិនចុងក្រោយនៅតែជួយក្រុមហ៊ុនធំៗដដែល។
អស់ជាច្រើនឆ្នាំមកហើយដែលវិនិយោគិនជាច្រើនបានផ្ដល់ប្រាក់ទៅឱ្យក្រុមហ៊ុនបែបនេះ ព្រោះពួកគេជឿជាក់ថានៅទីបញ្ចប់ទីក្រុងប៉េកាំងតែងតែចូលមកជួយសង្គ្រោះ ប្រសិនបើជួបបញ្ហាធំ។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនិយតករចិនបានបង្ហាញឆន្ទៈខ្ពស់ក្នុងការប្រលែងដៃឱ្យក្រុមហ៊ុនទាំងដួលរលំ ដើម្បីជួយកាត់បន្ថយវិបត្តិបំណុល។
យុទ្ធនាការមួយរបស់ធនាគារកណ្ដាលដើម្បីទប់ទល់នឹងបំណុលអចលនទ្រព្យ និងកាត់បន្ថយផលប៉ះពាល់លើវិស័យធនាគារ ត្រូវបានគេរំពឹងថាប្រព័ន្ធហិរញ្ញវត្ថុចិននឹងអាចទប់ទល់ផលប៉ះពាល់ពីការដួលរលំនៃក្រុមហ៊ុនអេវឺគ្រែន្ត។
ប៉ុន្តែភាពជាក់ស្ដែងអាចស្មុគស្មាញជាងនេះ។ ភាពស្លន់ស្លោ ពីវិនិយោគិន និងម្ចាស់គេហដ្ឋានក្រុមហ៊ុនអេវឺគ្រែន្ត អាចរីករាលដាលដល់ទីផ្សារអចលនទ្រព្យទាំងមូល វាយប្រហារទៅលើតម្លៃ និងប៉ះពាល់ដល់ទំនុកចិត្តលើទីផ្សារ ហើយប៉ះពាល់ខ្លាំងទៅលើទ្រព្យសម្បត្តិគ្រួសារចិននីមួយៗ ដែលភាគច្រើនជាវត្ថុអចលនទ្រព្យ។ ការដួលរលំក្រុមហ៊ុនអេវឺគ្រែន្ត អាចធ្វើឱ្យបាក់ទំនុកចិត្តលើសេដ្ឋកិច្ចរបស់ចិន ដែលធ្វើឱ្យការស្វែងរកការវិនិយោគទន់ពីបរទេសកាន់តែលំបាក៕